ម៉ាស៉ីនលាងឈាម ចំនួន៥គ្រឿង និងឧបករណ៍បរិក្ខារពេទ្យ ត្រូវបានផ្ដល់ជូនមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង


លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ បានប្រគល់ ម៉ាស៉ីនលាងឈាមចំនួន៥គ្រឿង, ទឹកសម្លាប់មេរោគ Sakkin និងឧបករណ៍បរិក្ខារពេទ្យត្រូវបានផ្ដល់ជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។

សម្ភារបរិក្ខាពេទ្យ និងម៉ាស៉ីនលាងឈាម ចំនួន៥គ្រឿងនេះ ជាអំណោយរបស់ក្រុមហ៊ុន ឆាយ វ៉ាង ឯ.ក និងក្រុមហ៊ុន អេហ្វ វ៉ាយ ជី ស៉ី (ខេមបូឌា) ឯ.ក ជូនមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង តាមរយៈក្រសួងសុខាភិបាល។

លោកជំទាវ ស៉ីវ ស្រីណា នាយិកាក្រុមហ៊ុន អេហ្វ វ៉ាយ ជី ស៉ី (ខេមបូឌា) ឯ.ក បានលើកឡើងថា ចក្ខុវិស័យរបស់ក្រុមហ៊ុនគឺនាំចូល និងផលិតនូវផលិតផលឱសថ និងឧបករណ៏បរិក្ខារពេទ្យដែលមានគុណភាពខ្ពស់ ដើម្បីបម្រើដល់វិស័យសុខាភិបាល។ ក្នុងនោះដែរ Sakkin Water ជាសមិទ្ធផលទីមួយ ដែលទទួលបានសិទ្ធិផលិត និងចែកចាយពីក្រុមហ៊ុនជប៉ុនដែលជាដៃគូរសហការហើយទទួលបានការគាំទ្រខ្លាំងបំផុតនាពេលបច្ចុប្បន្នពីសំណាក់អ្នកប្រើប្រាស់ក្នុងការការពារសុខភាព របស់ពួកគាត់ក្នុងបរិបទនៃជំងឺកូវីដនេះ។

ការគាំទ្ររបស់អតិថិជនជាកម្លាំងជំរុញឲ្យក្រុមហ៊ុនបន្តខិតខំប្រឹងប្រែងនាំមកនូវផលិតផលនិងបច្ចេកវិទ្យាថ្មីដែលល្អបំផុតជូនដល់ប្រជាពលរដ្ឋខ្មែរបានប្រើប្រាស់ដើម្បីជួយពង្រឹង និងលើកកម្ពស់សុខភាព សុខមាលភាពរបស់ប្រជាពលរដ្ឋខ្មែរឲ្យកាន់តែប្រសើរឡើង។

ថ្ងៃនេះក្រុមហ៊ុនមានសេចក្តីសោមនស្សរីករាយណាស់ដែលបានផ្តល់ជូននូវម៉ាស៉ីនលាងឈាម ចំនួន៥គ្រឿង ទឹកសម្លាប់មេរោគSakkin និងឧបករណ៍បរិក្ខារពេទ្យមួយចំនួនទៀតដល់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង សម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងវិស័យសុខាភិបាល។ លោកស្រីបន្ដថា សម្ភារទាំងអស់នេះ នឹងជួយចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

ជាក់ស្ដែងកាលពីថ្ងៃច័ន្ទសប្តាហ៍មុនក្រុមហ៊ុន ក៏បានផ្តល់ជូនឧបករណ៍ម៉ាស៊ីនលាងឈាម ចំនួន៥គ្រឿង ទឹកសម្លាប់មេរោគ Sakkin ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ហើយសម្រាប់ថ្ងៃនេះក្រុមហ៊ុនមានសេចក្តីសោមនស្សរីករាយណាស់ ដែលបានផ្តល់ជូននូវឧបករណ៍ម៉ាស៊ីនលាងឈាម
ចំនួន៥គ្រឿង ទឹកសម្លាប់មេរោគ Sakkin និងឧបករណ៍បរិក្ខាពេទ្យមួយចំនួនទៀត ដល់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

