អភិបាលខេត្តពោធិ៍សាត់ ណែនាំរដ្ឋបាលក្រុងស្រុក មន្ទីរអង្គភាព ខិតខំរៀបចំកែលម្អសោភណ្ឌភាព សណ្តាប់ធ្នាប់ និងដាំដើមឈើក្នុងដែនសមត្ថកិច្ច ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ


(ពោធិ៍សាត់)៖ ឯកឧត្តម ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ បានណែនាំដល់រដ្ឋបាលក្រុងស្រុក មន្ទីរអង្គភាព ទូទាំងខេត្ត ឲ្យខិតខំរៀបចំកែលម្អសោភណ្ឌភាព សណ្តាប់ធ្នាក់ និងដាំដើមឈើណាដែលមានប្រយោជន៍ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីត្រៀមចូលរួមអមអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ និងដើម្បីលើកកម្ពស់សោភណ្ឌភាពក្រុង ស្រុកទាំងនោះ ឲ្យបានល្អស្អាត ក្រោយពីស្ថានភាពជំងឺកូវីដ១៩ បានធូរស្បើយ។

ឯកឧត្តម ជាវ តាយ បានណែនាំបែបនេះ នៅសាលប្រជុំជាន់ទី១ អគាររដ្ឋបាលសាលាខេត្តថ្មី ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែធ្នូ ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្ត នៅខែមករា ឆ្នាំ២០២២ ដោយបានការចូលរួមពីឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុងស្រុក និងអង្គភាពចំណុះសាលាខេត្ត ប្រមាណ៦០រូប។

នេះបើតាមរបៀបវារៈនៃកិច្ចប្រជុំខាងលើរួមមាន៖ មតិបើកកិច្ចប្រជុំ របស់ឯកឧត្តមប្រធានពិនិត្យពិភាក្សាលើសេចក្តី ព្រាងរបាយការណ៍ ប្រចាំឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត សេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាព គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត សំណើសុំពិនិត្យ កែសម្រួល និងផ្តល់យោបល់លើសេចក្តីព្រាង សេចក្តីណែនាំស្តីពីដំណើរការរៀបចំកសាងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល (២០២៣-២០២៥) មតិចូលរួមរបស់សមាជិកសមាជិកា បញ្ហាផ្សេងៗ និងមតិបូកសរុបបិទអង្គប្រជុំ របស់ឯកឧត្តមប្រធាន។

ជាងនេះទៅទៀត បន្ទាប់ពីថ្នាក់ដឹកនាំ សមាជិក សមាជិកា បានលើកឡើងនូវវឌ្ឍនភាពការងារ លទ្ធផលសម្រេចបាន និងបញ្ហាប្រឈមជូនអង្គប្រជុំ រួមគ្នាត្រួតពិនិត្យ ពិភាក្សា និងធ្វើការដោះស្រាយនូវចំណុចដែលខ្វះចន្លោះនោះ រួចមក។ ឯកឧត្តម ជាវ តាយ បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានខិតខំអនុវត្ត តួនាទីភារកិច្ច ប្រកបដោយប្រសិទ្ធិភាព ក្នុងការចូលរួមគាំទ្រ គោលនយោបាយយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា។

បន្ថែមពីនេះទៀត ឯកឧត្តម ជាវ តាយ បានដាក់ចេញនូវផែនការសំខាន់ៗ ចំនួន៨ចំណុច ដើម្បីបង្កើនប្រសិទ្ធភាពការងារ ក្នុងការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ជុំវិញបញ្ហាប្រឈម និងដំណោះស្រាយ ដូចខាងក្រោម៖

*១៖ សូមឱ្យអភិបាលក្រុងស្រុក មន្ទីរ អង្គភាព ខិតខំរៀបចំសោភណ្ឌភាព សណ្តាប់ធ្នាប់ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ ជាពិសេសមានបុណ្យជាតិម្តងៗ។

*២៖ រដ្ឋបាលក្រុងស្រុក មន្ទីរ អង្គភាព ត្រូវយកចិត្តទុកដាក់ថែទាំ និងដាំដើមឈើដែលមានប្រយោជន៍បន្ថែមទៀត នៅតាមដងផ្លូវក្នុងទីប្រជុំ ដើម្បីលើកកម្ពស់សោភណ្ឌភាព។

*៣៖ ចំពោះបញ្ហាព្រៃលិចទឹកតំបន់៣ ក្រសួងរៀបចំដែនដី និងក្រសួងធានធានទឹក បានសហការឯកភាពបញ្ជាន់ផែនទី ហើយគ្រោងនឹងបញ្ចប់បេសកកម្មក្នុងពេលខាងមុខ។

*៤៖ ខិតខំរៀបចំប្លង់មេ សម្រាប់ការអភិវឌ្ឍន៍តាមបណ្តាក្រុងស្រុក និងទប់ស្កាត់ឱ្យខាងតែបាន នូវការទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិ។

*៥៖ បន្តចុះបញ្ជីដីធ្លីរបស់រដ្ឋ ដើម្បីធានាដល់អត្ថប្រយោជន៍រួម។

*៦៖ ករណីអភិបាលស្រុកកណ្តៀង ដែលលើកឡើងនូវបញ្ហាគ្រោះចរាចរណ៍ និងការចិញ្ចឹមទាប៉ះពាល់ដល់បរិស្ថាន ត្រូវផ្សាព្វផ្សាយ និងអញ្ជើញគូរភាគី ដើម្បីជួបដោះស្រាយនៅក្នុងកិច្ចប្រជុំចង្អៀតមួយ។

*៧៖ ចំពោះរបាយការណ៍ប្រចាំឆ្នាំ របស់រដ្ឋបាលខេត្ត មន្ទីរ អង្គភាព និងអភិបាលក្រុងស្រុក ត្រូវធ្វើការត្រួតពិនិត្យ និងកែសម្រួល យ៉ាងយូរ១៤ថ្ងៃ ដើម្បីសម្រេចឆ្លងសន្និបាទប្រចាំឆ្នាំ។

*៨៖ ជុំវិញករណីគ្រឿងញៀន ល្បែងស៊ីសង ចោរកម្ម ដែលបង្ករអសន្តិសុខដល់ប្រជាពលរដ្ឋ យើងត្រូវសហការរួមគ្នា បង្ក្រាបឱ្យខាងតែបាន ដើម្បីឱ្យភូមិ ឃុំ សង្កាត់របស់យើង មានសុខសុវត្ថិភាព៕