កម្ពុជាសម្លឹងឃើញការនាំចេញអង្ករទៅអឺរ៉ុបកើនឡើងវិញ ក្រោយការយកពន្ធផុតសុពលភាព នៅខែមករា ឆ្នាំ២០២២


ការនាំចេញអង្កររបស់កម្ពុជា ទៅកាន់សហភាពអឺរ៉ុប អាចនឹងកើនឡើងវិញ ជាពិសេសអង្ករក្រអូប ខណៈនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ខាងមុខនេះ ការកំណត់យកពន្ធលើអង្ករនាំចូលពីកម្ពុជា ទៅកាន់សហភាពអឺរ៉ុបរយៈ៣ឆ្នាំ នឹងត្រូវបញ្ចប់ហើយ។

លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន នៅថ្ងៃទី២៨ ខែធ្នូនេះថា បើតាមការពិនិត្យទៅលើកិច្ចព្រមព្រៀង ការយកពន្ធរបស់សហភាពអឺរ៉ុបលើការនាំចូលអង្ករពីកម្ពុជា នឹងត្រូវអស់សុពលភាព នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ដែលតាមគោលការណ៍កំណត់ គឺត្រូវបញ្ចប់មិនបន្តទៀតទេ។ ហេតុនេះចាប់ពីថ្ងៃទី២២ ខែមករាតទៅ អង្ករកម្ពុជាដែលនាំចូលទៅកាន់សហភាពអឺរ៉ុប នឹងមិនត្រូវឱ្យបង់ពន្ធទៀតនោះទេ ដែលជំរុញបរិមាណលក់អង្ករកម្ពុជា កាន់តែច្រើនជាងមុន ជាពិសេសអង្ករក្រអូប។
លោកបន្តថា ក្នុងរយៈពេលបីឆ្នាំ ដែលសហភាពអឺរ៉ុបដាក់ទណ្ឌកម្មលើការយកពន្ធលើអង្ករកម្ពុជា បានធ្វើឱ្យការនាំចេញទៅសហភាពអឺរ៉ុបថយប្រមាណ១៥% ក្នុងមួយឆ្នាំៗ ពោលគឺមុនការដាក់ទណ្ឌកម្មពន្ធនេះ ការនាំចេញមានរង្វង់៤០ ទៅ៤៥% នៃការនាំចេញសរុប តែពេលដាក់ការយកពន្ធ ការនាំចេញទៅអឺរ៉ុបបានត្រឹមតែ៣០% ទៅ ៣៥% នៃការនាំចេញសរុបតែប៉ុណ្ណោះ។

លោកបានគូសបញ្ជាក់បន្ថែមថា «ដាក់ឱ្យបង់ពន្ធ គឺវាតែងតែមានផលប៉ះពាល់ដោយតម្រូវឱ្យភាគីអ្នកនាំចូលនៅអឺរ៉ុប គាត់ត្រូវចំណាយបន្ថែមជាង១០០ដុល្លារយ៉ាងតិច អីចឹងហើយបានជាធ្វើឱ្យមានការលំបាក នៅក្នុងការប្រកួតប្រជែង បើសិនណាជានៅសុខៗតម្លៃត្រូវបន្ថែមពីលើជាង១០០ដុល្លារ ពី១៥០ដុល្លារ ១៧៥ដុល្លារឡើងទៅ វាធ្វើឱ្យតម្លៃលក់នៅលើទីផ្សារ វាត្រូវកើនខ្ពស់ ក្នុងអំឡុងប្រទេសខ្លះមិនមានជាប់ប្រព័ន្ធហ្នឹងទេ ចឹងការប្រកួតប្រជែងតែងតែត្រូវថយ»

លោកបន្តថា «ចំពោះអ្វីដែលសហព័ន្ធរំពឹងទុក គឺក្រោយពេលបញ្ចប់សុពលភាព អង្ករនឹងមានលំហូរទៅជាធម្មតា ដូចមុនពេលការដាក់តម្រូវឱ្យបង់ពន្ធ។ រដូវកាលនេះ គឺជារដូវកាលដែលកំពុងប្រមូលផលពពួកស្រូវធ្ងន់ និងពពួកស្រូវក្រអូប អីចឹងសហគមន៍អឺរ៉ុបបានទិញនូវអង្ករក្រអូបច្រើន សង្ឃឹមថានៅអំឡុងពេលចុងឆ្នាំនៃខែ១២នេះ ហើយដើមឆ្នាំក្រោយ នឹងមានសន្ទុះងើបឡើងកាន់តែច្រើន នូវការនាំជាប្រភេទអង្ករទីផ្សារអឺរ៉ុប។

គណៈកម្មការអឺរ៉ុបកាលពីឆ្នាំ២០១៩ បានចេញសេចក្តីប្រកាសព័ត៌មានដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ តទៅអឺរ៉ុបនឹងកំណត់យកពន្ធលើអង្ករនាំចូលពីកម្ពុជា និងមីយ៉ាន់ម៉ា ដោយឆ្នាំទី១ គឺឆ្នាំ២០១៩ យកពន្ធ ក្នុងតម្លៃ១៧៥អឺរ៉ូ ឬស្មើនឹងប្រមាណ២០០ដុល្លារអាមេរិក ក្នុងអង្ករមួយតោន។ នៅឆ្នាំទី២ កំណត់យកពន្ធមកនៅត្រឹម១៥០អឺរ៉ូ ឬស្មើនឹងជាង១៧០ ដុល្លារអាមរិក និងឆ្នាំទី៣ ការយកបានថយចុះមកនៅ១២៥អឺរ៉ូ ឬស្មើនឹងជាង១៤០ដុល្លារអាមេរិកក្នុងមួយតោន។

លោកឧកញ៉ា ហ៊ុន ឡាក់ បញ្ជាក់ថា បើមិនមានការយកពន្ធពីសហភាពអឺរ៉ុប និងបញ្ហាកូវីដ១៩នោះ កម្ពុជាអាចឈានដល់ការចេញអង្ករ១លានតោន នៅឆ្នាំ ២០២១នេះ។

លោបបន្តថា បច្ចុប្បន្ននេះក្រុមហ៊ុននាំចេញ កំពុងចាប់ផ្តើមសំរុកនាំចេញចាប់តាំងពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ តែការប្រឈមលើកង្វះទូកុងតឺន័រ និងថ្លៃដឹកជញ្ជូន នៅខ្ពស់ ដែលមិនទាន់វិលមកធម្មតានោះទេ ប្រសិនបើការដឹកជញ្ជូនវិលមកធម្មតាវិញ ការនាំអង្កររបស់កម្ពុជានឹងងើបឡើងវិញលឿននៅឆ្នាំក្រោយ។

តាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញស្រូវអង្ករទៅកាន់ទីផ្សារអន្តរជាតិ ចំនួន៥៣២,១៧៩តោន ដែលគិតជាទឹកប្រាក់មានចំនួនជាង៣៦៦លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះប្រទេសចិនជាប្រទេសឈរនៅលំដាប់លេខ១ ដែលនាំចូលអង្ករពីកម្ពុជាច្រើនជាងគេ ក្នុងទំហំជាង២៦ម៉ឺនតោន ឬប្រមាណជិត៥០%នៃការនាំចេញសរុប ខណៈការនាំចេញទៅអឺរ៉ុបមានទំហំជាង១៣ម៉ឺនតោន ឬស្មើនឹង២៥% នៃការនាំចេញសរុប៕