ម្ចាស់ក្សត្រីថៃបញ្ចប់ទស្សនកិច្ច ៣ថ្ងៃ


Sarinthorn 25 02 16 2 copy

     ម្ចាស់​ក្សត្រីយ៍​មហា​ចក្រី​ សិរិន​ថន បាន​យាង​ចាក​ចេញ​ពី​កម្ពុជា​ហើយ​ ក្រោយ​ដំណើរ​ទស្សន​កិច្ច​ចំនួន​ ៣​ថ្ងៃ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។ ក្នុង​ព្រះ​រាជ​ដំណើរ​នៅ​ថ្ងៃ​ចុង​ក្រោយ​ទី​២៤​ ខែ​កុម្ភៈ​នេះ ព្រះ​អង្គ​ម្ចាស់​ក្សត្រី បាន​យាង​ទស្សន​កិច្ច​ចំនួន ​៣​ខេត្ត ​ព្រម​គ្នា គឺ​ខេត្ត​ព្រៃ​វែង​… ត្បូង​ឃ្មុំ និង​ខេត្ត​កំពង់​ធំ ។

     គួរ​រំលឹក​ថា ​ក្នុង​ដំណើរ​ទស្សន​កិច្ច​នៅ​ថ្ងៃ​ទី​១​ និង​ថ្ងៃ​ទី​២ ម្ចាស់​ក្សត្រី​បាន​យាង​ទៅ​ខេត្ត​រតន​គីរី និង​ខេត្ត​កំពង់​ស្ពឺ​ ។ ម្ចាស់​ក្សត្រី​នៃ​ប្រ​ទេស​ថៃ បាន​មាន​បន្ទូល​ថា​ព្រះ​រាជ​ទស្សន​កិច្ច​ចំនួន​ ៣​ថ្ងៃ​ នៅ​កម្ពុជា​នេះ គឺ​ដើម្បី​ស្វែង​យល់​ពី​ភាព​រីក​ចម្រើន​របស់​ប្រទេស​កម្ពុជា ​ជា​ពិសេស​ លើ​ផ្នែក​នៃ​វិស័យ​អប់រំ និង​វិស័យ​សុខា​ភិបាល​របស់​កម្ពុជា​ ។

     នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ ព្រះ​អង្គ​ម្ចាស់​ក្សត្រីយ៍​ថៃ​ និង​សម្តេច​តេជោ​សែន បាន​ធ្វើ​ជា​អធិបតី​ភាព​ក្នុង​ព្រះ​រាជ​ពិធី​បញ្ចុះ​បឋម​សីលា​ សាង​សង់​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​ កំពង់​ស្ពឺ ។

     ដោយ​ឡែក​នៅ​ក្នុង​ខេត្ត​កំពង់​ធំ ​ព្រះ​អង្គ​ម្ចាស់​ក្សត្រី និង​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ ឯកឧត្តម ​ហង់ ជួន​ណា​រ៉ុន បាន​ចូល​រួម​ធ្វើ​ជា​អធិបតី ក្នុង​ព្រះ​រាជ​ពិធី​ប្រគល់​អគារ​ប្រើ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ ​នៅ​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​កំពង់​ឈើ​ទាល​ ខេត្ត​កំពង់​ធំ​ ។

     នៅ​ក្នុង​ខេត្ត​រតន​គីរី ព្រះ​អង្គ​ម្ចាស់​ក្សត្រី បាន​យាង​សម្ពោធ​អគារ​មណ្ឌល​សុខ​ភាព​មួយ ​ក្នុង​គំរោង​បង្ការ​ជំងឺ​គ្រុន​ឈាម…​ នៅ​ក្នុង​ខេត្ត​ព្រៃ​វែង ម្ចាស់​ក្សត្រី​បាន​យាង​ចូល​រួម​សម្ពោធ​អគារ​សិក្សា​ នៅ​ស្រុក​ពាមរក៍​… និង​នៅ​ក្នុង​ខេត្ត ត្បូង​ឃ្មុំ ម្ចាស់​ក្សត្រី​បាន​យាង​ទស្សន​កិច្ច​សាលា​បឋម​សិក្សា ហ៊ុន សែន តំបែរ ​។

     ក្នុង​ព្រះ​រាជ​ទស្សន​កិច្ច​ ៣​ថ្ងៃ​នេះ ផង​ទៀត ម្ចាស់​ក្សត្រី​បាន​យាង​ក្រាប​បង្គំ​គាល់​ សម្តេច​ព្រះ​មហា​ក្សត្រីយ៍​ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ​… និង​ក្រាប​បង្គំ​គាល់ ​ព្រះ​មហា​ក្សត្រ​ខ្មែរ​ព្រះ​ករុណា​ សម្តេច​ព្រះ​បរមនាថ​ នរោត្តម ​សីហ​មុនី​ ផង​ដែរ​ ។

     មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក ជុំ សុន្ទរី បាន​ឱ្យ​ដឹង​ថា ម្ចាស់​ក្សត្រិយ៍​សិរិនថន បាន​យាង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា នៅ​ម៉ោង​ ៨​ៈ​២០​នាទី យប់​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​ ២០១៦​ នេះ និង​បាន​ទៅ​ដល់​ទី​ក្រុង​បាង​កក ​វិញ​នៅ​ម៉ោង​ ៩​កន្លះ​ យប់​ថ្ងែ​ទី​២៤​ ខែ​កុម្ភៈ​នេះ ​។

Sarinthorn 25 02 16 3 copy  Sarinthorn 25 02 16 4 copy

Sarinthorn 25 02 16 5 copy  Sarinthorn 25 02 16 6 copy

Sarinthorn 25 02 16 7 copy  Sarinthorn 25 02 16 8 copy