ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២២ ខែធ្នូ ខេត្តមួយចំនួនអាកាសធាតុចុះត្រជាក់ដល់១៦អង្សាសេ


(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។

ក្រសួងបានបញ្ជាក់ថា នៅរយៈពេលនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលនូវឥទ្ធិពលសម្ពាធទាបខ្សោយ, ទ្រនុងសម្ពាធខ្ពស់ពីជើង (ចិន) និងខ្យល់មូសុងឦសាន។ នៅល្ងាចថ្ងៃទី១៣ ខែធ្នូ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បានកើតឡើងនូវព្យុះទី២២ ឈ្មោះ រ៉ាយ (RAI)
ដែលអាចមានដំណើរឆ្លងកាត់ប្រទេសហ្វីលីពីន ចូលក្នុងសមុទ្រចិនខាងត្បូង។

ក្នុងអំឡុងថ្ងៃទី១៩-២១ ខែធ្នូ ព្យុះនេះមានទិសដៅតម្រង់ទៅប្រទេសវៀតណាម ក្បែរឆ្នេររួចងាកចេញមកក្បែរកោះហាយណាំវិញ ដោយបន្តដំណើរឡើងទៅលើក្នុងសមុទ្រ ដែលឥទ្ធិពលក៏ថមថយជាបន្តបន្ទាប់ផងដែរ។ លុះនេះមានឥទ្ធិពលបន្តិចបន្តួច មកលើតំបន់ខ្ពង់រាបភាគឦសានប្រទេសកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល
* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
* សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C
* ដោយឡែក នៅថ្ងៃទី២០-២១ ខែធ្នូ អាកាសធាតុចាប់ចុះត្រជាក់ ដោយសីតុណ្ហភាពអប្បបរមា មានពី១៧-១៩°C និងអតិបរមា មានពី២៥-២៧ °C ។

២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
* សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
* សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C
* នៅថ្ងៃទី១៩ ខែធ្នូ អាចមានពពកច្រើន, មានភ្លៀងខ្សោយ និងខ្យល់ខ្លាំង។
* ដោយឡែក នៅថ្ងៃទី២០-២១ ខែធ្នូ អាកាសធាតុចាប់ចុះត្រជាក់ ដោយសីតុណ្ហភាពអប្បបរមា មានពី១៦-១៨ °C និងអតិបរមាមានពី២៥-២៧ °C ។

៣៖តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
* សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
* ដោយឡែក នៅថ្ងៃទី២០-២១ ខែធ្នូ អាកាសធាតុចាប់ចុះត្រជាក់ ដោយសីតុណ្ហភាពអប្បបរមាមានពី១៩-២១ °C និងអតិបរមា មានពិ២៧-២៩°C៕