កិច្ចសន្ទានាតាមទូរស័ព្ទ សម្តេចតេជោ ហ៊ុន សែន និងលោក ចូកូ វីដូដូ៖ ឥណ្ឌូនេស៊ីអបអរសាទរនិងគាំទ្រកម្ពុជា ក្នុងការបំពេញតួនាទីជាប្រធានអាស៊ាន ឆ្នាំ២០២២


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងឯកឧត្តម ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២នេះ បានជួបសន្ទនាតាមទូរស័ព្ទជាមួយគ្នា ដោយក្នុងជំនួបនេះ ឯកឧត្តមប្រធានាធិបតីបានអបអរសាទរ និងគាំទ្រចំពោះកម្ពុជា ក្នុងការបំពេញតួនាទីជាប្រធានអាស៊ាន។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានឱ្យដឹងថា ក្នុងជំនួបសន្ទនាតាមទូរស័ព្ទ ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី បានជូនពរសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំបុត្រាបុត្រី ចៅប្រុសចៅស្រី ក្នុងឱកាសចូលឆ្នាំសកល ឆ្នាំថ្មី២០២២ ហើយបានសម្តែងការគាំទ្រចំពោះសម្តេចតេជោ ដែលបានចូលកាន់តំណែងជាប្រធានអាស៊ានផ្លូវការ។ ឯកឧត្តមបានគូសបញ្ជាក់ជូនសម្តេចតេជោ ហ៊ុន សែន ថាឥណ្ឌូនេស៊ីនឹងគាំទ្រសម្តេចតេជោ ធ្វើយ៉ាងណាឱ្យសម្តេចតេជោ ទទួលបានជោគជ័យ ក្នុងការដឹកនាំអាស៊ាន នៅឆ្នាំ២០២២នេះ។

ជាការឆ្លើយតប សម្តេចតេជោបាន ថ្លែងអំណរគុណដល់ឯកឧត្តមប្រធានាធិបតី និងបានជូនពរ ឯកឧត្តមប្រធានាធិបតី និងភរិយា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២២។ ជាងនេះទៅទៀត សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តមប្រធានាធិបតី ដែលបានអបអរសាទរ និងគាំទ្រកម្ពុជា ក្នុងការអនុវត្តតួនាទីប្រធានអាស៊ានឆ្នាំ២០២២ផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ ឯកឧត្តម អ៊ាង សុផល្លែត។

ឯកឧត្តមបានបន្ថែមថា ឆ្លៀតឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណជាថ្មី ដល់លោកប្រធានាធិបតី ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប កាលពីថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ។ ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានសម្តែងនូវការកោតសរសើរដល់ប្រទេសឥណ្ឌូនេស៊ី ដែលបានផ្តួចផ្តើមគំនិតជាច្រើន ដើម្បីការកសាងសហគមន៍ក្នុងនោះមានដូចជា ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក ដែលជាឯកសារសំខាន់របស់អាស៊ានដើម្បីគ្រប់គ្រងទំនាក់ទំនងជាមួយដៃគូខាងក្រៅ និងរក្សាមជ្ឈភាពអាស៊ានសំខាន់រៀបចំច្រកធ្វើដំណើរក្នុងតំបន់អាស៊ាន ឆ្លើយតបទៅនឹងការរឹតត្បិតនៃជំងឺរាតត្បាតកូវីដ១៩ជាដើម។

សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណជាថ្មីដល់ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី ចំពោះការសម្តែងការគាំទ្រកម្ពុជាជាប្រធានអាស៊ាន៕