ថ្លែងក្នុងឱកាសនោះ លោកជំទាវ ឱ វណ្ណឌីន បានសម្ដែងនូវការអរគុណដល់ក្រុមហ៊ុន ឆាយ វ៉ាង ឯ.ក និងក្រុមហ៊ុន អេហ្វ វ៉ាយ ជី ស៉ី (ខេមបូឌា) ឯ.ក និងចាត់ទុកថា សម្ភារបរិក្ខាពេទ្យ និងម៉ាស៉ីនលាងឈាមនេះ ជាសក្ខីភាពឆ្លុះបញ្ចាំងពីវិស័យឯកជន ក្នុងបរិបទនៃការអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា។

លោកជំទាវ ឱ វណ្ណឌីន បានអះអាងថា ក្រុមហ៊ុនបានផ្ដល់ម៉ាស៉ីនលាងឈាមនេះ ចំនួន១០គ្រឿង ដោយក្នុងនោះ ផ្ដល់ជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ចំនួន៥គ្រឿង កាលពីសប្ដាហ៍កន្លងទៅ និងបានផ្ដល់ជូនមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ចំនួន៥គ្រឿង នាពេលនេះ។

ព្រមពេលជាមួយគ្នានេះ លោកជំទាវ ឱ វណ្ណឌីន បានកត់សម្គាល់ថា ម៉ាស៉ីននេះពិតជាមានសារសំខាន់ខ្លាំងណាស់ ដើម្បីចូលរួមចំណែកជួយសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋ ដែលមានតម្រូវការលាងឈាម ដោយមិនចាំបាច់ធ្វើដំណើរទៅឆ្ងាយ។ បើតាមលោកស្រី ឱ វណ្ណឌី នៅពេលទទួលបានម៉ាស៉ីនដែលបម្រើឲ្យវិស័យសុខាភិបាលទំនើបហើយនោះ កត្តាធនធានមនុស្សដែលមានជំនាញក្នុងការប្រើប្រាស់ក៏ត្រូវតែមានជាចាំបាច់ផងដែរ។

បន្ថែមពីនេះ លោកជំទាវ ឱ វណ្ណឌីន ក៏បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋតាំងពីដូសមូលដ្ឋាន រហូតដល់ដូសទី៣ ឬដូសជំរុញថែមទៀតផង ខណៈប្រទេសមួយចំនួនមិនទាន់សម្រេចបានដូចកម្ពុជានោះទេ។ ហើយពេលនេះ រាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យដំណើរការចាក់ដូសទី៤ ជូនមន្ដ្រីជួរមុខថែមទៀតផង។

ប្រឈមជាមួយនឹងជំងឺកូវីដ១៩ ប្រភេទអូមីក្រុង ដែលមានវត្តមាននៅកម្ពុជានេះ លោកស្រី ឱ វណ្ណឌីន បានបង្ហាញពីការព្រួយបារម្ភនូវជំងឺនេះ និងថ្លែងជំរុញដល់ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងគ្រប់ដូសមូលដ្ឋានហើយនោះ នៅពេលដល់វេលាកំណត់ក គឺត្រូវមកទទួលយកនូវការចាក់ដូសជំរុញបន្ថែមទៀត ដើម្បីពង្រឹងប្រព័ន្ធការពារ។

ប៉ុន្ដែលោកជំទាវ ឱ វណ្ណឌីន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋមិនត្រូវស្លន់ស្លោ ឬភិតភ័យខ្លាំងជាមួយជំងឺកូវីដ១៩ បំប្លែងថ្មី តែក៏មិនត្រូវហ៊ានពេកនោះដែរ ពោលត្រូវតែអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានសុខាភិបាល។

យ៉ាងណាក៏ដោយ លោកជំទាវ ឱ វណ្ណឌីន បានក្រើនរំលឹកថា បើទោះបីចាក់វ៉ាក់សាំងបានគ្រប់ចំនួន តាំងពីដូសមូលដ្ឋាន ដល់ដូសជំរុញក៏ដោយ បុគ្គលម្នាក់ៗមិនត្រូវធ្វេសប្រហែសជាមួយជំងឺកូវីដ១៩នោះទេ ពោលត្រូវតែអនុវត្តឲ្យបានត្រឹមត្រូវនូវវិធានសុខាភិបាល ពិសេសវិធានការ ៣ការពារ និង៣កុំ៕