អភិបាលខេត្តកណ្តាល៖ យុវជនជាសសរទ្រូង ជាទំពាំងស្នងឬស្សី ជាអ្នកបន្តវេនប្រទេសជាតិ ដូច្នេះត្រូវខំរៀនឡើងដើម្បីក្លាយជាធនធានល្អ


(កណ្ដាល)៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានលើកឡើងថា យុវជនគឺជាសសរទ្រូង ជាទំពាំងស្នងឬស្សី ជាអ្នកបន្តវេននៃប្រទេសជាតិ ដូច្នេះត្រូវខិតខំរៀនឡើងដើម្បីក្លាយខ្លួនជាធនធានមនុស្សល្អ ដើម្បីចូលរួមជួយអភិវឌ្ឍន៍ប្រទេសជាតិឲ្យជាមួយរាជរដ្ឋាភិបាលកម្ពុជាយើង។

អភិបាលខេត្តបានថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធីសំណេះសំណាលជាមួយយុវជនអង្គការមនុស្សធម៌សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និងអង្គការខេមរាថ្កើងថ្កាន នៅក្នុងបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នាល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។ ពិធីនេះក៏និមន្តចូលរួមពីសំណាក់សម្ដេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា ព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណគណៈធម្មយុត្តិកនិកាយ និងជាព្រះចៅអធិការវត្តព្រះឥន្ទសាមគ្គីធម៌ផងដែរ។

ឯកឧត្តម បន្តថា ការបង្កើតក្រុមការងារយុវជនអង្គការមនុស្សធម៌សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និងអង្គការខេមរាថ្កើងថ្កាននេះ ដើម្បីអប់រំបណ្តុះបណ្តាលភាពជាអ្នកដឹកនាំដល់យុវជន និងជំនាញវិជ្ជាជីវៈដល់ប្រជាហសគមន៍ លើកកម្ពស់ក្រមសីលធម៌ប្រជាពលរដ្ឋ ឱ្យរស់នៅក្នុងសង្គមប្រកបដោយសេចក្ដីថ្លៃថ្នូរដល់យុវជន ប្រជាសហគមន៍ និងសង្គមជាតិ។

សម្ដេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា បានមានព្រះថេរដីកាថា ការបង្កើតយុវជនអង្គការមនុស្សធម៌ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និងអង្គការខេមរាថ្កើងថ្កាន គឺក្នុងគោលបំណងដើម្បីអប់រំបណ្តុះបណ្តាល ភាពជាអ្នកដឹកនាំ ដល់យុវជន និងជំនាញវិជ្ជាជីវៈដល់ប្រជាសហគមន៍ និងបណ្ដុះគំនិតស្មារតីដល់ប្រជាសហគមន៍ឱ្យមានមនសិកាឧត្តមគតិស្នេហាជាតិ និងមានការចូលរួមអភិវឌ្ឍន៍ជាតិជាមួយរាជរដ្ឋាភិបាល ចូលរួមអនុវត្តគោលនយោបាយរបស់ រាជរដ្ឋាភិបាល និងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។

ឯកឧត្តម អភិបាលខេត្តកណ្តាល បានបន្តថា ការបង្កើតក្រុមការងារយុវជនអង្គការមនុស្សធម៌សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និងអង្គការខេមរាថ្កើងថ្កាននេះ ដើម្បីអប់រំបណ្តុះបណ្តាលភាពជាអ្នកដឹកនាំដល់យុវជន និងជំនាញវិជ្ជាជីវៈដល់ប្រជាសហគមន៍លើកកម្ពស់ក្រមសីលធម៌ប្រជាពលរដ្ឋ ឱ្យរស់នៅក្នុងសង្គមប្រកបដោយសេចក្ដីថ្លៃថ្នូរដល់យុវជន ប្រជាសហគមន៍ និងសង្គមជាតិ។ ហើយកិច្ចការនេះពិតជាមានសារៈសំខាន់ណាស់ គឺដើម្បីអប់រំយុវជនខ្មែរឲ្យមានចិត្តមេត្តា ចេះជួយគ្នា ចេះស្រលាញ់គ្នា ចេះសាមគ្គី និងការលះបង់ប្រយោជន៍ផ្ទាល់ខ្លួនខ្លះ ដើម្បីជួយដល់ប្រទេសជាតិ ចូលរួមថែរក្សាការពារនូវសន្តិភាព ក្រោមអគ្គមគ្គុទ្ទេសក៍បិតាសន្តិភាព មហាវីរបុរសជាតិ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សន្តិភាពគឺជាសរសរស្តម្ភ ដ៏សំខាន់បំផុតសម្រាប់ជាតិសាសន៍នីមួយៗ មានសន្តិភាព មានការអភិវឌ្ឍន៍ ទើបប្រទេសជាតិ រីកចម្រើនប្រជាជនមានជីវភាពធូរធារ និងសម្បូរសប្បាយប្រទេសជាតិមានកិត្យានុភាព និងសេចក្ដីថ្លៃថ្នូរលើឆាកអន្តរជាតិ។

