ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រគល់វិញ្ញាបនបត្រជូន សិស្សសាលាភូមិន្ទរដ្ឋបាលសរុប ៧៥១អង្គ/នាក់


នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជាអធិបតីប្រគល់វិញ្ញាបនបត្រជូន សិស្សសាលាភូមិន្ទរដ្ឋបាលសរុប ៧៥១អង្គ/នាក់ ដែលក្នុងនោះមានព្រះសង្ឃ ១៣អង្គ និងនារី ៩៨នាក់ នៅវិទ្យាស្ថានជាតិអប់រំ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចពិតជាមានមោទនភាពចំពោះការរីកចម្រើនរបស់សាលាភូមិន្ទរដ្ឋបាល ហើយក៏បានថ្លែងអំណរគុណចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសាលា។ សម្តេចតេជោ បានគូសបញ្ជាក់ថា កំណែទម្រង់ក្នុងវិស័យអប់រំទាមទារនូវការគ្រប់គ្រងដ៏ល្អ ជាពិសេសនាយកសាលាដែលធ្វើការនៅទីនោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទ្រឹស្តី គឺត្រូវផ្សារភ្ជាប់ការអនុវត្តន៍ជាក់ស្តែង ដូច្នេះកម្មសិក្សាទាំងអស់ទាំងក្នុងសាលាភូមិន្ទរដ្ឋបាល សាលាពេទ្យ និងសាលាកសិកម្ម គឺសុទ្ធតែទាមទារឲ្យមានការចុះអនុវត្តន៍ជាក់ស្តែង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មានទេទីបញ្ចប់សម្រាប់អ្នកសិក្សា សូម្បីតែមន្រ្តីរាជការ ក៏ត្រូវបន្តសិក្សារៀនសូត្របន្ថែម។ សម្តេចតេជោ បានបន្ថែមថា មន្រ្តីដែលប្រកាន់ភាពអភិរក្សនិយម ដែលធ្វើឲ្យមន្រ្តីថ្នាក់ក្រោមជួបឧបសគ្គ ដែលប្រៀបដូចគ្រាប់ពូជដុះក្រោមថ្ម។

* សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើសិស្សដែលបញ្ចប់ការសិក្សា នឹងឈានចូលទៅបម្រើការងារជាមន្រ្តីថា ខ្លួនគឺជាខ្ញុំបម្រើប្រជាពលរដ្ឋដ៏ស្មោះត្រង់ មិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន​ បានបញ្ជាក់ថា ប្រជាពលរដ្ឋ គឺជាចៅហ្វាយ ហើយត្រូវរកវិធីបម្រើចៅហ្វាយ ឲ្យមានការពេញចិត្ត។ សម្តេចនាយករដ្ឋមន្រ្តី បានរំលឹកទ្រឹស្តីនេះ មិនត្រឹមតែប្រើក្នុងក្របខណ្ឌមន្រ្តីសាធារណៈនោះទេ សូម្បីតែក្នុងចង្វាក់ផលិតកម្មរបស់វិស័យឯកជន ក៏ប្រើប្រាស់ទ្រឹស្តីនេះផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីការលើកឡើងរបស់ក្រុមហ៊ុន CP ថា កសិករ គឺជាដៃគូជីវិតរបស់ក្រុមហ៊ុន ហើយអ្នកប្រើប្រាស់ គឺជាចៅហ្វាយ។

* សម្តេចតេជោ បានផ្តល់ដំបូន្មានថា ឥរិយាបថមន្រ្តី បើត្រឹមចេះចងក្រវាត់ក ចូលសាលាស្រុក សាលាខេត្ត គឺមិនគ្រប់គ្រាន់ទេ។

* សម្តេចតេជោ ហ៊ុន សែន បានសរសើរអតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ដែលបានកំណត់ឲ្យថ្នាក់ដឹកនាំអាស៊ាន ក្នុងកិច្ចប្រជុំអាស៊ាន-អាមេរិក នៅទីក្រុងញូវយ៉ក ដោយមិនតម្រូវឲ្យពាក់ក្រវាត់ក។

