មេដឹកនាំកម្ពុជា-វៀតណាម សម្តែងការពេញចិត្តចំពោះការរីកចម្រើន នៃទំនាក់ទំនងគ្រប់ជ្រុងជ្រោយ និងជិតស្និទ្ធរវាងប្រទេសទាំងពីរ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ង្វៀង ស៊ួនហ្វុក (NGUYEN XUAN PHUC) ប្រធានាធិបតីវៀតណាម បានសម្តែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងគ្រប់ជ្រុងជ្រោយ និងជិតស្និទ្ធរវាងប្រទេសទាំងពីរ ក្នុងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម រយៈពេល៥៥ឆ្នាំកន្លងមក។ នេះបើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន។

ការលើកឡើងរបស់មេដឹកនាំទាំងពីរ បានធ្វើឡើងនៅក្នុងជំនួបកំពូល នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ ក្នុងឱកាសដែល លោក ង្វៀង ស៊ួនហ្វុកមកបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ នៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងយ៉ាងដូច្នេះថា៖ «ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះការរីកចម្រើន នៃទំនាក់ទំនងប្រទេសទាំងពីរ ដោយគ្រប់ជ្រុងជ្រោយ និងជិតស្និទ្ធ កាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុង កិច្ចសហប្រតិបត្តិការរវាងកម្ពុជា -វៀតណាម រយៈពេល៥៥ឆ្នាំកន្លងមក ទោះបីជាស្ថិតនៅក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ ក៏ដោយក្តី»

ឯកឧត្តមបានលើកឡើងថា សម្តេចតេជោបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីវៀតណាម មកកាន់ប្រទេសកម្ពុជា ដែលនេះជាដំណើរទស្សនកិច្ចលើកដំបូងក្នុងនាមប្រធានរដ្ឋ ហើយទស្សនកិច្ចនេះ គឺទស្សនកិច្ចបើកឆ្នាំមិត្តភាពរវាងកម្ពុជា-វៀតណាម។ ដោយឡែក លោក ង្វៀង ស៊ួនហ្វុក បានសាទរចំពោះសមិទ្ធផលជាប្រវត្តិសាស្រ្តដែលប្រទេសកម្ពុជា និងប្រជាជនកម្ពុជាសម្រេចបាន ជាពិសេសការអភិវឌ្ឍជាតិ ស្ថិរភាពនយោបាយសង្គម ការលើកកម្ពស់តួនាទី និងមុខមាត់របស់កម្ពុជា នៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។

កម្ពុជា និងវៀតណាម បានភ្ជាប់ទំនាក់ទំនងនឹងគ្នានៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ តែទំនាក់ទំនងនេះត្រូវបាត់កាត់ផ្តាច់ទៅវិញនៅខែមីនា ឆ្នាំ១៩៧០។ ខែមករា ឆ្នាំ១៩៧៩ ក្រោយពេលប្រទេសកម្ពុជា រំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ក៏បានតភ្ជាប់ឡើងវិញ។ នៅខែមីនា ឆ្នាំ២០០៥ ទំនាក់ទំនងប្រទេសទាំងពីរ ត្រូវបានដំឡើងកម្រិតទៅជា «ទំនាក់ទំនងមិត្តភាពជិតខាងល្អជាប្រពៃណី និងប្រកបដោយសហប្រតិបត្តិការរឹងមាំ យូរអង្វែង និងគ្រប់វិស័យ»។ កម្ពុជា និងវៀតណាម មានព្រំដែនគោកសរុបប្រវែង ១,២៧០គីឡូម៉ែត្រ បោះបង្គោលព្រំដែនបាន ៨៤ភាគរយ ស្មើនឹងព្រំដែនប្រវែង ១,០៤៥គីឡូម៉ែត្រ។

តាមរយៈទំនាក់ទំនងល្អប្រសើរនឹងគ្នានេះ មេដឹកនាំកម្ពុជា និងមេដឹកនាំរបស់វៀតណាម តែងបានផ្លាស់ប្តូរដំណើររវាងគ្នាជាញឹកញាប់។ ឈរលើកិច្ចសហប្រតិបត្តិការល្អនេះ កម្ពុជា និងវៀតណាម តែងបានជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកលើការលំបាកនានា។ ជាពិសេសនៅក្នុងពេលរាតត្បាតជំងឺកូវីដ១៩ ប្រទេសទាំងពីរបានគាំទ្រគ្នាទៅវិញទៅមកលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។

