ជំនួបសវនាកា និងសម្តែងការគួរសមជាមួយឯកឧត្តម ឯកឧត្តម ង្វៀន ភូជុង អគ្គលេខាធិការមជ្ឈឹមបក្ស នៃសាធារណរដ្ឋសង្គមនិយម វៀតណាម


ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ក្នុងដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាព របស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាមរយៈពេល ៣ ថ្ងៃ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូចូលជួបសវនាកានិងសម្តែងការគួរសមជាមួយ ឯកឧត្តម ង្វៀន ភូជុង អគ្គលេខាធិការមជ្ឈឹមបក្ស នៃសាធារណរដ្ឋសង្គមនិយមវៀតណាមនៅវេលាម៉ោង១៦:៣០ នាទី នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ នៅទីស្នាក់មជ្ឈឹមបក្សកុំមុយនីស្តវៀតណាម។
ក្នុងជំនួបសវនាកានេះ ឯកឧត្តមអគ្គលេខាធិការបក្សបានសម្តែងនូវកិច្ចស្វាគមន៍
យ៉ាងរាក់ទាក់កក់ក្តៅ និងរីករាយចំពោះដំណើរទស្សនកិច្ចរបស់សម្តេចប្រធានរដ្ឋសភា ហើយបានចាត់ទុកដំណើរទស្សនកិច្ចនេះជាព្រឹត្តការណ៌ដ៏សំខាន់មួយ ព្រោះវាស្របនឹងពេលនៃការប្រារព្ធខួបអនុស្សាវរីយ៌លើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងការរៀបចំសន្និសីទលើកទី៣ របស់ប្រធានរណសិរ្ស នៃប្រទេសទាំងបី កម្ពុជា វៀតណាម និងឡាវ។
ឯកឧត្តមអគ្គលេខាធិការបក្សបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចនេះថា បានទទួលលទ្ធផល ដ៏ត្រចះត្រចង់ ដែលនាំមកនូវការបន្តរឹតចំណង មិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម។ឯកឧត្តមបានសង្កត់ធ្ងន់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរក្នុងរយៈពេល៥០ ឆ្នាំមកនេះបានទទួលលទ្ធផលផ្លែផ្កាលើគ្រប់វិស័យ និងគ្រប់កម្រិត ទាំងក្នុងក្របខណ្ឌ បក្ស រដ្ឋ រដ្ឋាភិបាល នីតិប្បញ្ញត្តិ និងរវាងប្រជាជន និងប្រជាជន។
ក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គលេខាធិការក៏បានផ្តាំផ្ញើរកាសាកសួរសុខទុក និងពរសព្វសាធុការជូនព្រះករុណព្រះបាទព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំកម្ពុជាគ្រប់លំដាប់ថ្នាក់ ជាពិសេស សម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភាបានថ្លែងអំណរគុណយ៉ាងជា្រលជ្រៅចំពោះឯកឧត្តមអគ្គលេខាធិការបក្ស ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឲ្យរូបសម្តេច និងគណៈប្រតិភូបានចូលជួបសវនាកា និងសម្តែងការគួរសម។ ក្នុងឱកាសនេះដែរ សម្តេចប្រធានបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលធំៗ ជាច្រើនដែលវៀតណាមសម្រេចបាននាពេលកន្លងមក ជាពិសេស ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ហើយសង្ឃឹមយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ភ្លឺស្វាង និងត្រឹមត្រូវរបស់បក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជន ប្រទេសវៀតណាមនឹងកាន់តែសម្រេចបានសមិទ្ធផលធំធេងជាច្រើនថែមទៀត។
សម្តេចប្រធានរដ្ឋសភាបានបញ្ជាក់ប្រាប់ឯកឧត្តមអគ្គលេខាធិការបក្ស កម្ពុជាចាត់ទុកវៀតណាម ជាមិត្តល្អ បងប្អូនល្អ និងជាអ្នកជីតខាងល្អ ហើយប្រទេសទាំងពីរតែងជួយគ្នាទៅវិញទៅមកនៅគ្រប់កាលទេសៈ ទាំងក្នុងពេលអតីតកាល និងអនាគតកាល។
ជាចុងក្រោយសម្តេចប្រធានរដ្ឋសភា ក្នុងនាមប្រជាជមកម្ពុជា បានថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគុណូបការៈ និងការជួយគាំទ្រដ៏ថ្លៃថ្លារបស់មិត្តវៀតណាមលើគ្រប់វិស័យ ចាប់តាំងពីការផ្តួលរំលំ របបប្រល័យពូជសាសន៌ ប៉ុល ពត នាថ្ងៃទី ៧ ខែ មករា ឆ្នាំ១៩៧៩។