* សម្តេចតេជោ ហ៊ុន សែន បានផ្តល់ដំបូន្មានដោយសង្កត់ធ្ងន់ៗថា មន្រ្តីទាំងអស់ត្រូវតែចាំថា ជាខ្ញុំបម្រើប្រជាពលរដ្ឋ ហើយមិនត្រូវវាយឫកដាក់ ប្រជាពលរដ្ឋនោះឡើយ។ សម្តេចបានបញ្ជាក់ថា តម្រូវការចាំបាច់ គឺត្រូវបម្រើប្រជាពលរដ្ឋឲ្យបានល្អ ហើយបានរំលឹកនូវសុភាសិតខ្មែរទៀតថា «ងើយស្កក ឱនដាក់គ្រាប់»។

* សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ប្តីស័ក្តិ៣ ប្រពន្ធស័ក្តិ៤ និងកូនស័ក្តិ៥ គឺជារឿងដែលប្រជាពលរដ្ឋខ្មែរស្អប់បំផុត ហើយសម្តេចក៏ជាអ្នកស្អប់បំផុតផងដែរ ព្រោះតែហេតុនេះហើយទើបក្រោយសម្តេចដឹកនាំប្រទេសកូនចៅរបស់សម្តេច ត្រូវតែកូនល្អ ចៅល្អ ដែលចៀសបញ្ហាទាំងអស់នេះ។ សម្តេចតេជោ ហ៊ុន សែន ថា មិនអាចនិយាយថា ត្រីមួយកន្ត្រក ស្អុយមួយ ស្អុយទាំងអស់នោះទេ ព្រោះមានមន្រ្តីខ្លះបានធ្វើយ៉ាងល្អទៅលើរឿងនេះ។

* សម្តេចតេជោ បានរំលឹកថា ត្រូវអប់រំកូន និងភរិយាឲ្យធ្វើរឿងនូវគុណធម៌។ សម្តេចបានបញ្ជាក់ថា ប្រសិនបើមានកូន និងភរិយា ទៅសាងកំហុសហើយ អាចនឹងធ្វើឲ្យការសម្រេចចិត្តរបស់ឪពុក ឬស្វាមី អាចនឹងមិនយុត្តិធម៌។

* សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់ដំបូន្មានឲ្យមន្រ្តីត្រូវចេះទទួលខុស និងត្រូវ មិនត្រូវទទួលយកតែអាត្រូវ ហើយអាខុសទម្លាក់ឲ្យអ្នកដទៃនោះទេ។

* សម្តេចប្រមុខរាជរដ្ឋាភិបាលថា នៅលើលោកនេះ គ្មាននរណាត្រូវល្អឥតខ្ចោះនោះទេ តែត្រូវពិនិត្យមើលថា តើអាខុសច្រើនជាងអាត្រូវ ឬត្រូវច្រើនជាងអាខុស។

* សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា មន្រ្តីដែលទទួលតែត្រូវ ហើយមិនទទួលខុស មិនគួរមានឱកាសដឹកនាំនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន ក៏បាននិទានរឿងមន្រ្តីគ្រាប់ល្ពៅ ជាគតិសម្រាប់មន្រ្តីដែលនឹងចេញទៅបម្រើការងារជូនជាតិ និងប្រជាពលរដ្ឋផងដែរ។ រឿងនិទាននេះ គឺព្រះមាហាក្សត្រ ដើម្បីចង់ដឹងពីមន្រ្តីណាស្មោះត្រង់ជាមួយព្រះអង្គនោះ ព្រះអង្គបានហៅមន្រ្តី ឲ្យយកគ្រាប់ល្ពៅស្ងោរ ទៅដាំ។ ចុងក្រោយទទួលបានមន្រ្តី ៤ប្រភេទចេញពីការពិសោធន៍ជាមួយផ្តល់គ្រាប់ល្ពៅនេះ។