ការធ្វើពាណិជ្ជកម្ម និងវិនិយោគ ក៏ជាកិច្ចការអាទិភាពមួយដែលរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម យកចិត្តទុកដាក់ខ្ពស់ ហើយតែងបានប្តេជ្ញាចិត្តក្នុងការជំរុញការធ្វើពាណិជ្ជកម្ម និងបង្កើតការវិនិយោគរវាងប្រទេសទាំងពីរ។ ក្នុងនោះនៅឆ្នាំ២០២០ ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង ៥ប៊ីលានដុល្លារ ហើយរយៈពេល៨ខែឆ្នាំ២០២១ សម្រេចបានជិត ៧ប៊ីលានដុល្លារ។

ដោយឡែកការវិនិយោគវិញ គិតចាប់ពីឆ្នាំ១៩៩៤ ដល់ខែកញ្ញា ឆ្នាំ២០២១ ការវិនិយោគរបស់វៀតណាមនៅកម្ពុជា មានចំនួន ៨៨គម្រោង ក្នុងទំហំដើមទុនប្រមាណ ២.៥៦ប៊ីលានដុល្លារ។ សម្រាប់រយៈពេល ១០ខែឆ្នាំ២០២១ ការវិនិយោគរបស់វៀតណាម នៅកម្ពុជា មានទឹកប្រាក់ប្រមាណ ៨៩.៤លានដុល្លារអាមេរិក។

«ភាគីទាំងពីរបានអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ និងបានឯកភាពជំរុញការអនុវត្តកិច្ចព្រមព្រៀងស្តីពីការលើកកម្ពស់ និងការការពារវិនិយោគ និងកិច្ចព្រមព្រៀងចៀសវាងយកពន្ធត្រួតគ្នា និងជួយសម្រួលដល់ការអភិវឌ្ឍពាណិជ្ជកម្មតាមបែបថ្មី និងព្រមព្រៀងគ្នាជំរុញការរៀបចំផែនការមេស្តីពីការតភ្ជាប់ខឿនសេដ្ឋកិច្ចកម្ពុជា-វៀតណាមផងដែរ»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ លោក អ៊ាង សុផល្លែត។

ឯកឧត្តមបានបន្តថា ភាគីទាំងពីរ ក៏បានឯកភាពគ្នាផងដែរ ក្នុងការពន្លឿនការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែន ហើយភាគីទាំងពីរឯកភាពថែមទៀត ក្នុងការពន្លឿនកិច្ចពិភាក្សាឆ្ពោះទៅកាន់ការទទួលស្គាល់គ្នាទៅវិញទៅមក លើិ លិខិតឆ្លងដែន និងវិញ្ញាបនបត្រចាក់វ៉ាក់សាំង ដើម្បីសម្រួលដល់ការធ្វើដំណើរនៃប្រជាជនទាំងសង្ខាងផង សម្រួលដល់ការធ្វើពាណិជ្ជកម្មប្រទេសទាំងពីរផង។ ភាគីទាំងពីរក៏បានឯកភាពគ្នា ក្នុងការ ជំរុញពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ វិស័យសុខាភិបាល វិស័យអប់រំ និងវិស័យយុត្តិធម៌ ក្នុងការតភ្ជាប់គ្នារវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរ និងរវាងប្រជាជនទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ ឆាកតំបន់។

សម្តេចបានថ្លែងអំណរគុណ ដល់លោកង្វៀង ស៊ួនហ្វុក ដែលកន្លងមកគាំទ្រ និងជួយដល់កម្ពុជា ធ្វើឱ្យកម្ពុជាជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ និងអរគុណដល់ លោកង្វៀង ស៊ួនហ្វុក ផងដែរ ដែលបានថ្លែងគាំទ្រកម្ពុជា ធ្វើយ៉ាងណាឱ្យកម្ពុជាទទួលបានជោគជ័យក្នុងកិច្ចប្រជុំអាស៊ាននាពេលខាងមុខ ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន៕