សម្តេចតេជោ ហ៊ុន សែន៖ ឆ្នាំ២០២១ វិស័យកាត់ដេរ និងកម្មន្តសាលកើន ១៣ភាគរយ ធៀបឆ្នាំ២០២០


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា វិស័យកាត់ដេរ និងកម្មន្តសាលរបស់កម្ពុជា បានកើនប្រមាណ ១៣ភាគរយនៅឆ្នាំ២០២១នេះ បើធៀបនឹងឆ្នាំ២០២០ បានធ្លាក់ចុះរហូតដល់ (-) ២០ភាគរយ។ បើតាមសម្តេចតេជោ ហ៊ុន សែន កំណើននេះ ដោយសារមានការបង្វែរការបញ្ជាទិញពីប្រទេសមីយ៉ាន់ម៉ា និងវៀតណាម មកកាន់ប្រទេសកម្ពុជា។

ថ្លែងបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងចាត់ទុកស្ថានភាពនេះថា ជាការអនុគ្រោះមួយរបស់ពិភពលោកសម្រាប់កម្ពុជា ហើយនាំឱ្យរោងចក្រសហគ្រាសនៅកម្ពុជា បានដំណើរការពេញលេញ និងត្រូវធ្វើការពេលយប់ថែមទៀតផង។

របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល៩ខែឆ្នាំ២០២១ ការនាំចេញសម្រាប់ផលិផលកាត់ដេរ មានចំនួន ៨,២៤១.៧លានដុល្លារអាមេរិក កើនឡើងប្រមាណ ៨៤៣.៤ លានដុល្លារអាមេរិក ឬស្មើនឹង ១១.៤ភាគរយ ធៀបនឹងរយៈពេល ៩ខែក្នុងឆ្នាំ២០២០។ របាយការណ៍បានបង្ហាញដែរថា រយៈពេល៩ខែឆ្នាំ២០២១ កម្ពុជានាំចូលក្រណាត់សម្រាប់ផលិតកម្មរោងចក្រកាត់ដេរមានតម្លៃប្រមាណ ៣,៥០០លានដុល្លារកើនឡើងជាង២៥ភាគរយ។

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវយុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងការបើកទីផ្សារឱ្យកាន់តែទូលាយតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសជាមិត្តក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីមានដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP។ បន្ថែមពីលើនោះក្នុងជំនួបជាមួយលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៉ីម្សិលមិញនេះ សម្តេចតេជោ ក៏បានស្នើឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-រុស្ស៉ី និងពាណិជ្ជកម្មសេរី ជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU)។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងនេះ ធ្វើឱ្យទីផ្សារកម្ពុជាកាន់តែទូលាយ ដោយមិនរងសម្ពាធ ឬពឹងផ្អែកតែលើតំបន់ណាមួយនោះឡើយ៕