ឯកឧត្តម ហោ ណាំហុង លើកទឹកចិត្តឱ្យ កីឡាករ កីឡាការិនី រាំ គប្បីខិតខំហ្វឹកហាត់ឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីដណ្តើមយកមេដាយមកជូនជាតិ


ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តឱ្យ កីឡាករ កីឡាការិនី រាំ គប្បីខិតខំហ្វឹកហាត់ឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីដណ្តើមយកមេដាយមកជូនជាតិ ដែលជាមោទនភាពជាតិនិងប្រជាជនកម្ពុជា។

ក្នុងឱកាសបិទការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន កាលពីល្ងាច ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សេដ្ឋកិច្ចជាតិមានការរីកចម្រើន បានធ្វើឱ្យមានការអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលចាត់ទុកថា ការងារអប់រំកាយ និងកីឡា ជាយានយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍សង្គមពីព្រោះ «កីឡាកសាងមនុស្ស មនុស្សកសាង សង្គម»។តាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិឆ្នាំ២០១៩-២០២៣ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ កាយនិងកីឡា និងដោយផ្អែកលើបរិបទនៃការរីកចម្រើនកីឡាជាតិ និងបរិបទនៃការរីកចម្រើនកីឡានៅក្នុងតំបន់ក៏ដូចជាអន្តរជាតិ ជាពិសេស ការត្រៀមលក្ខណៈសម្បត្តិ សម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ឯកឧត្តម ហោ ណាំហុង ក៏បានលើកទឹកចិត្តដល់កីឡាករ កីឡាការិនីគប្បីខិតខំហ្វឹកហាត់ឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីដណ្តើមយកមេដាយ មកជូនជាតិបន្ថែមទៀត និងធ្វើឱ្យអន្តរជាតិបានស្គាល់ប្រទេសកម្ពុជាកាន់តែច្បាស់។ ដើម្បីជំរុញឱ្យវិស័យកីឡារាំកម្ពុជាកាន់តែរីកចម្រើនទទួលបានជោគជ័យថ្មីៗថែមទៀត ឯកឧត្តមបានអំពាវនាវដល់វិស័យឯកជន ដៃគូអភិវឌ្ឍន៍ សប្បុរសជន និងប្រជាពលរដ្ឋ អាចយកកូនមកចូលហាត់រៀនកីឡារាំបន្ថែម ដើម្បីសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងសូមចូលរួម បន្តឧបត្ថម្ភគាំទ្រជាស្មារតី សម្ភារៈ ថវិកា ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកីឡាជាតិយើង ក្រោមពាក្យស្លោក រួមគ្នាធ្វើអ្វីៗទំាងអស់គ្នាដើម្បីកីឡា ឆ្ពោះទៅជោគជ័យនៅស៊ីហ្គេម ឆ្នាំ២០២៣។

លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជាបញ្ជាក់ថា ព្រឹត្តិការណ៍ជើងឯកថ្នាក់ជាតិឆ្នាំនេះ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចូលរួមសរុបចំនួន ៥០នាក់ មកពី៦ក្លឹប ដោយមានវិញ្ញាសាប្រកួតរាំអន្តរជាតិ ចំនួន២៣។ ការប្រកួតនេះ បានដំណើរការក្រោមការ ឧបត្ថម្ភថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា និងសហការចូលរួមឧបត្ថម្ភបន្ថែមពីក្រុមហ៊ុនចំនួន១៨ផ្សេងទៀត។ បន្ទាប់ពីដំណើរការប្រកួតពេញមួយថ្ងៃ គណៈកម្មការបច្ចេកទេសបានសម្រិតសម្រាំងបានម្ចាស់ជ័យលាភីលើគ្រប់វិញ្ញាសាទាំងអស់៕