ឯកឧត្តម រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភាជាតិ ប្រធានលេខាធិការដ្ឋានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល សួរសុខទុក្ខ ចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋចំនួន១០០គ្រួសារ និងប្រគល់សមិទ្ធផលនានា


នៅព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភាជាតិ ប្រធានលេខាធិការដ្ឋានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល សួរសុខទុក្ខ ចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋចំនួន១០០គ្រួសារ និងប្រគល់សមិទ្ធផលនានារបស់សប្បុរសជន ដែលមានដូចជា ផ្ទះ និងអណ្តូងទឹកស្អាត ខ្នាតតូច ខ្នាតធំ ចំនួន ២៥៦អណ្តូង ដែលចំណាយថវិកាសរុប ៦២៣,៤០០,០០០៛ ( ប្រាំមួយរយ ម្ភៃបីលាន និងបួនរយពាន់រៀល ) ស្ថិតក្នុងភូមិត្រពាំងខ្ទុំ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីខាងលើមាន លោកជំទាវ ម៉ាណ ណាវី សមាជិករដ្ឋសភាជាតិ និងជាតំណាងរាស្ត្រមមណ្ឌលរាជធានីភ្នំពេញ លោកជំទាវ កុប ម៉ារីយ៉ះ សមាជិករដ្ឋសភាជាតិ និងជាតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អ នុរដ្ឋលេខាធិការ និងតំណាងគណៈអ៉ីម៊ាំខេត្តកំពង់ឆ្នាំង ។
ក្នុងឱកាសសំណេះសំណាល ឯកឧត្តម រ៉ូហ្វី អូស្មាន បានពាំនាំការសុខទុក្ខពីសំណាក់ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា ឯកឧត្តម បានបន្តលើកឡើង ពីសមិទ្ធិផលដែលសហគមន៍ឥស្លាមកម្ពុជាទទួលបាន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសុំអោយបងប្អូនប្រជាពលរដ្ឋបន្តបោះឆ្នោតគាំទ្រដល់រាជរដ្ឋាភិបាល នៅគ្រប់អាណត្តិ ដើម្បីជាម្លប់សន្តិភាពដល់សង្គមជាតិទាំងមូល។
ចុងបញ្ចប់នៃកម្មវិធី ឯកឧត្តម រ៉ូហ្វី អូស្មាន បានឧបត្ថម្ភដល់ដល់សម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកំពង់ឆ្នាំង កម្លាំងប្រជាការពារ ក្នុងការរៀបចំកម្មវិធី សរុបថវិកាចំនួន ១,១០០,០០០៛( មួយលាន មួយសែនរៀល ) ផងដែរ៕