ឯកឧត្តម អ៊ុក រ៉ាប៊ុន និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ចែកអាវរងាអំណោយដ៏ថ្លៃថ្លារបស់សម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ចាស់ជរា


នៅថ្ងៃ១៥កើត ខែមិគសិរ ឆ្នាឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណ:អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញនាំយកអាវរងាជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រមាណជាង៤ ០០០អាវ ចែកជូនចាស់ជរា រស់នៅក្នុងបណ្ដាឃុំ នៃស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងចាស់ជរា ជាច្រើននាក់ផងដែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងនឹករលឹកពីសំណាក់សម្តេចតេជោ និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ដែលសម្តេចទំាងពីរតែងតែយកចិត្តទុកដាក់គិតគូរគ្រប់ពេលវេលាអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុករលាប្អៀរ ក៏ដូចជានៅទូទាំងខេត្តកំពង់ឆ្នាំង។

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា ទោះបីជារាជដ្ឋាភិបាលបានរក្សានូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងកាត់បន្ថយអត្រានៃការរីករាលដាលជំងឺរាតត្បាតកូវីដ-១៩ទូទាំងផ្ទៃប្រទេសយ៉ាងណាក៏ដោយ ក៏យើងនៅតែមិនអាចធ្វេសប្រហែសចំពោះជំងឺនេះទ្បើយ។ ព្រោះថា អត្រាកើនទ្បើននៃការរីករាលដាលនៅតាមបណ្តាប្រទេសនានានៅតែបន្ត ដោយសារកើតទ្បើងនូវភាពធូររលុងមួយរយៈពេលខ្លី។ ដូច្នេះហើយ សម្តេចតេជោ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តប្រុងប្រយ័ត្ន និងរឹតបន្តឹងការអនុវត្តនូវវិធានសុខាភិបាលដោយយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារ និងថែរក្សាសុខភាពឱ្យបានល្អ ជាពិសេសនៅក្នុង រដូវត្រជាក់នេះ បើមានជំងឺផ្តាសាយកើតទ្បើង សូមប្រញាប់ប្រញាលទៅមន្ទីពេទ្យ ដើម្បីចៀសវាងពីការឆ្លងដល់បុគ្គល ហើយចម្លងបន្តទៅអ្នកដទៃជុំវិញខ្លួន និង សហគមន៍ទាំងមូល។ ជំងឺនេះគឺជាគ្រោះថ្នាក់ចំពោះមុខ ហើយថែមទាំងបានគំរាមកំហែងដល់សន្តិសុខជាតិ និងអាយុជីវិតយើង និងក្រុមគ្រួសារ ក៏ដូចជាជនរួមជាតិទាំងមូល។ ក្នុងន័យនេះសូមប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការ និងបន្តចាត់វិធានការតឹងរ៉ឹងការពារមិនឱ្យមានការរីករាលដាលកើតទ្បើង ដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់ក្នុងប្រទេសរបស់យើង។

ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិតសភាចារ្យ និងមន្ត្រីអមដំណើរ បានចែកអំណោយដល់អ្នកចូលរួមចំនួន ២១៦នាក់ ក្នុងម្នាក់ៗទទួលបាន អាវរងា១ និងថវិកា ២ម៉ឺនរៀលផងដែរ ៕