អង្គការសហប្រជាជាតិ៖ សម្តេចតេជោដើរតួនាទីសំខាន់ក្នុងកិច្ចការអន្តរជាតិ ជាមួយនឹងតំណែងប្រធានអាស៊ាន២០២២


(ភ្នំពេញ)៖ អង្គការសហប្រជាជាតិបានមើលឃើញថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ អាចតួនាទីសំខាន់ នៅក្នុងកិច្ចការអន្តរជាតិ នាពេលនេះ។ នេះបើតាមការបញ្ជាក់របស់ លោកជំទាវបណ្ឌិត ណូលីន ហេយហ្សី (Noeleen Hayzer) ប្រេសិតពិសេសថ្មី របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា។

ក្នុងជំនួបតាមប្រព័ន្ធវីដេអូជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ លោកជំទាវបណ្ឌិត ណូលីន ហេយហ្សី បានអបអរសាទរជូន សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលទទួលតួនាទីជាប្រធានអាស៊ានឆ្នាំនេះ ជាពិសេសកម្ពុជាមានប្រេសិតពិសេសរបស់ប្រធានអាស៊ាន ដើម្បីធ្វើការនៅប្រទេសមីយ៉ាន់ម៉ា។ លោកជំទាវ សម្តែងនូវការរីករាយចំពោះអ្វីដែលសម្តេចបានជំរុញការងារពាក់ព័ន្ធនឹងមីយ៉ាន់ម៉ា ដោយសារមាននៅក្នុងស្មារតីមួយដែលបន្ទាន់ចំពោះសភាពការណ៍មីយ៉ាន់ម៉ា។

«លោកជំទាវបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ាននេះ អង្គការសហប្រជាជាតិបានមើលឃើញថា សម្តេចអាចដើរតួនាទីសំខាន់ក្នុងកិច្ចការអន្តរជាតិ ហើយលោកស្រីរំពឹងថា អង្គការសហប្រជាតិ និងលោកជំទាវ ក្នុងនាមជាប្រសិតពិសេសអគ្គលេខាធិការអង្គការសហប្រជាជាតិ អាចសហការគ្នាដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាផ្សេងៗក្នុងតំបន់ ជាពិសេសមីយ៉ាន់ម៉ាតែម្តង»។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី។

នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងអបអរសាទរចំពោះលោកជំទាវ ដែលត្រូវបានតែងតាំងជាប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកមីយ៉ាន់ម៉ា។ សម្តេចបានរំលេចអំពីដំណើរទស្សនកិច្ចរបស់សម្តេច ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីពេលថ្មីៗនេះ ដែលចំណុចសំខាន់គឺមិនបានចេញឆ្ងាយអំពីធម្មនុញ្ញអាស៊ាន និងកុងសង់ស៊ីស៥ចំណុចរបស់អាស៊ាន។

សម្តេចតេជោ បានបញ្ជាក់ថា គោលដៅទស្សនកិច្ចការងាររបស់សម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា គឺរកមធ្យោបាយដើម្បីបញ្ចប់អំពើហិង្សា និងការអនុវត្តបទឈប់បាញ់នេះ ដែលជាកត្តាសំខាន់នៃចំណុចកុងសង់ស៊ីសទាំង៥របស់អាស៊ាន ហើយមិនត្រឹមតែប៉ុណ្ណោះ ធ្វើយ៉ាងណាផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា ដែលកំពុងត្រូវការជំនួយជាចាំបាច់នៅក្នុងគ្រានេះ។

