សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា អញ្ជើញចាក់វ៉ាក់សំាងដូសទី៤


សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២នេះ និងសមាជិកសមាជិការដ្ឋសភា ព្រមទាំងសហព័ទ្ធ បានអញ្ជើញមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ (Pfizer) ដូសទី៤ នៅវិមានរដ្ឋសភា ដែលរៀបចំឡើងដោយក្រសួងសុខាភិបាល និងអគ្គលេខាធិការដ្ឋានរដ្ឋសភា។

ក្នុងឱកាសនោះដែរ សម្តេចប្រធានបានអំពាវនាវដល់ជនរួមជាតិទំាងអស់ ទៅចាក់វ៉ាក់សំាងដូសជំរុញឱ្យបានគ្រប់ៗគ្នា និងបន្តអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនដើម្បីការពារជំងឺកូវីដ-១៩ ពិសេសទប់ស្កាត់វីរុសបំប្លែងថ្មី អូមីក្រុង កុំឱ្យឆ្លងរីករាលដាលក្នុងសង្គមជាតិ។ សម្តេចពញាចក្រីបានមានប្រសាសន៍បន្ថែមថា ទោះបីបងប្អូនជនរួមជាតិបានចាក់វ៉ាក់សំាងដូសជំរុញលើកទី៣ និងលើកទី៤ហើយយ៉ាងណាក្តី សូមបន្តអនុវត្តន៍វិធានការសុខាភិបាល “៣ការពារ ៣កុំ” ឱ្យបានខ្ជាប់ខ្ជួនជាប្រចាំ ទើបអាចទប់ស្កាត់កុំឱ្យជំងឺកូវីដ-១៩នេះរីក រាលដាលនៅក្នុងសង្គមជាតិបានសារជាថ្មីបាន។

សម្ដេចប្រធានរដ្ឋសភាបានលើកឡើងថា ការផ្អាកសង្គមនិងសេដ្ឋកិច្ចរបស់សកលលោក ក៏ដូចជាប្រទេសកម្ពុជានាពេលកន្លងមក ពិតជាបានបង្កការលំបាកទំាងក្នុងការរស់នៅ និងជីវភាព។ សម្តេចប្រធានបានគូសបញ្ជាក់ថា ដើម្បីចៀសផុតពីការលំបាកទំាងនោះម្តងទៀត សូមជនរួមជាតិចូលរួមចាក់វ៉ាក់សំាង និងអនុវត្តន៍វិធានការសុខាភិបាលឱ្យបានហ្មត់ចត់ និងគ្រប់ៗគ្នា មិនត្រូវធ្វេសប្រហែសឡើយ។ មានតែការចូលរួមរបស់បងប្អូនជនជាតិគ្រប់គ្នាប៉ុណ្ណោះទើបគ្រួសារយើង សង្គមជាតិយើង អាចឈ្នះនឹងជំងឺកូវីដ-១៩បាន។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងការកោតសរសើរចំពោះរាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែងការពារអាយុជីវិតប្រជាពលរដ្ឋយើងពីជំងឺដ៏កាចសាហាវនេះ ជាពិសេសការអនុវត្តគោលនយោបាយវ៉ាក់សំាង បានយ៉ាងជោគជ័យ រហូតអាចឈានដល់ការបើកសង្គមនិងសេដ្ឋកិច្ចបានឡើងវិញនៅពេលនេះ។ សម្តេចប្រធានរដ្ឋសភា ក៏បានថ្លែងអំណរគុណចំពោះបណ្តាប្រទេសជាមិត្ត អង្គការដៃគូអភិវឌ្ឍន៍ទំាងឡាយដែលបានផ្តល់ជំនួយជាថវិកា វ៉ាក់សំាង និងឧបករណ៍វេជ្ជសាស្រ្តដល់កម្ពុជា ក្នុងការទប់ស្កាត់ ការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ-១៩បានរហូតមក៕