សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើសាររំលែកមរណទុក្ខជូន លោកស្រី ម៉ៅ សាមឿន ព្រមទាំងក្រុមគ្រួសារ


(ភ្នំពេញ)៖ ក្នុងនាមសមាជិក សមាជិកាព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា មានសេចក្តីក្រៀមក្រំ ដោយបានទទួលដំណឹងថា លោកវេជ្ជបណ្ឌិត ឈា ថាំង អតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល ត្រូវជាស្វាមីរបស់ លោកស្រី ម៉ៅ សាមឿន បានទទួលអនិច្ចកម្ម ទៅនៅថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ក្នុងព្រះជន្មាយុ ៨៧ឆ្នាំ ដោយជរាពាធ។

ក្នុងសារលិខិតនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានចាត់ទុកមរណភាពរបស់លោកវេជ្ជបណ្ឌិត ឈា ថាំង គឺជាការបាត់បង់បិតា ជីតា ជាទីគោរពស្រឡាញ់ ប្រកបដោយ ព្រហ្មវិហារធម៌មិនចេះរីងស្ងួត សង្គហធម៌ដ៏ល្អប្រពៃ និងជាការបាត់បង់អ្នកស្នេហាជាតិដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ចូលរួមចំណែកយ៉ាងសំខាន់ តាំងពីពេលដែលប្រទេសជាតិត្រូវបានរំដោះពីរបបប្រល័យពូជសាសន៍ ដើម្បីកសាងប្រទេសជាតិឱ្យមានការរីកចម្រើនឡើងវិញ ជាពិសេសលើវិស័យសុខាភិបាល។ លោក ឈា ថាំងបានបន្សល់ទុកនូវស្នាដៃល្អៗយ៉ាងច្រើនសម្រាប់កូនខ្មែរគ្រប់ៗជំនាន់។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានចូលរួមរំលែកនូវមរណទុក្ខដោយសមានចិត្តក្តុកក្តួល សោកស្តាយជាទីបំផុតជាមួយក្រុមគ្រួសារនៃសព និងសូមបួងសួងដល់វត្ថុ ស័ក្តិសិទ្ធិ ក្នុងលោកតេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមថែរក្សាដល់ដួងវិញ្ញាណក្ខន្ធសព លោក ឈា ថាំង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