សម្តេចតេជោអំពាវនាវឲ្យម្ចាស់រថយន្តគ្មានពន្ធ ជ្រកក្រោមផ្លាកលេខផ្សេងៗ រួសរាន់ចូលមកបង់ពន្ធឲ្យបានមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលការអនុគ្រោះ១០%


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ បានថ្លែងអំពាវនាវឲ្យម្ចាស់រថយន្តគ្មានពន្ធ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ សូមរួសរាល់ចូលមកបង់ពន្ធឲ្យបានទាន់ពេលវេលា នៃការអនុគ្រោះពន្ធ១០ភាគរយ ដែលត្រូវបញ្ចប់ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

សម្តេចបញ្ជាក់ថា អ្នកដែលបង់ពន្ធក្រោយថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នឹងមិនមានការអនុគ្រោះទេ ខណៈដែលសម្តេចនឹងមិនឲ្យមានបញ្ហាកើតឡើងដដែលជាដដែលនោះទេ ចំពោះអ្នកប្រើប្រាស់រថយន្តគ្មានពន្ធ និងបញ្ហារថយន្តចង្កួតស្តាំបើកបរលើដងផ្លូវ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំពាវនាបែបនេះធ្វើឡើង ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» តម្លៃ១៨០លានដុល្លារ ស្ថិតកណ្តាលរាជធានីភ្នំពេញ របស់ក្រុមហ៊ុន ជីប ម៉ុង នៅព្រឹកថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ថ្ងៃនេះជាថ្ងៃទី១៥ហើយ នៅសល់តែ១៥ថ្ងៃទៀតទេ អំពាវនាវចំពោះម្ចាស់រថយន្ត ដែលមិនទាន់បានបង់ពន្ធសូមអញ្ជើញមកបង់ពន្ធឲ្យបានរួសរាន់ ដើម្បីទទួលបាននូវភាពអនុគ្រោះ១០ភាគរយ។ ខ្ញុំបានបញ្ជាក់ហើយមិនឲ្យមានព្រឹត្តិការណ៍ច្រំដែលកើតមានឡើងតទៅទៀតទេ លើបញ្ហារថយន្តមិនបង់ពន្ធ ជ្រកក្រោមផ្លាកលេខនេះ ឬលេខនោះ ហើយក៏មិនឲ្យមានវត្តមានបើកលើផ្លូវរថយន្តចង្កួតស្តាំ កែទៅឆ្វេង។ អីចឹងទេ អ្នកដែលមិនបានទៅបង់ពន្ធរួសរាន់មកបង់ពន្ធ ក្រោយថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ត្រូវបង់ពន្ធពេញ អត់មានអនុគ្រោះ១០ភាគរយទេ ព្រោះរឿងនេះរឿងរកស៉ីអត់ពន្ធ យកឡានមកជិះអត់ពន្ធ»

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឲ្យម្ចាស់រថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស ដែលកំពុងជ្រកក្រោមផ្លាកលេខផ្សេងៗ ចូលប្រកាសបង់ពន្ធនាំចូល ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១។ ការអនុគ្រោះបន្ធូរបន្ថយប្រាក់ពន្ធ-អាករចំនួន ១០ភាគរយ សម្រាប់រថយន្តចង្កូតឆ្វេង នឹងត្រូវដល់ឱសានវាទត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ខណៈរថយន្តចង្កួតស្តាំរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

គិតមកត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ មានម្ចាស់រថយន្តអត់ពន្ធទាំងចង្កូតឆ្វេង និងស្តាំជ្រកក្រោមស្លាកលេខផ្សេងៗ ចំនួន ១៦៤០គ្រឿងហើយ បាននាំយករថយន្តរបស់ខ្លួនមកបង់ពន្ធ (ចង្កួតឆ្វេង) និងតម្កល់ប្រាក់កក់បង់ពន្ធ (ចង្កួតស្តាំ) ដែលមានទឹកប្រាក់ពន្ធចំនួន ១៧.៣លានដុល្លារអាមេរិក។

ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ រថយន្តចង្កូតឆ្វេងគ្មានពន្ធ នឹងត្រូវឲ្យបង់ពន្ធអាករពេញលេញ ដោយពុំមានការអនុគ្រោះបន្ធូរបន្ថយពន្ធ និងអាករទៀតឡើយ។ នៅពេលផុតឱសានវាទ គឺចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២តទៅ រថយន្តគ្មានពន្ធនឹងរងនូវការបង្ក្រាបយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់ ហើយរថយន្តចង្កូតស្តាំក្រោយបង្ក្រាបបាន ត្រូវដោះបំបែកជាគ្រឿងបន្លាស់ ឬកំទេចចោល៕