ឯកឧត្តមបានបន្ថែមថា ធនធានយុវជន គឺជាកម្លាំងចលករដ៏សំខាន់សម្រាប់ការពារជាតិ ជាខឿនសេដ្ឋកិច្ចជាតិ និងសម្រាប់អភិវឌ្ឍប្រទេសជាតិឲ្យមានភាពរីកចម្រើន ដូច្នេះយុវជនខ្មែរទាំងអស់ត្រូវអភិវឌ្ឍខ្លួនឯងឲ្យមានសមត្ថភាព ចំណេះដឹង ជំនាញ និងបទពិសោធន៍ សុខភាព បញ្ញាស្មារតី មានក្រមសីលធម៌ ដើម្បីអោយក្លាយជាយុវជនគំរូ ពលរដ្ឋល្អ ដើម្បីចូលរួមចំណែក អភិវឌ្ឍន៍គ្រួសារ សហគមន៍ និងប្រទេសជាតិ។ សូមបញ្ជាក់ថា យុវជនចូលរួមក្នុងពិធីសំណេះសំណាលនាពេលនេះមានចំនួន ៣០៨នាក់ ស្រី១៤៨នាក់ ដោយម្នាក់ៗទទួលបានថវិកា៥ម៉ឺនរៀល និងប្រគេនបច្ច័យដល់វត្តព្រះឥន្ធសាមគ្គីធម៌ចំនួន២០លានរៀល ដើម្បីទ្រទ្រង់ដល់វិស័យផ្សេងៗផងដែរ។

យោងព្រះថេរដីការបស់ សម្តេចមង្គលទេព្វាចារ្យ ការបង្កើតយុវជនអង្គការមនុស្សធម៌ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និងអង្គការខេមរាថ្កើងថ្កាន គឺមានគោលបំណង៖

*ទី១៖ អប់រំបណ្តុះបណ្តាលភាពជាអ្នកដឹកនាំដល់យុវជន និងជំនាញវិជ្ជាជីវៈដល់ប្រជាសហគមន៍។
*ទី២៖ បណ្ដុះគំនិតស្មារតីដល់ប្រជាសហគមន៍ឱ្យមានមនសិកាឧត្តមគតិស្នេហាជាតិ និងមានការចូលរួមអភិវឌ្ឍន៍ជាតិជាមួយរាជរដ្ឋាភិបាល ចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។
*ទី៣៖ អប់រំប្រជាសហគមន៍ឱ្យមានការយល់ដឹងពីផលប៉ះពាល់ពីគ្រឿងញៀន ច្បាប់ចរាចរ និងជួញដូរមនុស្ស។
*ទី៤៖ អប់រំប្រជាសហគមន៍ឱ្យមានការចូលរួម ស្រលាញ់ និងថែរក្សាបរិស្ថាន អនាម័យ សុខមាលភាពសង្គម។
*ទី៥៖ លើកកម្ពស់ក្រមសីលធម៌ប្រជាពលរដ្ឋ ឱ្យរស់នៅក្នុងសង្គមប្រកបដោយសេចក្តីថ្លៃថ្នូរ។

ជាមួយគ្នានេះ ដើម្បីអនុវត្តនូវគោលបំណងខាងលើឱ្យទទួលបានជោគជ័យ ផ្តល់ផលប្រយោជន៍ដល់យុវជន ប្រជាសហគមន៍ និងសង្គមជាតិ អង្គការខេមរាថ្កើងថ្កានមានគោលដៅសម្រាប់អនុវត្តដូចខាងក្រោម៖

*ទី១៖ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់យុវជន និងប្រជាពលរដ្ឋ។
*ទី២៖ ចុះផ្សព្វផ្សាយពីគោលនយោបាយ «ភូមិ-ឃុំ មានសុវត្ថិភាព» ច្បាប់ចរាចរណ៍ បញ្ហាគ្រឿងញៀន និងច្បាប់ស្តីពីការជួញដូរមនុស្ស ដល់យុវជន និងប្រជាពលរដ្ឋ។
*ទី៣៖ ស្វែងរក និងផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិតក្រីក្រ និងជួយស្វែងរកការងារដល់យុវជន។
*ទី៤៖ បណ្តុះបណ្តាលភាពជាអ្នកដឹកនាំដល់យុវជនឱ្យក្លាយជាអ្នកបន្តវេនសម្រាប់ថ្ងៃអនាគត (យល់ដឹងពីនយោបាយ និងមុខជំនួញ) ដើម្បីចូលរួមថែរក្សាសន្តិភាពប្រទេសជាតិ។
*ទី៥៖ ជួយឧបត្ថម្ភសម្ភារផ្សេងៗ និងហិរញ្ញវត្ថុទៅតាមលទ្ធភាពដល់ប្រជាពលរដ្ឋក្រីក្រ។
*ទី៦៖ បណ្តុះបណ្តាលជំនាញកសិកម្ម និងផ្តល់ពូជដំណាំផ្សេងៗ ដលប្រជាកសិករ។
*ទី៧៖ ចូលរួមជួយការពារសង្គមផ្សេងៗទៀត ទៅតាមលទ្ធភាព និងធនធាន។

ផ្អែកតាមគោលបំណង និងគោលដៅខាងលើ ការបង្កើតក្រុមការងារយុវជនអង្គការមនុស្សធម៌ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និងអង្គការខេមរាថ្កើងថ្កាននេះឡើង មានសារៈសំខាន់ណាស់ បានផ្តល់ផលប្រយោជន៍ដល់យុវជន និងប្រជាពលរដ្ឋផ្ដល់មានចំណេះដឹងវិជ្ជាជីវៈ មានការងារធ្វើ មានមុខរបរ និងបានចូលរួមយ៉ាងសកម្មជួយដល់រាជរដ្ឋាភិបាលតាមរយៈការអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព៕