ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន៖ ចុងសប្តាហ៍ចាប់ពីថ្ងៃទី២៩-៣០ ខែមករា នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរជាង ២១ម៉ឺននាក់


ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញពីស្ថិតិភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ដោយទទួលបានភ្ញៀវទេសចរសរុបចំនួន ២១៤,៦៣៣នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ២០២,៧០៤ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១១,៩២៩នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ៥៧,៨២៣ នាក់
* រាជធានីភ្នំពេញ ៣៤,០៦៥ នាក់
* ខេត្តពោធិ៍សាត់ ២០,០១៤ នាក់
* ខេត្តបាត់ដំបង ១៦,៧៨៣ នាក់
* ខេត្តសៀមរាប ១៦,៥៤៦ នាក់
* ខេត្តកំពត ១៣,៧០៨ នាក់

សរុបរយៈពេលពេញមួយខែមករា ដើមឆ្នាំ២០២២នេះ ដោយរាប់ទាំងបុណ្យឆ្លងឆ្នាំសកលផង មានភ្ញៀវទេសចរប្រមាណ ៣,១៥៨,៥៣៧នាក់ ដែលបានដើរកម្សាន្ត នៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស ដែលអាចចាត់ទុកថាជាសញ្ញាវិជ្ជមាននៃការងើបឡើងវិញដ៏ឆាប់រហ័សនៃវិស័យទេសចរណ៍ផ្ទៃ ក្នុងសម្រាប់ឆ្នាំ២០២២នេះ។

ប្រជាពលរដ្ឋដែលជាប់ខ្សែស្រឡាយចិន បានត្រៀមសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីប្រជាជនចិន ដែលនឹងប្រារព្ធទៅចាប់ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ក៏ដូចជាធ្វើដំណើរកម្សាន្តនានាទូទាំងប្រទេស បើទោះបីពុំមានថ្ងៃឈប់សម្រាកផ្លូវការ។

ជាមួយចរន្តភ្ញៀវទេសចរនេះ ក្រសួងទេសចរណ៍ បានបន្តណែនាំឲ្យមន្ទីរទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងវិស័យឯកជន បន្តពង្រឹងការអនុវត្តវិធានសុវត្ថិភាព ទេសចរណ៍ និង SOP ឲ្យបានគ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ ពិសេសនាឱកាសចូលឆ្នាំប្រពៃណីចិននេះ៕