អភិបាលខេត្តកំពង់ស្ពឺ ចាត់ទុកសកម្មភាពរបស់ក្រុមចលនាស្ត្រី ជាមូលដ្ឋាន នៃកិច្ចការពង្រឹងគោលនយោបាយរបស់គណបក្សប្រជាជនកាន់តែរឹងមាំ


(កំពង់ស្ពឺ)៖ លើកឡើងនេះក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារអនុវត្តប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ របស់ក្រុមចលនាស្ត្រី នៃគណៈចលនាមហាជនគណបក្សខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត បានផ្ដល់នូវអនុសាសន៍មួយចំនួនដល់មន្ត្រីក្រុមចលនាស្ត្រីគ្រប់ថ្នាក់ដើម្បីអនុវត្តនូវការងារមួយចំនួន។

ការងារដែលអភិបាលខេត្តបានណែនាំរួមមាន៖

*ត្រូវពង្រឹងសកម្មភាពរបស់ក្រុមចលនាស្ត្រីគ្រប់ថ្នាក់ ដើម្បីធ្វើជាសេនាធិការដល់គណៈចលនាមហាជនគណបក្ស នៃបណ្ដាថ្នាក់នីមួយៗ និងត្រូវតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តតួនាទី ភារកិច្ចរបស់ថ្នាក់នីមួយៗ ដើម្បីបន្ស៊ីគ្នាជាមួយការដឹកនាំរួមរបស់គណៈកម្មាធិការគណបក្ស នៃថ្នាក់សាមី។
*យកចិត្តទុកដាក់នៅក្នុងការគ្រប់គ្រងបណ្ដុះបណ្ដាលសមត្ថភាពដល់មន្ត្រីក្រុមចលនាស្ត្រី និងកែលំអសកម្មភាពជាប្រចាំ ដើម្បីប្រសិទ្ធភាពការងារឆ្លើយតបទៅនឹងសំណូមពរ ចាំបាច់នៃការងារគណបក្ស។ *ធ្វើផែនការសកម្មភាពរបស់ក្រុមចលនាស្ត្រី ដើម្បីចូលរួមអនុវត្តការងារជាអាទិភាព ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ស្របតាមសេចក្តីសំរេច ស្ដីពីផែនការរួមពោះទៅកាន់ការបោះឆ្នោតរបស់គណៈកម្មាធិការគណបក្សកណ្ដាល និងសេចក្តីសម្រេចស្តីពីផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតរបស់គណៈកម្មាធិការគណបក្សខេត្ត។
*ចំពោះមកគឺការចូលរួមក្នុងការរៀបចំសន្និបាតគណៈកម្មាធិការគណបក្សឃុំ-សង្កាត់ ក្នុងខែមករា ឆ្នាំ២០២២ ការដឹកនាំជំរុញសមាជិកគណបក្ស និងអ្នកគាំទ្រគណបក្សឲ្យទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងបិទផ្សាយថ្ងៃទី០៣ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។

ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា ដើម្បីចូលរួមក្នុងការពង្រឹងទស្សនៈនយោបាយសតិអារម្មណ៍ដល់សមាជិកគណបក្ស និងអ្នកគាំទ្រគណបក្ស និងប្រជាជនទូទៅឲ្យយល់ដឹងពីកម្មវិធីនយោបាយរបស់គណបក្ស ពីសមិទ្ធិផលដ៏ ត្រចះត្រចង់របស់គណបក្ស និងរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ជំនឿជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ក្នុងនោះត្រូវបន្តចូលរួមក្នុងការពង្រឹងពង្រីកសមត្ថភាពសមាជិកគណបក្ស ដោយអនុវត្តគោលការណ៍ (រក្សាចាស់ បង្កើនថ្មី សមាជិកគណបក្ស១រូប សន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក)។

ឯកឧត្តមណែនាំឲ្យចូលរួមឱ្យសកម្មបំផុតក្នុងការងារឃោសនាក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល១៤ ថ្ងៃនឹងដឹកនាំជំរុញសមាជិកគណបក្ស និងអ្នកគាំទ្រគណបក្ស និងក្រុមគ្រួសារឲ្យទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់ៗគ្នា។

ជាថ្មីម្ដងទៀតឯកឧត្តមអភិបាលខេត្ត បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមចលនាស្ត្រី នៃគណៈកម្មាធិការគណបក្សខេត្ត និងក្រុមចលនាស្ត្រីនៃគណៈកម្មាធិការគណបក្សក្រុងស្រុក-ឃុំ-សង្កាត់ ដែលបានខិតខំប្រឹងប្រែងបំពេញ ការងាររយៈពេលមួយឆ្នាំកន្លងមក និងបានប្រារព្ធពិធីបូកសរុបការងារ ឆ្នាំ២០២១ និងលើកទិសដៅបន្តការងារឆ្នាំ២០២២ នាពេលនេះផងដែរ៕