ឯកឧត្តម គង់ សោភ័ណ្ឌ នាំយកថវិកាប្រគល់ជូន មូលនិធិគន្ធបុប្ផាកម្ពុជា


ដើម្បីរួមចំណែកទ្រទ្រង់សកម្មភាពមនុស្សធម៌ និងនិរន្តរភាពនៃកិច្ចដំណើរការ របស់មន្ទីរពេទ្យគន្ធបុប្ផា ដោយឈរលើស្មារតី«ខ្មែរជួយខ្មែរ» តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោកន្លងទៅនេះ នៅថ្ងៃ២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិ បាលខេត្តកណ្ដាល បានដឹកនាំសហការីនាំយកថវិកាចំនួន ៥២២ ៤៥៧ ០០០រៀល និង១ ១៥០ដុល្លារអាម៉េរិក ដែលជាការចូលរួមចំណែកបរិច្ចាគពី ឯកឧត្ដម លោកជំទាវ លោក លោកស្រីថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃរដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរអង្គភាពជុំវិញខេត្តកណ្តាល ប្រគល់ជូនមូលនិធិគន្ធបុប្ផា ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានមូលនិធិគន្ធបុប្ផាកម្ពុជា ។

សូមជម្រាបថា មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងទស្សនវិស័យ កុមារជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា នៅតែទទួលបានការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យគន្ធបុប្ផា ទាំង០៥ទីតាំង នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការចូលរួមបរិច្ចាគពីសប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស។ ពាក្យស្លោកនៃមូលនិធិគន្ធបុប្ផាកម្ពុជាគឺ «ភាពញញឹមរបស់កុមារ គឺជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា ការចូលរួមបរិច្ចគ របស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ជូនមូលនិធិគន្ធបុប្ផាកម្ពុជា គឺជាកាយវិការដ៏សប្បុរសដែលនឹងរួមចំណែកក្នុងការព្យាបាល និងជួយសង្គ្រោះកុមារកម្ពុជារាប់លាននាក់»។

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងអំណរគុណ និងអរគុណចំពោះរដ្ឋបាលខេត្តកណ្តាល ដែលបានចូលរួមបរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេ ចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាស្ថាបនិក និងជាប្រធានកិត្តិយស សំដៅធានាកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ប្រព្រឹត្តទៅដោយរលូនបន្តទៀត ៕