សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យក្រសួងរ៉ែ និងថាមពល, អគ្គិសនីកម្ពុជា និងក្រសួងសេដ្ឋកិច្ច ពិនិត្យលទ្ធភាពលុបបំណុលអគ្គិសនីជាង ២លានដុល្លាររបស់ក្រសួងការពារជាតិ


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ បានណែនាំដល់ក្រសួងរ៉ែ និងថាមពល, អគ្គិសនីកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យលទ្ធភាពក្នុងការលុបបំណុលថ្លៃអគ្គិសនី ដែលក្រសួងការពារជាតិជំពាក់ជាង ៩ពាន់លានរៀល ឬស្មើនឹងជាង២លានដុល្លារអាមេរិក។

ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងតាមសំណើរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សុំលុបបំណុលថ្លៃប្រើប្រាស់អគ្គិសនី តាមកងឯកភាពក្នុងកងយោធពលខេមរភូមិន្ទចំនួន ៩,១៩០,០០០,០០០រៀល ដែលជាបំណុលរយៈពេល៥ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៦ រហូតត្រឹមថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១។

មូលហេតុនៃការជំពាក់បំណុលនេះ ដោយសារការប្រើប្រាស់អគ្គិសនីមានការកើនឡើងជារៀងរាល់ឆ្នាំ ទៅតាមភាពរីកចម្រើនរបស់ប្រទេសជាតិ និងវិស័យការពារជាតិ ប៉ុន្តែការប្រើប្រាស់ឥណទានប្រចាំឆ្នាំ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរក្សាទុកនៅដដែល។ ជាក់ស្តែងពីមុនមានតែ១៤០អង្គភាព បច្ចុប្បន្នមានរហូតដល់២៤០អង្គភាព។ នេះបើតាមការថ្លែងរបស់សម្តេចពិជ័យសេនា ទៀ បាញ់។

បន្ថែមពីនេះ សម្តេចពិជ័យសេនា ក៏បានសំណើសុំថវិកាបន្ថែម សម្រាប់ប្រើប្រាស់អគ្គិសនីប្រចាំឆ្នាំ របស់ក្រសួងការពារជាតិ តាមសំណើរបស់កងឯកភាព ក្នុងកងយោធពលខេមរភូមិន្ទផងដែរ។

ឆ្លើយតបនឹងសំណើរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «សូមឲ្យអគ្គិសនីកម្ពុជា ពិនិត្យលទ្ធភាពលុបបំណុល របស់ក្រសួងការពារជាតិជាង៩ពាន់លានរៀល ដែលស្មើនឹងជាង២លានដុល្លារ ថាតើអាចលុបចោលទាំងស្រុង ឬលុបពាក់កណ្តាល ឬ៧០ភាគរយ ដែលសល់ពីនោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បំពេញបន្ថែម។ ខ្ញុំមិនទាន់បញ្ជាដាច់ណាត់ទេ។ ខ្ញុំនឹងចេញបទបញ្ជាឲ្យមានការបន្ថែមថវិកា លើការប្រើប្រាស់អគ្គិសនីរបស់ក្រសួងការពារជាតិប្រចាំឆ្នាំ […] ខ្ញុំក៏សូមត្រឡប់មកវិញ នៅបណ្តាអង្គភាពទាំងអស់ ទូទាំងកងយោធពលខេមរភូមិន្ទ ឲ្យសន្សំសំចៃ ក្នុងការប្រើប្រាស់អគ្គិសនី»

សម្តេចតេជោ ហ៊ុន សែន ការសន្សំសំចៃអគ្គិសនី គឺជាផ្នែកមួយក្នុងការប្រឆាំងនឹងភាពខ្ជោះខ្ជាយ ហើយគ្រប់អង្គភាពទាំងអស់ សុទ្ធតែមានលទ្ធភាពក្នុងការសន្សំសំចៃអគ្គិសនីនេះ៕