សម្តេចតេជោ ហ៊ុន សែន៖ បច្ចុប្បន្នរាជធានីភ្នំពេញ មានអគារកម្ពស់ចាប់ពី៥ជាន់ ទៅដល់លើសពី៥០ជាន់ មានជិត២ពាន់អគារ


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ បានគូសបញ្ជាក់ថា បច្ចុប្បន្នរាជធានីភ្នំពេញ មានអគារកម្ពស់ចាប់ពី ៥ជាន់ ទៅ៩ជាន់ និងលើសពី៥០ជាន់ មានប្រមាណ១,៦០៣អគារ។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីមួយទៀត ក្នុងរាជធានីភ្នំពេញ ដើម្បីសម្រួល និងរំដោះការកកស្ទះចរាចរណ៍ ដែលកំពុងមានកំណើនយ៉ាងឆាប់រហ័ស នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ទីក្រុងរបស់យើង នាពេលបច្ចុប្បន្ននេះ បើយោងទៅលើការកត់ស្ថិតិ យើងមានអគារដែលចាប់ផ្ដើមពី៥ ទៅ៩ជាន់ រហូតទៅដល់លើស៥០ជាន់ មានប្រមាណ១,៦០៣អគារ»

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ក្នុងនោះ អគារកម្ពស់ពី ៥ជាន់ ទៅ៩ជាន់ មាន៩២៦អគារ, អគារកម្ពស់ ១០ជាន់ ទៅ ១៩ជាន់ មាន ៤៥២អគារ, អគារកម្ពស់ ២០ជាន់ ទៅ២៩ជាន់ មាន ១២០អគារ, អគារកម្ពស់ ៣០ជាន់ ទៅ ៣៩ជាន់ មាន ៦៥អគារ និងអគារខ្ពស់ចាប់ ៤០ជាន់ មាន ៤០អគារ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា ក្រោយ៧មករា ១៩៧៩កម្ពុជា មានអគារដែលខ្ពស់ជាងគេ គឺ៧ជាន់ ហើយមានតែមួយប៉ុណ្ណោះ ប៉ុន្ដែឥលូវទីក្រុងភ្នំពេញ មានប្រជាជនរស់នៅដល់ជាង២លាននាក់ ហើយបន្ថែមទៅដោយសំណង់រីកដុះដាលយ៉ាងខ្លាំង។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា កាលពីអតីតកាលដីមួយហិកតា មានសំណង់ត្រឹមតែ៥ពាន់ ឬ១ម៉ឺនម៉ែត្រការ៉េប៉ុណ្ណោះ ក៏ប៉ុន្ដែឥលូវនេះ ដីមួយហិកតាដដែរ មានសំណង់ទៅដល់ត្រឹម៥ម៉ឺនម៉ែត្រការ៉េ ឬលើសពីនេះ។

ទន្ទឹមគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងផងដែរថា សម្តេចមិនយល់នោះឡើយ ចំពោះអ្នកនិយាយថា កម្ពុជាចេះតែក្រទៅៗ ខណៈពីអតីតកាលតំបន់ជ្រោយចង្វា សុទ្ធតែជាព្រៃត្រែង ឥឡូវសុទ្ធតែអគារ។

បន្ថែមពីនោះទៀត សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សង្គមមួយមិនអាចធ្វើឲ្យជីវភាពមានកម្រិតស្មើគ្នានោះទេ តែត្រូវប្រឹងប្រែងធ្វើឲ្យស្ថានភាពក្រីក្រ ថយចុះកាន់តែទាប។

គូសបញ្ជាក់ថា ទោះបីជាប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩ក៏ដោយ ក៏ការវិនិយោគក្នុងវិស័យសំណង់ទូទាំងប្រទេស នៅឆ្នាំ២០២១នេះ មានចំនួន៤៣០៣គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុប ១២,៩៩៨,០៧២ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគ ៥,៣៣៣,៧៩៨,៥២៥ដុល្លារអាមេរិក៕