រដ្ឋមន្រ្តីក្រសួងផែនការ ណែនាំដល់ប្រធានមន្ទីរផែនការខេត្តមណ្ឌលគិរីថ្មីត្រូវខិតខំបំពេញការងារឱ្យទទួលបានជោគជ័យ


រដ្ឋមន្រ្តីក្រសួង ផែនការ បានណែនាំដល់ប្រធានមន្ទីរផែនការខេត្ត មណ្ឌលគិរីថ្មី ត្រូវខិតខំបំពេញ ការងារឱ្យទទួលបានជោគ ជ័យ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិកាត់បន្ថយភាពក្រីក្រ។ ការលើកឡើងនេះ ក្នុងឱកាសដែលឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែន ការ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខដំណែងប្រធានមន្ទីរផែនការខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថង សាវុន អភិបាលខេត្ត រួមទាំងលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងប្រធានមន្ទីរផែនការមកពីបណ្តាខេត្តជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១។

ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរចំពោះប្រធាន មន្ទីរផែនការចាស់ ដែលកន្លងមក បានខិតខំយកចិត្តទុកដាក់ដឹកនាំគ្រប់គ្រង និងបំពេញតួនាទីភារកិច្ច នៅក្នុងអង្គភាព ទទួលបានលទ្ធផលល្អប្រសើរ។ ឯកឧត្តម បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោល ដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា តាមរយៈផែនការយុទ្ធ សាស្ត្រចតុកោណ និងផែន ការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ។ ដូច្នេះ មន្ទីរផែនការ ត្រូវសហការជាមួយអាជ្ញាធរពាក់ ព័ន្ធ ក្នុងការរៀបចំចងក្រងផលិតឯកសារព័ត៌មាន ស្ថាន ភាព ឯកសារពន្ទុវិស័យ ឯកសារអត្រាភាពក្រីក្រ សម្របសម្រួលការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈិការ នៃផែនការវិស័យ ផែនការមូលដ្ឋាន និងសម្របសម្រួលគាំទ្រដំណើរ ការសិក្ខាសាលាសមាហរណ កម្មផែនការថ្នាក់ ក្រុង ស្រុក។ ទន្ទឹមនឹងនេះ មន្រ្តីនៃមន្ទីរផែន ការ ត្រូវយល់ដឹងឱ្យកាន់តែស៊ី ជម្រៅក្នុងកិច្ចការទាំងនេះ នឹងត្រូវខិតខំបង្កើនឱ្យកាន់តែខ្លាំង ក្លា ធានាបាននូវប្រសិទ្ធភាពការងារ និងអនុវត្តឱ្យបានសម ស្របទៅតាមគោលនយោ បាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលដែលបានដាក់ចុះ។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត បានណែនាំដល់លោកស្រី ប្រធានមន្ទីរថ្មីនាពេលនេះ ក៏ដូចជាមន្រ្តីក្រោមឱវាទ ត្រូវខិតខំបំពេញការងារឱ្យបានល្អប្រសើរ មានការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងចេះសហការជាមួយស្ថាប័ននានា ឱ្យបានទូលំ ទូលាយ និងទទួលបានជោគជ័យ រាល់ភារកិច្ច និងកាតព្វកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន ជាពិសេស លើវិស័យផែនការ និងស្ថិតិ។ ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានមានប្រសាសន៍ថ្លែងអំណរសាទរ ចំពោះលោកស្រី ប៉ុល វ៉ាន្នីដា ដែលថ្នាក់ដឹកនាំក្រសួងផែនការ ផ្តល់ទំនុកចិត្ត តែងតាំងជាប្រធានមន្ទីរផែន ការខេត្ត ដើម្បីបន្តវេនដឹកនាំអង្គភាព។

ឯកឧត្តម ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានកំណត់យកខេត្តមណ្ឌលគិរី ជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់បន្លែ និងផ្លែឈើសម្រាប់បំពេញតម្រូវការក្នុងប្រទេស និងការឈានដល់ការនាំចេញទៅក្រៅប្រទេស។ លោកស្រី ប៉ុល វ៉ាន្នីដា ជាប្រធានមន្ទីរផែនការ ដែលទើបឡើងថ្មី បានប្តេជ្ញាចិត្តថា នឹងគោរព គាំទ្រ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកម្មវិធីនយោ បាយ និងយុទ្ធសាស្ត្រចតុ កោណរបស់រាជរដ្ឋាភិបាល ខិតខំបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ លើកកម្ពស់ចំណងសាមគ្គីភាពផ្ទៃក្នុង និងកិច្ចសហការល្អជាមួយអាជ្ញា ធរគ្រប់លំដាប់ថ្នាក់ នឹងខិតខំបំពេញភារកិច្ចនានា ដែលក្រសួងក៏ដូចជាខេត្ត បានប្រគល់ជូន។ នាឱកាសនោះដែរ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ផែនការ រួមទាំងគណៈប្រតិភូអមដំណើរ បានអញ្ជើញចុះពិនិត្យអគារមន្ទីរផែនការខេត្ត មណ្ឌលគិរី។ សូមបញ្ជាក់ថា នៅក្នុងពិធីប្រកាសចូលកាន់មុខដំណែងប្រធានមន្ទីរផែនការខេត្ត មណ្ឌលគិរី តែងតាំងលោក ស្រី ប៉ុល វ៉ាន្នីដា ជាប្រធាន មន្ទីរ នៃមន្ទីរផែនការខេត្ត មណ្ឌលគិរី ជំនួសលោក ហ៊ុន វណ្ណារ៉ា ដែលនឹងត្រូវចូល និវត្តន៍៕