ជប៉ុន គ្រោងអញ្ជើញឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ទៅទស្សនកិច្ច និងប្រកាសផ្តល់ជំនួយបន្ថែមដល់កម្ពុជា សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងស្តារសេដ្ឋកិច្ចពីវិបត្តិជំងឺកូវីដ១៩


រដ្ឋាភិបាលជប៉ុន បានប្រកាសអញ្ជើញឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅក្នុងប្រទេសជប៉ុន និងប្រកាសផ្តល់ជំនួយបន្ថែមដល់កម្ពុជា សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាស្តារសេដ្ឋកិច្ចជាតិពីវិបត្តិកូវីដ១៩។

ដំណឹងនេះត្រូវបានលោក មីកាមិ ម៉ាសាហ៉ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារនៅភូមិគ្រឹះសម្តេចតេជោនាក្រុងតាខ្មៅនាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ។

បើតាម ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានឱ្យដឹងនៅក្រោយជំនួបថា ក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូតជប៉ុន បានជម្រាបសម្តេចតេជោពីកិច្ចសហប្រតិបត្តិការល្អមួយចំនួនរវាងរដ្ឋាភិបាលជប៉ុន និងរាជរដ្ឋាភិបាលកម្ពុជា លើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ លោកទូត ក៏បានប្រកាសថា រដ្ឋាភិបាលជប៉ុន គ្រោងផ្តល់ជំនួយបន្ថែមសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងស្តារសេដ្ឋកិច្ចកម្ពុជាពីវិបត្តិជំងឺកូវីដ១៩។ លោកទូតបានអះអាងថា ការផ្តល់ជំនួយនេះគ្រោងនឹងចុះហត្ថលេខានាពេលខាងមុខ។

បើតាមឯកឧត្តម អ៊ាង សុផល្លែត នៅក្នុងជំនួបនេះ លោក មីកាមិ ក៏បានជម្រាបសម្តេចតេជោ នូវបំណងរបស់រដ្ឋាភិបាលជប៉ុន អញ្ជើញលោកបណ្ឌិត ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចនៅប្រទេសជប៉ុន ដើម្បីរឹតចំណងមិត្តភាពរវាងកម្ពុជា និងជប៉ុន។

ក្នុងជំនួបនេះ លោកឯកឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូនពីការចូលចតនាវាស្វ័យការពារជើងទឹករបស់ជប៉ុន ដែលនឹងចូលចតនៅកំពង់ផែរបស់កម្ពុជានាពេលខាងមុខ ដើម្បីអបអរសាទរខួប ៣០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការរក្សាសន្តិភាព។ លោកឯកអគ្គរដ្ឋទូតជប៉ុន ក៏បានបង្ហាញពីការផ្តល់ជំនួយមួយចំនួនដល់ក្រសួងការបរទេសកម្ពុជា ដើម្បីបម្រើដល់ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន ដែលមានដូចជារថយន្ត និងសម្ភារៈផ្សេងៗមួយចំនួនទៀត។ ជប៉ុនសន្យាគាំទ្រកម្ពុជា ឱ្យទទួលបានជោគជ័យលើការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ។

សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍បំណងរបស់រដ្ឋាភិបាលជប៉ុន ក្នុងការអញ្ជើញលោកបណ្ឌិត ហ៊ុន ម៉ាណែត ទៅទស្សកិច្ចផ្លូវការនៅប្រទេសជប៉ុន និងការចុះចតនាវាស្វ័យការពារជើងទឹកនៅកម្ពុជា។ សម្រាប់ខួប ៣០ឆ្នាំនៃកិច្ចសហប្រតិបត្តិការរក្សាសន្តិភាព នាឆ្នាំ២០២២ ខាងមុខនេះ សម្តេចតេជោ បានលើកជាគំនិតឱ្យរៀបចំធ្វើខួបនេះ ឲ្យក្លាយទៅជាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងជប៉ុន លើវិស័យការពារជាតិ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលជប៉ុន ក៏ដូចជាប្រជាជនជប៉ុន ដែលបានជួយដល់កម្ពុជា ក្នុងការផ្ដល់ដល់កម្ពុជានូវវ៉ាក់សាំង ផ្ដល់ជាជំនួយដទៃទៀតជាបរិក្ខារ ដើម្បីជួយដល់កម្ពុជា ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងក្នុងការរាតត្បាតជំងឺកូវីដ១៩។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណផងដែរ ចំពោះការផ្ដល់ជារថយន្ត សម្ភារៈ និងកិច្ចសហប្រតិបត្តិការ ក៏ដូចជាការគាំទ្រ ដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជា ទទួលបានជោគជ័យក្នុងការដឹកនាំជាប្រធានអាស៊ាន ក្នុងពេលខាងមុខ៕