សម្តេចថ្លែងថា យើងមិនអាចនៅជាប់គាំងដូចស្ថានភាពបច្ចុប្បន្ននេះទេ គឺធ្វើយ៉ាងម៉េចត្រូវបន្តរកមធ្យោបាយទម្លុះស្ថានភាពជាប់គាំងនេះ សំខាន់គឺថា ត្រូវចាប់ឱកាសដើម្បីជំរុញដល់ការចរចារ ហើយផ្ទៃក្នុងអាស៊ានក៏ត្រូវធ្វើការជាមួយគ្នាជាពិសេសដើម្បីឱ្យមានការឯកភាពគ្នា។ សម្តេចនៅតែគូសបញ្ជាក់អំពីការងារដែលជាអាទិភាព២ ក្នុងចំណុចកុងសង់ស៊ីសទាំង៥ នោះគឺទី១៖ បទឈប់បាញ់បញ្ឈប់អំពើហិង្សា និងទី២៖ ការផ្តល់ជំនួយមនុស្សធម៌។ សម្តេចលើកឡើងថា យើងត្រូវធ្វើការរួមគ្នា ដែលមិនមែនត្រឹមតែអាស៊ាននោះទេ ប៉ុន្តែត្រូវធ្វើគ្រប់ភាគីពាក់ព័ន្ធផ្សេងទៀត រួមទាំងអង្គការសហប្រជាជាតិតែម្តង។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងការអនុវត្តបទឈប់បាញ់នេះ គឺត្រូវធ្វើយ៉ាងណាត្រូវមានអាស៊ានត្រ័យការណ៍ ដែលធ្វើយ៉ាងណាឱ្យមានកម្ពុជាជាប្រធានអាស៊ាន ហើយអតីតប្រធានអាស៊ានគឺប្រ៊ុយណេ និងប្រធានអាស៊ានអនាគតក្រោយពីប្រទេសកម្ពុជា គឺប្រទេសឥណ្ឌូនេស៊ី ដើម្បីតាមដានអំពីការអនុវត្តបទឈប់បាញ់នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ដោយឡែកពាក់ព័ន្ធនឹងការងារជំនួយមនុស្សធម៌វិញ សម្តេចក៏បានមានប្រសាសន៍ដែរថា គឺត្រូវមានការចូលរួមរបស់ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន អគ្គលេខាធិការអាស៊ាន និងមជ្ឈមណ្ឌល AHA រួមទាំងការសម្របសម្រួលរបស់មីយ៉ាន់ម៉ា បូកនឹងភ្នាក់ងារអង្គការសហប្រជាជាតិផងដែរ។

សម្តេចតេជោ និងលោកជំទាវបណ្ឌិត ណូលីន ហេយហ្សី មានការឯកភាពគ្នាថា ត្រូវតែមានការងារបន្ទាន់ ជាពិសេសការអនុវត្តបទឈប់បាញ់ បញ្ឈប់អំពើហិង្សា ការផ្តល់ជំនួយ និងការសន្ទនាជាមួយភាគីពាក់ព័ន្ធទាំងអស់។

លោកជំទាវបណ្ឌិត ណូលីន ហេយហ្សី បានថ្លែងអំណរគុណ ហើយលោកជំទាវបានចាត់ទុកថា អ្វីដែលសម្តេចតេជោ ហ៊ុន សែន កំពុងធ្វើនេះគឺជាការងារដ៏សំខាន់ ហើយអង្គការសហប្រជាជាតិបានមើលឃើញពីតួនាទីនៃអង្គការនៅក្នុងតំបន់ ដូចជាអាស៊ានជាដើម។ លោកជំទាវ បានប្តេជ្ញាចិត្តនឹងធ្វើការងារជាមួយអាស៊ាន និងប្រធានអាស៊ាន ជាពិសេសធ្វើយ៉ាងណាជួយកុំឱ្យស្ថានភាពមីយ៉ាន់ម៉ានេះ ធ្លាក់ចុះជាងស្ថានភាពបច្ចុប្បន្ន ជាពិសេសលោកជំទាវគិតថា តួនាទីប្រធានអាស៊ាន និងអាស៊ានពាក់ព័ន្ធ មានតួនាទីសំខាន់ ក្នុងការជំរុញដល់ការអនុវត្តកុងសង់ស៊ីស៥ចំណុច។

ចុងបញ្ចប់ នៃកិច្ចសន្ទនានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យប្រេសិតពិសេសអង្គការសហប្រជាជាតិប្រចាំមីយ៉ាន់ម៉ា ធ្វើការផ្ទាល់ជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដែលជាប្រេសិតពិសេសប្រធានអាស៊ានឆ្នាំ២០២២ ដើម្បីសម្របសម្រួលដល់បញ្ហានៅក្នុងប្រទេសមីយ៉ាន់ម៉ាបន្តទៀត៕