មន្រ្តីប្រភេទទី១៖ បានទូលស្តេច ល្ពៅ ដែលស្តេចប្រទាន គឺផ្លែល្អណាស់ ហើយបានដឹកមកថ្វាយព្រះមហាក្សត្រ តែកងការពារព្រះរាជវាំងមិនឲ្យចូល។
មន្រ្តីប្រភេទទី២៖ បានទូលស្តេច ល្ពៅ ដែលស្តេចប្រទាន គឺផ្លែល្អណាស់ តែអត់បានដឹកមកនោះទេ។
មន្រ្តីប្រភេទទី៣៖ បានទូលស្តេច ល្ពៅ ដែលស្តេចប្រទាន ត្រូវកណ្តុរស៊ីអស់ អត់បានដាំទេ។
មន្រ្តីប្រភេទទី៤៖ បានទូលស្តេចដោយត្រង់ៗថា ល្ពៅ ដែលស្តេចប្រទាន គឺជាគ្រាប់ល្ពៅស្ងោរ តើដាំឲ្យដុះម្តេចទៅ?។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រភេទមន្រ្តីទី១ គឺជាមន្រ្តីដ៏គ្រោះថ្នាក់បំផុត មិនអាចទុកប្រភេទមន្រ្តីនេះធ្វើការនោះទេ ព្រោះមិនត្រឹមតែមិនស្មោះត្រង់នោះទេ ថែមទាំងទម្លាក់កំហុសទៅលើអ្នកដទៃថែមទៀត។ សម្រាប់ប្រភេទទី២ ក៏មិនត្រូវទុកនោះដែរ ព្រោះជាមន្រ្តីភូតកុហកមិនអាចប្រើបាននោះទេ។

* ចំពោះប្រភេទទី៣ ត្រូវតែខិតខំបណ្តុះបណ្តាលបន្ថែម ព្រោះមិនដឹងថា គ្រាប់ល្ពៅនោះ ពិតជាកណ្តុះស៊ីម៉ែន ឬយ៉ាងណា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញការពេញចិត្តពេញថ្លើមបំផុតសម្រាប់មន្រ្តីប្រភេទទី៤ ហើយត្រូវប្រឹងប្រែងបណ្តុះបណ្តាលបន្ថែម ព្រោះហ៊ាននិយាយពិត និយាយត្រង់។ សម្តេចថា ការនិយាយត្រង់នេះ អាចឲ្យថ្នាក់លើបានពីការពិតនៅតាមមូលដ្ឋាន។

* សម្តេចតេជោ បានផ្តាំផ្ញើទៀតថា ទោះបីដឹកនាំក្នុងក្របខណ្ឌណាក៏ដោយ ត្រូវប្រកាន់នូវវិធីសាស្រ្តដឹកនាំចំនួន៣។ ដំបូងទាមទារការរៀបចំផែនការឲ្យច្បាស់ ព្រោះជាផែនទីចង្អុលផ្លូវសម្រាប់ការធ្វើដំណើរ ហើយត្រូវគិតគូរគ្រប់ជ្រុងជ្រោយទាំងអស់ ដើម្បីទទួលបានជោគជ័យ ហើយបើក្នុងក្របខណ្ឌដឹកនាំប្រទេសជាតិវិញ មិនត្រឹមតែមើលតែប្រទេសខ្លួនឯងនោះទេ ត្រូវមើលក្របខណ្ឌប្រទេសដទៃទាំងលើពិភពលោក និងក្នុងតំបន់។ ក្នុងនោះស្ថានភាពសេដ្ឋកិច្ចលើពិភពលោក ក៏មិនអាចមើលរំលងនោះដែរ។

