អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សបន្តចូលរួមអនុវត្ត វិធានការសុខាភិបាល ដើម្បីសាលារៀនក្លាយជាទីកន្លែងផ្តល់ការអប់រំប្រកបដោយសុវត្ថិភាព


អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានអំពាវនាវដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងជា ពិសេសក្មួយៗសិស្សានុសិស្សទាំងអស់ សូមបន្តចូលរួមទាំងអស់គ្នាអនុវត្តតាមវិធានការសុខា ភិបាលនានា ដើម្បីសាលារៀនយើងក្លាយជាទីកន្លែង ដែលផ្តល់ការអប់រំប្រកបដោយសុវត្ថិ ភាព និងមិនមែនជាកន្លែងចម្លងមេរោគកូវីដ-១៩ចូលសហគមន៍នោះទេ។

ការថ្លែងរបស់ឯកឧត្តម អ៊ុំ រាត្រី បានធ្វើឡើងនៅក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២ នៅវិទ្យាល័យ ហ៊ុន សែន ខ្លាកូន ក្រុងសិរីសោភ័ណកាលពីរសៀលថ្ងៃ៨កើត ខែបុស្ស ឆ្នាំឆ្លូ វត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២។

ឯកឧត្តមបានបញ្ជាក់ថា ខ្ញុំសូមចូលរួមអបអរសាទរ ជាមួយក្រសួងអប់រំ យុវជន និង កីឡា ក្នុងថ្ងៃបើកបវេសនកាលសម្រាប់ឆ្នាំសិក្សា២០២១ ២០២២ ដែលសិស្សានុសិស្សគ្រប់ ថ្នាក់ និងគ្រប់ភូមិសិក្សានៅទូទាំងប្រទេស បានចូលរៀនដោយផ្ទាល់ឡើងវិញបន្ទាប់ពីថ្នាក់ រៀន ត្រូវបានជំនួសដោយការរៀនពីចម្ងាយ អស់រយៈពេលជិត២ឆ្នាំមកហើយ។

ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមជាប្រជាពលរដ្ឋ និងជាអាណាព្យាបាល ខ្ញុំសូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និង កីឡា និង ជាពិសេសលោកគ្រូ អ្នកគ្រូ ដែលក្នុងរយៈកាលកន្លងមកនេះ បានខិតខំប្រឹងប្រែង តស៊ូជម្នះការលំបាកសព្វបែបយ៉ាង ដើម្បីធានាបាននូវការបន្តផ្តល់ការអប់រំដល់សិស្សានុ សិស្ស ក្នុងដំណាក់កាលដ៏លំបាក នៃការឆ្លងរាលដាលជំងឺកូវីដ-១៩នេះ។

អភិបាលខេត្តបន្ទាយមានជ័យ បានបន្ថែមទៀតថា ឆ្នាំ២០២២បានបង្ហាញពីការបើក ឡើងវិញនៃសង្គមសេដ្ឋកិច្ច ក្នុងប្រក្រតីភាពនៃគន្លងថ្មីដែលយើងទាំងអស់គ្នាត្រូវរៀនរស់នៅ ជាមួយវាក្នុងលក្ខណៈយូរអង្វែងនោះ។

ឯកឧត្តម អ៊ុំ រាត្រី បន្តថា ពេលនេះរាជរដ្ឋាភិបាល បាននិងកំពុងខិតខំប្រឹងប្រែង ក្នុងការ អភិវឌ្ឍសង្គម សេដ្ឋកិច្ចបន្តទៀត និងបានចាត់ទុកការអភិវឌ្ឍធនធានមនុស្ស គឺជាអាទិភាពទី ១ រួមជាមួយនឹងការប្ដេជ្ញាឱ្យបាននូវមុំទី១ គឺការពង្រឹងគុណភាពអប់រំវិទ្យាសាស្រ្ត និងបច្ចេក វិទ្យា តាមរយៈការទាញយកផលប្រយោជន៍ ពីការអនុវត្តភាពនៅក្នុងតំបន់ និងអន្តរជាតិដើម្បី ធានាបានកំណើនសេដ្ឋកិច្ចខ្ពស់។

ជាមួយនេះដែរអភិបាលខេត្តបន្ទាយមានជ័យ ក៏បានក្រើនរម្លឹកដល់សិស្សានុសិស្ស ទាំងអស់ត្រូវចៀសឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ព្រោះគ្រឿងញៀននាំឱ្យបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិ ៕