ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន បានអញ្ជើញជួបសំណេះសំណាល ផ្ដល់សេវាពិនិត្យសុខភាព ព្យាបាលជំងឺ និងផ្ដល់សេវាអនាម័យកុមារាចំនួន១០០នាក់ ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង


កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ ឯកឧត្តមវេជ្ជ. សុះ មុះសិនសមាជិករដ្ឋសភា ជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ កុប ម៉ារីយ៉ាស់ តំណាងរាស្ដ្រខេត្តកំពង់ឆ្នាំង ឯ,ឧ វេជ្ជ. សាន់ ស៊ាប់អ៊ី រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក វេជ្ជ. ហ៊ីម សុក្រី អនុប្រធាននាយកដ្ឋាន សហប្រតិបត្តិការអន្ដរជាតិនៃក្រសួងសុខាភិបាល និងប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តសមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ផ្ដល់សេវាពិនិត្យសុខភាព ព្យាបាលជំងឺ និងផ្ដល់សេវាអនាម័យកុមារា ហៅថា (ខ តាន់) ស្ថិតនៅក្នុងភូមិព្រៃពីស ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
ឯ,ឧ វេជ្ជ. សុះ មុះសិន បានផ្ដាំផ្ញើរឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ និង២ចូលរួមទាំងអស់គ្នា ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការកាត់បន្ថយអាត្រាឆ្លង និងឈានទៅលុបបំបាត់ជំងឺដ៏កាចសាហាវទាំងនេះ ឲ្យបានក្នុងពេលដ៏ខ្លីខាងមុខ តាមគោលនយោបាយដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី ។
ឯ,ឧ វេជ្ជ. បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះវិស័យសុខាភិបាល ក៏ត្រូវបានលើកកម្ពស់ពីមួយជំហ៊ាន ទៅមួយជំហ៊ាន ទាំងសេវាពិនិត្យព្យាបាល និងផ្តល់ជាថ្នាំលេបជូនដល់ប្រជាពលរដ្ឋក្រីក្រ នៅតាមមូលដ្ឋាន និងសហគមន៍នានានៅទូទាំងប្រទេស ដោយមិនប្រកាន់ពូជសាសន៍ សាសនា ព័ណ៌សប្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ការពិនិត្យព្យាបាលជំងឺមានដូចជា ការពិនិត្យព្យាបាលជំងឹទូទៅ ជំងឺកុមារ ជំងឺមាត់ធ្មេញ ជំងឺភ្នែក និងសេវាអនាម័យកុមារា ហៅថា (ខ តាន់) ។ល។
ឯ,ឧ បានបន្ថែមទៀតថា ចំណែកការធ្វើអនាម័យកុមារា ហៅថា(ខ តាន់)គឺស្របទៅតាមក្បួនច្បាប់ប្រពៃឥស្លាម ជាការរៀបចំតាមជំនឿផ្នែកអនាម័យរបស់សាសនិកឥស្លាម ពលរដ្ឋឥស្លាមគ្រប់រូបត្រូវតែធ្វើអនាម័យ ចាប់ពីកុមារា រហូតដល់មុនពេញវ័យ មុននឹងគោរពប្រតិបត្តិសាសនាឥស្លាម គឺត្រូវធ្វើចិត្តឲ្យស្ងប់ និងស្អាតដើម្បី បំពេញកាតព្វកិច្ចជាសាសនិកឥស្លាម ក្នុងការលើកកម្ពស់សាសនាឥស្លាមដែលមាន អាយុកាលដ៏យូរលង់ណាស់មកហើយនោះឲ្យបានគង់វង្ស ត្រូវតែប្រព្រឹត្តិអំពើល្អរវាងសាសនិកឥស្លាម និងពុទ្ធសាសនិកដែលមាន មូលដ្ឋានជាប់ៗគ្នា ត្រូវចេះរួមសហការគ្នា ស្រលាញ់រាប់អានគ្នាព្រោះយើងជាពលរដ្ឋកម្ពុជាតែមួយទោះបីជាយើងកាន់សាសនាផ្សេងគ្នា ការហូបចុកផ្សេងគ្នា តែយើងរបស់នៅគឺក្រោមច្បាប់រដ្ឋធម្មនុញ្ញតែមួយ នៃព្រះរាជាណាចក្រកម្ពុជា ។ឯ,ឧ បានឲ្យដឹងដែរថា គម្រោងធ្វើអនាម័យកុមារា និងការពិនិត្យព្យាបាលជំងឺនេះ គឺក្រោមកិច្ចសហការ រវាងសមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា និងសមាគមសប្បុរសធម៌ឌូប៉ៃ នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត់ ក្នុងគម្រោងនេះគឺយើងបានធ្វើអនាម័យកុមារាចំនួន ១៥០នាក់ និងពិនិត្យព្យាបាលជំងឺ បានចំនួន ១០០នាក់ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យបានជាង ១% ក្នុងមួយឆ្នាំៗ ស្របទៅតាមគោលនយោបាយ យុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤ ក្នុងអណ្ដតិទី៦ នេះផងដែរ ។សូមបញ្ជាក់ផងដែរថា កម្មវិធី (ខតាន់) ដោយឥតគិតថ្លៃនេះមិនមែនជាលើកទី១ ទេតែសមាគមបានធ្វើជារៀងរាល់ឆ្នាំ និងជាច្រើនឆ្នាំរួចមកហើយ ដោយក្នុង ១ឆ្នាំគឺ ១៥០០នាក់ ក្នុងក្របខណ្ឌទូទាំងប្រទេស ។ហើយពេលនេះ គឺជាថ្ងៃទី១ នៃកម្មវិធីអនាម័យកុមារា ហៅថា ខ តាន់ នៃឆ្នាំ២០២២ កម្មវិធីនេះនឹងបន្ដធ្វើនៅតាមបណ្ដាខេត្ត ផ្សេងៗទៀតផងដែរ ៕