រាជរដ្ឋាភិបាល បង្កើតគណៈកម្មការគ្រប់គ្រងនិងអភិវឌ្ឍន៍ទេសចរណ៍សៀមរាបអង្គរ


ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ សម្រេចបង្កើតគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប អង្គរ ដែលសរសេរជាអក្សរកាត់ថា គ.អ.ទ.ស. ដើម្បីដឹកនាំសម្របសម្រួល និងត្រួតពិនិត្យការអភិវឌ្ឍគោលដៅ ទេសចរណ៍ ខេត្ដសៀមរាប ដោយអនុវត្ដតាមផែនការមេ អភិវឌ្ឍន៍ទេសចរណ៍ ខេត្ដសៀមរាប ឆ្នាំ២០២១-២០៣៥ ឱ្យមានប្រសិទ្ធភាព សំដៅបង្កើនភាព ប្រកួតប្រជែង និងធានានូវនិរន្ដភាព។

តាមរយៈអនុក្រឹត្យការគ្រប់គ្រង និងការអភិវឌ្ឍទេសចរណ៍នៅតាមតំបន់ទេសចរណ៍អាទិភាពត្រូវមានអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែក ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ គ.អ.ទ.ស.។ អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ ត្រូវបានបង្កើតឡើងតាមតំបន់ចំនួន ៦គឺ តំបន់ឧទ្យានជាតិភ្នំគូលែន តំបន់ទេសចរណ៍ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី តំបន់បេតិកភណ្ឌអង្គរ តំបន់ក្រុងសៀមរាប តំបន់បឹងទន្លេសាប និងតំបន់ទេសចរណ៍សៀមរាបថ្មី ។

ការរៀបចំ និងការប្រព្រឹត្តិទៅរបស់អង្គភាព គ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែក ត្រូវសម្រេចដោយសេចក្ដីសម្រេចរបស់ប្រធាន គ.អ.ទ.ស.។ សមាសភាពជាក់ស្ដែងនៃអង្គភាព គ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែក ត្រូវសម្រេចដោយសេចក្ដីសម្រេចរបស់ប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍។ ចំពោះអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍តំបន់បេតិកភណ្ឌអង្គរ គឺជាការទទួលខុសត្រូវរបស់អាជ្ញាធរជាតិអប្សរា។
អនុក្រឹត្យបានសម្រេចឱ្យ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន គ.អ.ទ.ស. ហើយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាអនុប្រធានអចិន្ត្រៃយ៍ និងរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាអនុប្រធានផងដែរ៕