ព្រឹកថ្ងៃនេះក្រសួងការពារជាតិប្រារព្ធពិធីឱ្យអធិកអធមនៅវិមានឈ្នះឈ្នះ ដើម្បីអបអរសាទរខួប២៣ឆ្នាំ ទិវានយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន


ការប្រារព្ធពិធីនេះធ្វើឡើងក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសាងសង់វិមានឈ្នះឈ្នះ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅបរិវេណវិមានឈ្នះឈ្នះ ដែលស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ខណៈពិធីនេះមានការរៀបចំស្តង់តាំងពិព័រណ៌របស់សមិទ្ធផលនានា នៅតាមបណ្តាអង្គភាពនានាចំណុះឱ្យក្រសួងការពារជាតិ ព្រមទាំងមានការបាញ់កាំជ្រួច ដើម្បីបង្ហាញពីការអបអរសាទរនៃទិវាដ៏សំខាន់សម្រាប់មាតុភូមិកម្ពុជា។

នយោបាយឈ្នះ-ឈ្នះ គឺជាយុទ្ធសាស្ត្រគោលការណ៍ទាំងឡាយណា ដែលនឹងនាំមកនូវការធានាដល់សន្តិសុខសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ សនិ្តភាព ការធានាដល់បូរណភាពដែនដី អធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយសង្គមប្រកបដោយចិរីភាព។

ការបញ្ចប់សង្រ្គាមដោយនយោបាយឈ្នះ-ឈ្នះ គឺជាទស្សនៈវិជ្ជាសនិ្តភាព និងមានការប្តេជ្ញាចិត្តខាងនយោបាយដ៏មុតមាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ការបញ្ចប់សង្គ្រាម មិនមែនជាអព្ភូតហេតុ ឬជាការស្រមៃដោយចៃដន្យនោះទេ ដូចនេះទើបនៅក្នុងដំណើរការអនុវត្តការបញ្ចប់សង្គ្រាម ទាមទារនូវការដឹកនាំដែលប្រកបដោយទេពកោសល្យខ្ពស់ និងមានលក្ខណៈវិទ្យាសាស្ត្ររួមជាមួយគ្នា ព្រោះព្រឹតិ្តការណ៍មានការប្រែប្រួលយ៉ាងគំហុកបំផុត។

គេអាចនិយាយបានថា នយោបាយឈ្នះ-ឈ្នះ នៅកម្ពុជាមានន័យយ៉ាងទូលំទូលាយ ពោលគឺគ្របដណ្តប់លើគ្រប់វិស័យនៃសង្គមជាតិទាំងមូល។ ដូច្នេះនយោបាយឈ្នះ-ឈ្នះ គឺជាយុទ្ធសាស្ត្រគោលការណ៍ទាំងឡាយណា ដែលនឹងនាំមកនូវការធានាដល់សន្តិសុខសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ សនិ្តភាព ការធានាដល់បូរណភាពដែនដី អធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយសង្គមប្រកបដោយចិរភាព៕