នាយករដ្ឋមន្ត្រីកម្ពុជា នឹងតែងតាំងឯកឧត្តម ប្រាក់ សុខុន ជាបេសកជនប្រធានអាស៊ាន ដើម្បីសម្របសម្រួលជាមួយមីយ៉ាន់ម៉ា


(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា សម្ដេចនឹងតែងតាំង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ធ្វើជាបេសកជនរបស់ប្រធានអាស៊ាន ដើម្បីចុះទៅសម្របសម្រួលជាមួយប្រទេសមីយ៉ាន់ម៉ា។

ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៉ី ភ្នំពេញ» សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហើបថា ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធិ រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងត្រូវតែងតាំងជាអ្នកជួយការងារដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សាររបស់ខ្ញុំថ្ងៃនេះ ក៏ជាការចែករម្លែកមួយ ដើម្បីដឹងគ្នាជាមុន អំពីការត្រៀមរៀបចំខ្លួន ក្នុងការអនុវត្តតួនាទីជាប្រធានអាស៊ាន ដោយចាប់ផ្តើមពីដំណើររបស់ខ្ញុំទៅ។ ខ្ញុំសូមបញ្ជាក់ថា បេសកជន! ខ្ញុំនឹងតែងតាំងឯកឧត្តម ប្រាក់ សុខុន ធ្វើជាបេសកជន ធ្វើជាប្រធានអាស៊ាន។ ក្នុងនោះ ខ្ញុំក៏បានត្រៀមអ្នកជួយការងារ ឲ្យឯកឧត្តម ប្រាក់ សុខុន គឺឯកឧត្តម ចម ប្រសិទ្ធិ ដែលជាមនុស្សម្នាក់ ដើរជាប់ជាមួយខ្ញុំ ចរចារហូតបញ្ចប់ដំណាក់កាលនេះ»

មីយ៉ាន់ម៉ា ដែលជាសមាជិកវ័យក្មេងរបស់អាស៊ាន បានអវត្តមាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅក្នុងឆ្នាំ២០២១នេះ ក្រោយប្រឈមនឹងវិបត្តិនយោបាយផ្ទៃក្នុង និងភាពច្របូកច្របល់អូសអន្លាយរយៈពេលជិត ១ឆ្នាំមកហើយ ចាប់តាំងពីព្រឹត្តិការណ៍រដ្ឋប្រហារយោធា ដែលដឹកនាំដោយលោក មីង អោងឡាំង ទម្លាក់គណបក្សរបស់ លោកស្រី អ៊ុង សានស៊ូជី បន្ទាប់ពីបោះឆ្នោត។ អវត្តមានមីយ៉ាន់ម៉ា បានធ្វើឲ្យអាស៊ានបាត់បង់កុងសង់ស៉ីស នៅក្នុងការសម្រេចក្នុងកិច្ចប្រជុំកន្លងមក។

មុនពេលកិច្ចប្រជុំកំពូលអាស៊ានចិន ក៏រដ្ឋាភិបាលចិន មានឆន្ទៈអញ្ជើញ លោក មីង អោងឡាំង អាចចូលរួមនៅក្នុងកិច្ចប្រជុំនេះបាន ក៏ប៉ុន្តែបំណងនេះត្រូវបានជំទាស់ដោយសមាជិកអាស៊ានមួយចំនួន តាមការជំរុញរបស់សហរដ្ឋអាមេរិក។ សមាជិកអាស៊ាន ដែលជំទាស់នឹងបំណងចិននោះ រួមមាន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី  និងប្រ៊ុយណេ ដែលជាសកម្មភាពទុកមីយ៉ាន់ម៉ាចោល។

ទោះជាយ៉ាងនេះក្តី រាជរដ្ឋភិបាលកម្ពុជា បានបង្ហាញឆន្ទៈចង់ដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ហើយចង់អញ្ជើញមេដឹកនាំមីយ៉ាន់ម៉ា ចូលរួមប្រជុំអាស៊ាន និងចង់បង្រួបបង្រួមអាស៊ាន ឲ្យមកជា១០ប្រទេសឡើងវិញ ពេលកម្ពុជាធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២។ ពេលថ្លែងសារក្នុងពិធីដដែលនេះ សម្តេចអះអាងថា «អាស៊ាន ៩ប្រទេស គឺជាអាស៊ានដែលមិនគ្រប់ទឹក»

ជាមួយនឹងការបង្ហាញឆន្ទៈដោះស្រាយបញ្ហាមីយ៉ាន់ម៉ា សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ជាថ្មីម្តងទៀត ពីដំណើរទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា នៅដើមខែមករា ឆ្នាំ២០២២ ទៀតផង។ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា អាស៊ានមិនគួរបែកបាក់ ព្រោះតែប្រទេសដទៃនោះឡើយ ដូច្នេះការពង្រឹងអាស៊ានឡើងវិញ ជាកិច្ចការដ៏ចាំបាច់ នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះអាស៊ានឆ្នាំ២០២២៕