ក្រសួងមហាផ្ទៃប្រារព្ធសន្និបាតប្រចាំឆ្នាំ


Sor Keng 24 02 16 2 copy

     ក្រសួង​មហា​ផ្ទៃ បាន​ប្រារព្ធ​សន្និបាត​ប្រចាំ​ឆ្នាំ​ ដោយ​ពិនិត្យ​មើល​លើ​​បញ្ហា​ប្រឈម​នានា​ និង​ទិស​ដៅ​សម្រាប់​អនាគត​ទៅ​មុខ​ទៀត ​ក្នុង​ផែន​ការ​រក្សា​សន្តិ​សុខ ​និង​សណ្តាប់​ធ្នាប់​ជូន​ប្រជា​ពលរដ្ឋ​ ។

     មហា​សន្និបាត​​បាន​ពិនិត្យ​បញ្ហាប្រឈម​នានា​ ចាប់​តាំង​ពី​ករណី​សន្តិសុខ​សណ្តាប់​ធ្នាប់​ក្នុង​សង្គម​…ចរាចរណ៍…​ ករណី​ប្លន់​ប្រដាប់​អាវុធ​… បញ្ហា​គ្រឿង​ញៀន​ ។​ល​។ ក្នុង​​រយៈ​ពេល ​៣​ថ្ងៃ ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​នគរ​បាល​ទូទាំង​ប្រទេស ​ពី​បណ្តា​រាជធានី​ និង​ខេត្ត​ទាំង​២៥ ​។

     សម្តេច​ក្រឡា​ហោម ស ខេង ឧប​នាយក​រដ្ឋ​មន្ត្រី​ និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ បាន​មាន​ប្រសាសន៍​បង្ហាញ​កត្តា​មួយ​ ដែល​ជាប់​ទាក់​ទង​នឹង​បញ្ហា​ចរាចរណ៍​ ដែល​បាន​បង្ក​អោយ​មាន​មនុស្ស​ស្លាប់​ និង​របួស​ជា​រៀង​រាល់​ថ្ងៃ និង​ដែល​សមត្ថ​កិច្ច​មិន​ទាន់​រក​ឃើញ​​ប្រសិទ្ធ​ភាព​ដោះ​ស្រាយ​បាន​ នា​ពេល​នេះ​ ។ បញ្ហា​​ចម្បង​នោះ​ គឺ​ជា​បញ្ហា​ល្បឿន ​ដែល​បាន​ចូល​រួម​ចំណែក​ ៥០​ភាគ​រយ ​នៃ​ការ​ធ្វើ​អោយ​មនុស្ស​ស្លាប់​ និង​រង​របួស​ ។

     កត្តា​ចរាចរណ៍ ត្រូវ​គេ​កត់​សម្គាល់​ថា ​មាន​ចំនួន​ច្រើន​នៅ​ក្នុង​ ខែ​មករា ​ឆ្នាំ ​២០១៦ ដោយ​ក្នុង​មួយ​ខែ​ដើម​ឆ្នាំ​នោះ​ មាន​មនុស្ស​ស្លាប់​ចំនួន​ ១៨២​នាក់ ​ស្មើ​នឹង​ស្លាប់​ប្រមាណ​ ៦​នាក់/​ក្នុង​មួយ​ថ្ងៃ​… ចំណែក​អ្នក​រង​របួស​មាន​៩៥១​នាក់ ​ស្មើ​នឹង​ជាង ​៣០​នាក់​/ក្នុង​មួយ​ថ្ងៃ​ផង​ដែរ ​។ នៅ​ក្នុង ​ខែ​កុម្ភៈ​ នេះ​វិញ ក្នុង​រយៈ​ ៩​ថ្ងៃ ​ដំបូង​ដែល​រួម​មាន​ព្រឹត្តិ​ការណ៍​ចូល​ឆ្នាំ​ចិន/​វៀត​ណាម​ ផង​ដែរ​នោះ មនុស្ស​ស្លាប់​ដោយ​ចរាចរណ៍​មាន​ចំនួន ​៨៣​នាក់ និង​មាន​អ្នក​រង​របួស​សរុប ​២៥៨​នាក់ ​ផង​ដែរ ​។ ប៉ុន្តែ​ក្រោយ​រយៈ​ពេល ​៩​ថ្ងៃ​នោះ​មក ចំនួន​មនុស្ស​ដែល​រង​គ្រោះ​ដោយ​សារ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​បាន​ធ្លាក់​ចុះ​វិញ ។

     ក្នុង​បញ្ហា​ដទៃ​ទៀត​ក្រៅ​ពី​កត្តា​ចរា​ចរណ៍ សម្តេច​ក្រឡា​ហោម ​បាន​មាន​ប្រសាសន៍​កត់​សម្គាល់​ថា ​បទ​ល្មើស​ទូទាំង​ក្នុង​ប្រទេស​មាន​ការ​ថយ​ចុះ​ ៤​ភាគ​រយ បើ​ធៀប​នឹង​ឆ្នាំ​មុន បើ​ទោះ​បី​ជា​មាន​បទ​ល្មើស​ឧក្រិដ្ឋ​មាន​ការ​កើន​បន្តិច​បន្តួច ប៉ុន្តែ​នគរ​បាល​បាន​ខិតខំ​បង្ក្រាប​បទ​ល្មើស​បាន​រហូត​ដល់ ​៨០​ភាគ​រយ ​។ សម្តេច​ក្រឡា​ហោម​បាន​លើក​ពី​កិច្ច​ប្រឹង​ប្រែង​ ការ​បណ្តេញ​បរទេស​ខុស​ច្បាប់​ដែល​មាន​ចំនួន​ជាង ​៥​ពាន់​នាក់ ​មាន​ចំនួន ​៥០​សញ្ជាតិ​… ករណី​អគ្គ​អត្ត​សញ្ញាណ​កម្ម ដែល​ការ​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​ថ្មី ​ក្នុង​ចំណោម​ ១០​លាន​នាក់ គឺ​នៅ​សេស​សល់​តែ​ចំនួន​ ៣​លាន ៦​សែន​នាក់ ​នោះ​ទេ ដែល​គេ​រំពឹង​ថា​ នឹង​អាច​រួច​រាល់​នៅ​មុន​ការ​បោះ​ឆ្នោត​អសកល​ឆ្នាំ​ ២០១៧​ខាង​មុខ​នេះ​ ។

Sor Keng 24 02 16 3 copy  Sor Keng 24 02 16 4 copy

Sor Keng 24 02 16 5 copy  Sor Keng 24 02 16 6 copy