សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភ៥ម៉ឺនដុល្លារ ដល់ការព្យាបាលដាច់សរសៃជង្គង់របស់កីឡាករ ចាន់ វឌ្ឍនាកា


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភទឹកប្រាក់៥ម៉ឺនដុល្លារ (50,000 USD) ដើម្បីជួយព្យាបាលជំងឺដាច់សរសៃជង្គង់របស់កីឡាករបាល់ទាត់ ចាន់ វឌ្ឍនាកា ដែលជាកូនប្រុសរបស់លោក ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម។

តាមបណ្តាញសង្គម Facebook លោក ចាន់ ចេស្តា បានសរសេរបង្ហោះនៅថ្ងៃរសៀលនេះថា «ក្នុងនាមខ្ញុំ បាទជាឪពុកម្ដាយ និងក្រុមគ្រួសាររបស់កីឡាករ ចាន់ វឌ្ឍនាកា សូមលំអោនកាយ គោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះ គុណូបការ:ដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានជួយឧបត្ថម្ភថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ ចំនួន 50,000$ (ប្រាំម៉ឹនដុល្លារសហរដ្ឋអាមេរិក) ដើម្បីព្យាបាលរបួសរបស់កូន ខ្ញុំបាទ»

ការប្រកាសនេះ ក្រោយក្លិបបាល់ទាត់បឹងកេតបានប្រកាសជាផ្លូវការអំពីស្ថានភាពរបួសរបស់ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា ហើយដោយរូបគេបានដាច់សរសៃជង្គង់ខាងស្ដាំ និងត្រូវធ្វើការវះកាត់ផងដែរ បន្ទាប់ពីរងរបួសអំឡុងការប្រកួតក្នុងពានរង្វាន់មិត្តភាព Prince Beer Pre-Season Cup 2022 រវាងក្រុមបឹងកេតទល់នឹងវិសាខា នៅកីឡដ្ឋានព្រីនស៍នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។

ប្រភពខាងលើបានបញ្ជាក់ថា «បន្ទាប់ពីធ្វើការតាមដានពិនិត្យយ៉ាងម៉ត់ចត់ និងយកចិត្តទុកដាក់ពីគ្រូពេទ្យឯកទេស ជាលទ្ធផលស្ថានភាពរបួសបានឲ្យឃើញថា វឌ្ឍនាកា បានដាច់សរសៃរជង្គង់ខាងស្ដាំ ACL (Anterior Cruciate Ligament)។ ខណ:ពេលនេះក្លិបកំពុងរៀបចំដើម្បីឲ្យគាត់បានធ្វើការវះកាត់ ជូនពរឲ្យការវះកាត់ទទួលបានជោគជ័យ និងជាសះស្បើយបានឆាប់រហ័ស»

គួរដឹងថា ក្នុងជំនួបពានរង្វាន់ Pre-Season ខាងលើ ចាន់ វឌ្ឍនាកា ត្រូវបានប្ដូរចេញភ្លាមៗ ត្រឹមនាទី៣០ ក្រោយមានបញ្ហារបួសជង្គង់ ខណៈលទ្ធផលក្រោយចប់ការប្រកួតបឹងកេត ចាញ់វិសាខា ៣-២។ ចំពោះការវះកាត់ជង្គង់វិញ ក្លិបមិនបានបញ្ជាក់ថា វឌ្ឍនាកា ត្រូវសម្រាកព្យាបាលរយៈពេលប៉ុន្មាននោះទេ តែផ្អែកលើស្ថានភាពរបួសកីឡាករទូទៅ ក្រោយវះកាត់ជង្គង់(ACL) ពួកគេត្រូវសម្រាកចន្លោះពីកន្លះឆ្នាំ ទៅ ១ឆ្នាំឯណោះ៕