* សម្តេចតេជោថា ក្នុងឃុំមួយមិនអាចចេះតែទៅសន្យាធ្វើនេះ ឬធ្វើនោះទេ ហើយបើសន្យាត្រឹមតែដើម្បីសន្លឹកឆ្នោត នឹងធ្វើឲ្យមានបញ្ហា រហូតឈានដល់ការ ប្រទូស្តរ៉ាយផងដែរ។ សម្តេចតេជោ ការកសាងបានផែនការមួយ គឺសំខាន់ខ្លាំងណាស់ ព្រោះជាផែនទីចង្អុលផ្លូវដ៏សំខាន់។

* សម្តេចតេជោថ្លែងថា មន្រ្តីដែលផ្សារភ្ជាប់ខ្លួនជាមួយបញ្ហា និងផ្សារភ្ជាប់ខ្លួនជាមួយប្រជាពលរដ្ឋ គឺជាមន្រ្តីដែលត្រូវប្រើប្រាស់ ហើយមន្រ្តីដែលមិនគួរប្រើប្រាស់នោះ គឺមន្រ្តីដែលចេះតែរាយការណ៍ និងសុំយោបល់ ហើយបន្ទោសទៅថ្នាក់ក្រោម។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបានគូសបញ្ជាក់ថា នៅកម្ពុជាសម្បូរណ៍ទៅដោយការសន្យា ហើយនៅពេលខាងមុខនឹងរីកស្គុះស្គាយ។

* សម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាឲ្យតាមចាប់ខ្លួន អ្នកដែលបានបង្ហោះផ្សព្វផ្សាយបំផ្លើសព័ត៌មានថា សម្តេចជួបគ្រោះថ្នាក់ផ្ទុះយន្តហោះស្លាប់ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧។ សម្តេចតេជោ ហ៊ុន សែន ថានេះជាការប្រមាថដ៏ធ្ងន់ធ្ងរ ដែលមិនអាចទទួលយកបាននោះទេ។

* សម្តេចតេជោ បានពន្យល់ថា ការជេរប្រទេចជាដើមហេតុ និងដើមចមដ៏ធំ ដែលនាំដល់ការមានជម្លោះ និងមានសង្រ្គាម មិនចាំបាច់ដល់មានអាវុធនោះទេ។ សម្តេចតេជោ បានថ្លែងទៅកាន់មិត្តភក្តិបរទេសដោយសំដៅទៅលើថ្នាក់ដឹកនាំប្រឆាំងថា ពេលនិយាយនៅក្រៅប្រទេសប្រើភាសាល្អណាស់ តែពេលប្រើភាសាក្នុងប្រទេសមិនល្អនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រតិកម្មទៅនឹងក្រុមអង្គការសង្គមស៊ីវិល នៃបន្ទប់ស្ថានការណ៍តាមដានការបោះឆ្នោតនៅកម្ពុជា ដែលបានលើកឡើងថា ការបោះឆ្នោតនៅកម្ពុជាមិនទាន់មានសេរីភាព និងយុត្តិធម៌គ្រប់គ្រាន់។

* សម្តេចតេជោ ហ៊ុន សែន ថា ការឡាំប៉ាមិនចេះចប់នោះទេ ដរាបណាពួកគេដណ្តើមវិមានរាជរដ្ឋាភិបាលមិនទាន់បាននោះ។ សម្តេចតេជោ បានថ្លែងប្រកាស ថ្កោលទោសគ្រប់សកម្មភាពទាំងឡាយ ដែលជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យគ្រប់គណបក្សនយោបាយទទួលយកលទ្ធផលបោះឆ្នោត ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចេញផ្សាយនៅ ថ្ងៃម្សិលមិញ ហើយកុំឡាំប៉ាបន្តទៀត។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានខិតខំធ្វើឲ្យដំណើរការនៃ ការបោះឆ្នោតបានដំណើរការទៅដោយល្អប្រសើរ។ សម្តេចតេជោ ក៏បានអរគុណដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានដឹកនាំកម្លាំងរក្សាសន្តិសុខញ៉ាំងឲ្យបរិយាកាសនៃការបោះឆ្នោតបានប្រព្រឹត្តទៅបានល្អប្រសើរ។

* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់គណបក្សនយោបាយទាំងអស់ ដែលបានចូលរួមឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បានដំណើរការទៅដោយជោគជ័យ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់យុវជនដែលនឹងត្រូវគ្រប់អាយុបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៦ នៅឆ្នាំ២០១៨ខាងមុខ ត្រូវទៅចុះឈ្មោះឲ្យបានគ្រប់គ្នានៅតាមទីតាំងដែលពួកគេកំពុងស្នាក់ និងរស់នៅ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការផ្លាស់ប្តូរអភិបាលរាជធានី និងខេត្ត គឺជាតម្រូវការផ្នែកច្បាប់ ព្រោះអភិបាលរាជធានី និងខេត្តចាស់ គឺដល់អាយុចូលនិវត្តន៍។ ដោយឡែកអភិបាលខេត្តកោះកុង គឺច្បាប់បានចែងឲ្យធ្វើត្រឹមតែពីរអាណត្តិតែប៉ុណ្ណោះ។

* សម្រាប់តំណែងនាយករដ្ឋមន្រ្តីវិញ សម្តេចតេជោបញ្ជាក់ថា មិនមានការកំណត់អាណត្តិនោះទេ ដរាបណាប្រជាពលរដ្ឋនៅតែបន្តគាំទ្រ គឺនៅតែបន្តដឹកនាំប្រទេស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការគូសវាសនយោបាយ និងសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា គឺសម្តេចបានផ្សារភ្ជាប់ខ្លួនជាមួយប្រជាពលរដ្ឋកម្ពុជា ជានិច្ចចាប់តាំងពីថ្ងៃដែលសម្តេចចេញតស៊ូរំដោះប្រទេសជាតិនៅថ្ងៃទី២០ មិថុនា ១៩៧៧។ សម្តេចតេជោ បានថ្លែងថា យុវជនសម័យបច្ចុប្បន្នមានឱកាសច្រើន ដែលត្រូវប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាព។ សម្តេចបានរំលឹកថា យុវជនបានត្រឹមឲ្យកាន់តែកាតាបជូនគេតែប៉ុណ្ណោះ ហើយជារឿងដែលសម្តេចតែងតែធ្វើការជំទាស់។

* សម្តេចនាយករដ្ឋមន្រ្តី ក៏បានរំលឹកផងដែរថា ពាក្យសម្តីដែលគេនិយាយថា សម្តេចជារដ្ឋមន្រ្តីការបរទេសមិនទាន់បាត់ធំក្លិនទឹកដោះ ជាពាក្យដែលធ្វើឲ្យសម្តេចកាន់តែប្រឹងប្រែងបំពេញការងារជូនប្រទេសជាតិ និងប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ។

* សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើទៅកាន់ក្រុមអ្នកវិភាគថា គណបក្សប្រជាជនកម្ពុជាបែកបាក់នោះ គឺគ្មានថ្ងៃនោះឡើយ ហើយដរាបណាសម្តេចនៅមានជីវិត គឺសម្តេចនៅតែកាន់ជាបេក្ខភាពនាយករដ្ឋមន្រ្តីរបស់កម្ពុជា គ្មានសមាជិកគណបក្សប្រជាជនកម្ពុជារូបណាមកដណ្តើមសម្តេចនោះឡើយ។

* មុននឹងបញ្ចប់សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើដល់សិស្សដែលត្រូវចេញបំពេញការងារជាមន្រ្តីរាជការ ត្រូវចេះរួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋ មិនត្រូវនិយាយស្រឡាញ់តែបបូរមាត់នោះទេ។ សម្តេចតេជោ សង្ឃឹមថា គណបក្សនយោបាយទាំងអស់នៅកម្ពុជា នឹងរួមគ្នាប្រឹងប្រែងធ្វើការងារ ដើម្បីបម្រើប្រយោជន៍ជូនប្រជាពលរដ្ឋ។