អភិបាលខេត្តកែបជំរុញឱ្យសមាជិកកាកបាទក្រហមខេត្ត និងអាជ្ញាធរពាក់ព័ន្ធបន្តចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩


អភិបាលខេត្តកែប បានជំរុញឱ្យសមាជិកកាកបាទក្រហមខេត្តនិងអាជ្ញាធរពាក់ព័ន្ធ បន្តចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ឱ្យមាន ប្រសិទ្ធភាព ដើម្បីកាត់ផ្តាច់ជំងឺដ៏កាចសាហាវនេះ ធានាបាននូវសុខភាពប្រជាពលរដ្ឋល្អប្រសើរ។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងាររបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកែប ប្រចាំឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២២ នៅសាខាកាកបាទក្រហមកម្ពុជាខេត្តកែប កាលពីរសៀលថ្ងៃ ទី១១ ខែមករា ឆ្នាំ២០២២ ឯកឧត្តម សោម ពិសិដ្ឋ ប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកែបបានក្រើនរំឭកថា ក្នុងស្ថានភាពបច្ចុប្បន្ន ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទាមទារឱ្យមាន ការចូលរួម និងសហការយ៉ាងស្អិតល្មួត ពីភាគីពាក់ព័ន្ធទាំងអស់ ក្នុងន័យនេះ សមាជិក សមាជិកា សាខាកាកបាទក្រហមកម្ពុជាប្រចាំខេត្តកែប ត្រូវប្តេជ្ញាបន្តខិតខំចូលរួម និងសហការជាមួយនឹងអាជ្ញាធរក្នុងមូលដ្ឋានឱ្យកាន់តែខ្លាំងក្លាមួយកម្រិតទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការចូលរួមចំណែកអប់រំផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋតាមសហគមន៍ អំពីវិធានសុខាភិបាល និងវិធានការរដ្ឋបាលរបស់ រាជរដ្ឋាភិបាល ដើម្បីកាត់ផ្តាច់វីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីអូមីក្រុង។

ឯកឧត្តមក៏សូមអំពាវនាវ ដល់ប្រជាពលរដ្ឋទូទាំងខេត្តកែប ត្រូវទៅចាក់វ៉ាក់សាំងដូសជំរុញបានគ្រប់ៗគា្ន និងត្រូវប្រកាន់ខ្ជាប់នូវវិធានសុខាភិបាល ជាពិសេស វិធានការ ៣កុំ និង ៣ការពារ ក្នុងគោលបំណងការពារសុវត្ថិភាព សុខភាព ក៏ដូចជា សុខុមាលភាពរបស់ក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិ។

ជាមួយគ្នានោះ ឯកឧត្តមសោម ពិសិដ្ឋ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ សមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខា ដែលបានចំណាយពេលវេលា ចំណាយកម្លាំងនិងថវិកាក្នុងការឧបត្ថម្ភដល់សាខាកាកបាទក្រហម សម្រាប់ជួយសង្គ្រោះ ដល់ជនងាយរងគ្រោះដោយសារខ្យល់កន្ត្រាក់ ទឹកជំនន់ ជំងឺកូវីដ-១៩ និងចាស់ជរាគ្មានទីពឹងនៅមូលដ្ឋាន បានយ៉ាងល្អប្រសើរ។

សូមបញ្ជាក់ថា គោលបំណង នៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យមើលលទ្ធផលការងារដែលសម្រេចបានកន្លងមក ក៏ដូចជាបញ្ហាប្រឈមនានា ដែលគណ:កម្មាធិការសាខាជួបប្រទះ និងធ្វើការដោះស្រាយនូវសំណូមពរមួយចំនួន ដែលមាននៅក្នុងគណ:កម្មាធិការសាខា និង អនុគណ:កម្មាធិការសាខា ព្រមទាំងបំផុសចលនាកៀរគរប្រមូលថវិកា សមាជិកភាព និងថវិកាហឹបសង្រ្គោះប្រចាំឆ្នាំ ដើម្បីជួយគាំទ្រដល់ សកម្មភាពមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកែប។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី អនុប្រធាន អចិន្ត្រៃយ៍ សមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខា ក្រុង ស្រុក និងក្រុមប្រតិបត្តិសាខាកាកបាទក្រហមខេត្តផងដែរ៕