ឯកឧត្តម សុខ លូ ជួបសំណេះសំណាល ជាមួយមន្រ្ដីរាជការ ស្រុករតនមណ្ឌល


នៅរសៀលថ្ងៃ១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី៣ ខែមករា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្ដីរាជការ មេឃុំ និងកងកម្លាំងប្រដាប់អាវុធ នៃរដ្ឋបាលស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូមានប្រសាសន៍ទៅកាន់មន្រ្ដីរាជការ មេឃុំ និងកងកម្លាំងប្រដាប់អាវុធ នៃរដ្ឋបាលស្រុកសំពៅលូនថា បច្ចុប្បន្នបញ្ហាបម្រើសេវាប្រជាពលរដ្ឋនៅតែជាបញ្ហាចម្បងដែលយើងត្រូវពង្រឹងតទៅមុខទៀត ដែលតម្រូវឱ្យស្មៀនឃុំត្រូវពង្រឹងសេវារបស់ខ្លួនទៅតាមឃុំសាមី ក្នុងនាមបង្កើននូវល្បឿនសេវារដ្ឋបាលរបស់ខ្លួន ហ្មត់ចត់នឹងការងារ ដើម្បីប្រជាពលរដ្ឋអាចទទួលបានសេវារដ្ឋបាល បានដោយការពេញចិត្ត និងត្រូវបន្តពង្រឹងគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព បន្តដោះស្រាយបញ្ហាប្រឈមនានា មានជាទំនាស់ ឬបណ្ដឹងនានា ដែលប្រជាពលរដ្ឋជួបប្រទះ ត្រូវធ្វើការដោះស្រាយឱ្យមានប្រសិទ្ធភាព នៅតាមភូមិសាស្រ្ដរបស់ខ្លួន ។

ឯកឧត្តម បានណែនាំដល់រដ្ឋបាលស្រុក ធ្វើការរៀបចំឱ្យហើយស្រេចនៅសណ្ដាប់ ធ្នាប់ជុំវិញផ្សារ ដោយមិនត្រូវឱ្យមានការលក់គ្មានសណ្ដាប់ធ្នាប់ បង្កឱ្យមានភាពអនាធិបតេយ្យជាដើម និងត្រូវធ្វើការរៀបចំទុកដាក់កាកសំណល់សំរាមនានា ដោយក្នុងនោះត្រូវរៀបចំទីកន្លែងទូលាយមួយ ដែលមានផ្ទៃដីធំ ហើយឆ្ងាយពីទីប្រជុំជន ដើម្បីធ្វើជាទីលានចាក់សំរាមផងដែរ ។

ឯកឧត្តម សុខ លូ បានណែនាំរដ្ឋបាលស្រុក ធ្វើការតាមដានស្វែងរកបុគ្គល ឬគ្រួសារណាដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមភូមិឃុំ នៃស្រុករបស់ខ្លួន និងត្រូវណែនាំ ឬលើកទឹកចិត្តដល់ពួកគាត់ដែលមិនទាន់បានចាក់វ៉ាក់សាំង ឱ្យមកទទួលការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ នៅតាមមណ្ឌលចាក់វ៉ាក់សាំង ដែលរដ្ឋបាលស្រុកបានកំណត់ ។ បើសិនក្នុងករណីដែលបុគ្គលណាម្នាក់ ឬគ្រួសារណាមិនមានលទ្ធភាពក្នុងការមកចាក់វ៉ាក់សាំង ដោយសារមានបញ្ហាគ្មានយានជំនិះ ឬពិការភាព ឬបញ្ហានានាដែលមិនអាចមកបាន ត្រូវរៀបចំក្រុមការងារសុខាភិបាល ចុះទៅចាក់វ៉ាក់ជូនគាត់នៅតាមផ្ទះរបស់ពួកគាត់ផ្ទាល់តែម្ដង ដើម្បីសម្រួលឱ្យពួកគាត់បានទទួលវ៉ាក់សាំងដូចគេដូចឯង ទោះបីជាមានបញ្ហាផ្សេងៗធ្វើឱ្យគាត់មិនអាចដាក់នៅតាមមណ្ឌលក៏ដោយ ៕