សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំគណៈប្រតិភូជានខ្ពស់រដ្ឋសភាចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា វៀតណាម


នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ៩០០ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូជានខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា វៀតណាម ដែលប្រារព្ធធ្វើនៅសាលមហោស្រប ទីក្រុងហាណូយ តបតាមការអញ្ជើញរបស់លោកជំទាវ ង្វៀន ធីគឹមងិន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ពិធីអបអរសាទរខួបលើកទី៥០ (២៤ /៦/១៩៦៧_២៤/៦/២០១៧)នេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកំពូលៗ របស់វៀតណាម មានអតីតថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំ បច្ចុប្បន្នរបស់វៀតណាម រួមមាន អគ្គលេខាធិការបក្សកុម្មុយនិស្ត និងលោកជំទាវប្រធានរដ្ឋសភាវៀតណាម ព្រមទាំងអតីតយុទ្ធជន រណសិរ្ស និង យុវជនកម្ពុជា និងវៀតណាម។ ថ្លែងក្នុងឳកាសនោះ លោកជំទាវប្រធានរដ្ឋសភាវៀតណាមបានសង្កត់ធ្ងន់ពីប្រវត្តិនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរដែលមានជាយូរលង់មកហើយ ហើយដែលបានស្ថាបនាឡើងដោយ អតីតព្រះមហាក្ស ព្រះនរោត្តម សី ហនុ និង ប្រមុខដឹកនាំហូជីមិញ បានបន្តចាក់ឬស ពូនជ្រុំ និងមានលទ្ធផលផ្លែផ្ការគួរជាទីមោទនភាព។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក៏បានឡើងថ្លែងសុន្ទរកថាជូនអង្គមីទិញ ដោយបានបញ្ជាក់យ៉ាងច្បាស់ពីមរតកដ៏មានតម្លៃ និងមិនអាចកាត់ថ្លៃបាននៃទំនាក់ទំនង មិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំពីរដែលមានតាំងពីអតីតកាល បន្តរហូតដល់បច្ចុប្បន្នហើយនឹងកាន់តែរឹងមាំ និងស្ថិតស្ថេរគង់វង្សជានិរន្ត។
សម្តេចប្រធានបានបន្តទៀតថា ការប្រារព្ធខួបលើកទី៥០ នេះ គឺជាទិវាប្រវត្តិសាស្រ្តថ្មីសម្រាប់ប្រទេសទាំងពីរ ក្នុងការផ្សព្វផ្យាយ អប់រំ និងបញ្រ្ជាបដល់យុវជនបច្ចុប្បន្ន និងជំនាន់ក្រោយ ឲ្យបន្តមរតកដ៏ថ្លៃថ្លានេះ កាន់តែរឹងមាំ និងស្ថិតស្ថេរជាអមតៈ។
ក្នុងឳកាសនោះផងដែរ តំណាងនិស្សិតកម្ពុជា និងតំណាងនិស្សិតវៀតណាមបានឡើងធ្វើចំណាប់អារម្មណ៍ ដោយបាន ប្តេជ្ញាចិត្ត ក្នុងការបន្តរឹតចំណង ទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ កម្ពុជា វៀតណាម ឲ្យបានកាន់តែរឹងមាំ និងគង់វង្សជានិរន្ត។ អង្គមីទិញអបអរសាទរខួបលើកទី៥០ នៃថ្ងៃបង្កើតទំនាក់ទំនងរវាងកម្ពុជា វៀតណាម បានបញ្ចប់ក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាលក្រៃលែង និងទទួលបានលទ្ធផលផ្លែផ្ការគួរជាទីមោទន។