សម្តេចតេជោ ហ៊ុន សែន៖ ព្រឹត្តិការណ៍បុណ្យឆ្លងឆ្នាំសកល ២០២២ គឺជាការសាកល្បងដ៏ធំមួយរបស់កម្ពុជា នៅចំពោះស្ថានភាពជំងឺកូវីដ១៩


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋនៃកម្ពុជា បានថ្លែងថា ព្រឹត្តិការណ៍បុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២២ គឺជាការសាកល្បងដ៏សំខាន់សារជាថ្មីម្តងទៀត សម្រាប់រាជរដ្ឋាភិបាលកម្ពុជា លើការបើកប្រទេសឡើងវិញ នៅចំពោះស្ថានភាពជំងឺកូវីដ១៩ ជាពិសេសប្រភេទមេរោគបំប្លែងថ្មី «អូមីក្រុង»។

ការថ្លែងបែបនេះរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំចង់យកឱកាសនេះ នៃឱកាសដើមឆ្នាំ គួរតែត្រូវនិយាយពីបញ្ហាខ្លះ ដំបូងខ្ញុំសូមផ្ញើជូននូវការអបអរសាទរ ចំពោះប្រជាពលរដ្ឋនៅទូទាំងប្រទេស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចូលរួមអបអរសាទរបុណ្យឆ្លងឆ្នាំសកល ដែលបុណ្យឆ្លងឆ្នាំសកលក្លាយទៅជាព្រឹត្តិការណ៍ដ៏សំខាន់នៃការសាកល្បងសារជាថ្មីម្តងទៀត សម្រាប់រាជរដ្ឋាភិបាលលើការបើប្រទេសឡើងវិញ ដោយសារថ្ងៃទី៣១ ឆ្លងចូលថ្ងៃទី១ ចំថ្ងៃសុក្របន្ទាប់ទៅថ្ងៃទី១ គឺថ្ងៃសៅរ៍ និងថ្ងៃទី២ គឺថ្ងៃអាទិត្យ ដូច្នេះ ចំនួនទេសចរដែលយើងទទួលបានក្នុងរយៈពេល៣ថ្ងៃនេះ ឡើងរហូតដល់ជាង២លាននាក់…! គ្រាន់តែថ្ងៃឆ្លងឆ្នាំ គឺយើងមានជាង១.១លាននាក់»

នាឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បង្ហាញអារម្មរណ៍សប្បាយរីករាយនៅពេលទទួលបានភាពពីការចូលរួមរាំសប្បាយរីករាយពីប្រជាពលរដ្ឋខ្មែរ នៅតាមបណ្តាខេត្តផ្សេងៗទៀត ដើម្បីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកល ២០២២ នាដំណាក់កាលរាតត្បាតនៃជំងឺកូវីដ១៩។ ខណៈនៅខេត្តសៀមរាប បានទទួលចំនួនភ្ញៀវទេសចរច្រើនជាងគេ បន្ទាប់មកគឺខេត្តព្រះសីហនុ ដែលជាខេត្តមានកន្លែងកម្សាន្តច្រើនជាដើម។

ប្រមុខនៃរាជរដ្ឋាភិបាល ក៏បានបង្ហាញការភ្ញាក់ផ្អើលដែលមានកន្លែងសម្រាកលំហែខ្លះនៅកម្ពុជា មានតម្លៃរហូតដល់ ៣ពាន់ដុល្លារមួយយប់ ហើយមានប្រជាពលរដ្ឋខ្មែរចូលទៅសម្រាក។ ដូច្នេះបង្ហាញឱ្យឃើញស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋកម្ពុជា មានភាពរីកចម្រើនរហូតមានលទ្ធភាពសម្រាកនៅតាមបណ្តាលសណ្ឋាគារដែលមានតម្លៃថ្លៃជាដើម។ល។

បន្ថែមពីនេះនាយករដ្ឋមន្ត្រីនៃក ម្ពុជា បានលើកឡើងថា ពីមុនប្រជាពលរដ្ឋខ្មែរ ដែលមានលទ្ធភាពបានយកលុយរបស់ខ្លួនទៅសម្រាកនៅសណ្ឋាគារនៅឯបរទេស សម្រាប់ក្នុងឱកាសបុណ្យឆ្លងឆ្នាំនេះ មានប្រជាពលរដ្ឋខ្មែរជាច្រើនកម្សាន្តនៅក្នុងស្រុក ហើយមិនបានចេញទៅក្រៅស្រុក ដែលជាការរួមចំណែកជំរុញសេដ្ឋកិច្ច។ សម្រាប់ក្នុងឱកាសបុណ្យឆ្លងឆ្នាំនេះ មានប្រជាពលរដ្ឋខ្មែរជាច្រើនកម្សាន្តនៅក្នុងស្រុក ហើយមិនបានចេញទៅក្រៅស្រុក ដែលជាការរួមចំណែកជំរុញសេដ្ឋកិច្ចកម្ពុជា ឱ្យងើបឡើងវិញផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចាប់ពីប្រទេសកម្ពុជា បាននបើកប្រទេសឡើងវិញនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ និងបានបិទបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ នៅក្នុងថ្ងៃទី២០ ខែធ្នូ ២០២១ គឺមានរយៈពេល១០ខែគត់ នៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចំណូលប៉ុន្មានខែខចុងឆ្នាំ មានការងើបឡើងវិញ បន្ទាប់ពីយុទ្ធសាស្ត្រចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានគ្រប់គ្រាន់។

អីឡូវនេះ ខ្ញុំកំពុងតាមសង្កេត ក្រោយពេលដែលយើងឆ្លងឆ្នាំហើយនោះ តើរឿងអ្វីកើតឡើងម្សិលមិញនេះ អត់មានឆ្លងក្នុងសហគមន៍ទេ គឺមានតែនាំចូលពីក្រៅប្រទេស ខណៈនៅថ្ងៃនេះនឹងប្រកាសតួលេខដូចជា៤ករណីដែលនាំចូលពីបរទេសសុទ្ធតែប្រភេទ (អូមីក្រុង) ឯឆ្លងក្នុងសហគមន៍ គឺអត់ទេ ខ្ញុំចេះតែរងចាំមើលថាតើក្រោយពួកគាត់ទៅលេងកម្សាន្ត ហើយកកកុញនៅទៅក្រុងភ្នំពេញ មុខព្រះបរមរាជវាំង នៅវិមានឈ្នះឈ្នះ និងនៅតាមទីកន្លែងទទួលទានតាមភោជនីយដ្ឋាននានា តើមានឆ្លង ឬអត់»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា បើទោះបីស្ថានភាពរាតត្បាតជំងឺកូវីដ១៩ នៅកម្ពុជា មានភាពប្រសើរ តែត្រូវបន្តយកចិត្តទុកដាក់ទប់ស្កាត់ការរាតត្បាតជំងឺនេះ។

បើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះថា រយៈពេល៣ថ្ងៃនៃថ្ងៃសម្រាកឆ្លងឆ្នាំសកល និងចុងសប្តាហ៍ គឺពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២២ ភ្ញៀវទេសចរផ្ទៃក្នុងចំនួន ២,០០២,២៩៨នាក់ បានដើរកម្សាន្តតាមរមណីយដ្ឋាននានា នៅទូទាំងប្រទេស ក្នុងនោះមានភ្ញៀវជាតិ ១,៩៩០,៤២៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១១,៨៦៩នាក់៕