រដ្ឋមន្ត្រីក្រសួងការងារ ណែនាំភាគីពាក់ព័ន្ធសិក្សាឱ្យបានស៊ីជម្រៅអំពីបញ្ហាប្រឈម ក្នុងការដោះស្រាយវិវាទការងារ ដើម្បីទាក់ទាញការវិនិយោគ


ថ្លែងបើកវេទិកាត្រីភាគី “ស្តីពីអនាគតនៃការដោះស្រាយវិវាទការងារដោ យក្រុមប្រឹក្សាអាជ្ញាកណ្តាល” នាព្រឹកថ្ងៃ៩កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងចន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ នៅសណ្ឋាគារ រ៉ាហ្វល ឡឺ រ៉ូយ៉ាល់ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការណែនាំដល់គ្រប់ភាគីពាក់ព័ន្ធសិក្សាឱ្យបានស៊ីជម្រៅអំពីបញ្ហាប្រឈម ដែលបាន និងកំពុងជួបប្រទះក្នុងការដោះស្រាយវិវាទការងាររួម សំដៅធានាបានសុខដុមរមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ដែលជាកត្តាស្នូលទាក់ទាញការវិនិយោគ ។ ដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល និងស្វែងរកដំណោះស្រាយរួមគ្នាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះ ការដាក់ឱ្យដំណើរការការដោះស្រាយវិវាទបុគ្គលដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល។

ឯកឧត្តមបណ្ឌិត បានបន្តថា សូមធ្វើការពិចារណាដោយផ្អែកលើមូលដ្ឋានគតិយុត្តជាធរមាន និងដើម្បីផលប្រយោជន៍រួម សំដៅធានាបានសុខដុមរមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ដែលជាកត្តាស្នូលក្នុងការទាក់ទាញការវិនិយោគ។ វេទិកានេះត្រូវបានរៀបចំឡើងដោយផ្ទាល់ក្នុងចំនួនកំណត់ស្របតាមការណែនាំ របស់រាជរដ្ឋាភិបាល និងបើកឱ្យមានការចូលរួមតាមរយៈប្រព័ន្ធវីដេអូ (Zoom) ដោយមាន ការចូលរួមពីតំណាងអង្គការ ILO តំណាងក្រុមប្រឹក្សាអាជ្ញាកណ្តាលនិងមូលនិធិក្រុមប្រឹ ក្សាអាជ្ញាកណ្តាល តំណាងអង្គការវិជ្ជាជីវៈរបស់និយោជក តំណាងអង្គការវិជ្ជាជីវៈរបស់កម្មនិ យោជិត និងតំណាងអ្នកបញ្ជាទិញអន្តរជាតិ។ វេទិកាត្រីភាគីនេះ គឺជាឱកាសដ៏សំខាន់ក្នុងការពិនិត្យឡើងវិញនូវសមិទ្ធផលការងារនិង បញ្ហាប្រឈមនានានៅក្នុងការពង្រឹងទំនាក់ទំនងវិជ្ជាជីវៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសការអនុវត្តយន្តការដោះស្រាយវិវាទការងាររួមដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងការគាំទ្រនូវយន្តការនេះ គឺជាកត្តាដែលមិ នអាចខ្វះបានដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវលក្ខខណ្ឌការងារ, ធានាបាននូវភាពសុខ ដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ, លើកកម្ពស់កម្រិតជីវភាពរបស់បងប្អូនកម្មករនិយោជិត, និងធានាបាននូវនិរន្តភាពអាជីវកម្ម-ពាណិជ្ជកម្ម ព្រមទាំងទាក់ទាញការវិនិយោគនៅកម្ពុជា។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង មានប្រសាសន៍ថា ផ្អែកលើភាពជោគជ័យ បទពិសោធ ន៍ និងបញ្ហាប្រឈមនានាក្នុងការដោះស្រាយវិវាទការងាររួមដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល គ្រប់ភាគីបន្តផ្តល់ទំនុកចិត្តដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្នុងការដោះស្រាយវិវាទបុគ្គលដូចមានកំណត់ក្នុងមាត្រា៣០០ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការងារ ឆ្នាំ២០២១នេះ។ ក្នុងន័យនេះ ឯកឧត្តម ជឿជាក់ថា វេទិកាត្រីភាគីនាថ្ងៃនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកំណត់នូវទិសដៅរួមគ្នាមួយ ដែលកើតចេញការឯកភាពនិងការគាំទ្រពី គ្រប់ភាគីពាក់ព័ន្ធ លើអនាគត នៃការដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សា អាជ្ញាកណ្តាលប្រកបដោយប្រសិទ្ធភាពនិងតម្លាភាព ស្របតាមច្បាប់និ ងបទប្បញ្ញត្តិជាធរមាន។

ដើម្បីចូលរួមនិងជំរុញឱ្យវេទិកានេះសម្រេចបានតាមលទ្ធផលដែលបានគ្រោងទុក ឯកឧត្តមរដ្ឋមន្ត្រីអះអាងថា នីតិវិធីដោះស្រាយវិវាទការងាររួមដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលនឹងត្រូវបន្តអនុវត្តស្របតាមបទប្បញ្ញត្តិជាធរមាន។ ការដោះស្រាយវិវាទបុគ្គលដោយក្រុ មប្រឹក្សាអាជ្ញាកណ្តាលត្រូវអនុវត្តស្របតាមប្រកាស របស់រដ្ឋមន្ត្រីក្រសួងទទួលបន្ទុកវិស័យការងារ។ ការដាក់ឱ្យដំណើរការជាក់ស្តែង គឺអាស្រ័យលើស្ថានភាព និងការត្រៀមខ្លួនរួចរាល់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល លើគ្រប់ទិដ្ឋភាពរួមទាំងកត្តាធនធានមនុស្ស កត្តាទីកន្លែង និងកត្តាហិរញ្ញវត្ថុ។

ឯកឧត្តម បានលើកទឹកចិត្តឱ្យបន្តយន្តការគាំទ្រហិរញ្ញវត្ថុពីពហុភាគី ប៉ុន្តែសូមចៀសវាង ការធ្វើចលនាទាមទារឱ្យមានការកាត់ភាគទានពីកម្មករនិយោជិតតាមរយៈសហជីព ដើម្បីគាំទ្រហិរញ្ញវត្ថុរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្នុងដំណាក់កាលនៃការស្តារសេ ដ្ឋកិច្ចក្នុងនិងក្រោយវិបត្តិកូវីដ-១៩នេះ ព្រោះវាអាចជះឥទ្ធិពលអវិជ្ជមានដល់ការពង្រឹងទំនាក់ទំនង វិជ្ជាជីវៈនិងការលើកកម្ពស់កម្រិតជីវភាពរបស់បងប្អូនកម្មករនិយោជិត។ ការជ្រើសរើស និងការបណ្តុះបណ្តាលអាជ្ញាកណ្តាលការងារថ្មីៗ បន្ថែមគឺជាកត្តាចាំបាច់ ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពការងាររបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានណែនាំឱ្យវិទ្យាស្ថានជាតិការងារចាប់ផ្តើមរៀបចំ ការបណ្តុះបណ្តាលអាជ្ញាកណ្តាល ស្របតាមខ្លឹមសារនៃអនុក្រឹត្យ ស្តីពីការបង្កើតវិទ្យាស្ថានជាតិការងារផងដែរ៕