សម្តេចតេជោ ហ៊ុន សែន៖ ជាង៧ខែមកនេះ កម្ពុជាផលិតមាសបាន ១,៧៥១គីឡូក្រាមពីខេត្តមណ្ឌលគិរី ខណៈតំបន់រ៉ែមាស និងរ៉ែផ្សេងៗទៀត មិនទាន់ស្រាវជ្រាវអស់នៅឡើយ


(ក្រចេះ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានថ្លែងថា រយៈពេល៧ខែកន្លងមកនេះ កម្ពុជាផលិតមាសបាន ១ ៧៥១គីឡូក្រាម ពីតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី។

បរិមាណមាសដែលកម្ពុជាផលិតបាន ចាប់ផ្តើមមានចំនួនច្រើនឡើងជាបន្តបន្ទាប់ ក្នុងរង្វង់៨០-១០០គីឡូក្រាមក្នុង១សប្តាហ៍។

សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់ថា កម្ពុជាមានតំបន់ដែលមានធនធានរ៉ែជាច្រើនកន្លែងទៀត នៅមិនទាន់ស្រាវជ្រាវអស់ ដែលមានទាំងរ៉ែមាស ធ្យូងថ្ម និងរ៉ែផ្សេងៗទៀត។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ ប្រវែងជិត១០០គីឡូម៉ែត្រ ក្នុងខេត្តក្រចេះ នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំគួរតែនិយាយថា មាសដែលយើងផលិតនៅក្នុងខេត្តមណ្ឌលគិរី រយៈពេលជាង៧ខែមកនេះ យើងផលិតបាន១៧៥១គីឡូ ជាទូទៅក្នុង១សប្តាហ៍យើងផលិតបានពី៨០-១០០គីឡូកាន់តែច្រើន អីចឹងបានជាខ្ញុំដាក់គោលដៅប៉ូលសេដ្ឋកិច្ច នៅទិសឦសាន គឺកសិ-ឧស្សាហកម្ម និងធនធានរ៉ែ យើងមិនទាន់ស្រាវជ្រាវអស់នៅឡើយទេ យើងនៅមានរ៉ែផ្សេងទៀត ដូចជាធ្យូងថ្ម និងកន្លែងផលិតមាសដទៃទៀត មិនទាន់បានប្រើប្រាស់ យើងទើបចាប់ផ្តើមផលិតមាសប្រមាណ៧ខែ។ មាសរបស់យើងមិនទាន់ក្លាយជាមាសទឹក១០នោះឡើយទេ យើងផលិតជាដុំៗ មាន២០គីឡូ ៣០គីឡូ ទើបដឹកពីកម្ពុជាទៅចម្រាញ់ជាមាសទឹក១០ នៅប្រទេសអូស្ត្រាលី»

សូមជម្រាបថា កម្ពុជាបានចាប់ផ្ដើមសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរីរបស់ខ្លួន នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។ អាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវនេះ វិនិយោគដោយក្រុមហ៊ុន Renaissance Minerals របស់អូស្ត្រាលី ជាក្រុមហ៊ុនទី១ ដែលជាក្រុមហ៊ុនខ្នាតអន្ដរជាតិ ដែលអាចចាប់ផ្ដើមផលិតមាស ជាលើកដំបូង នៅប្រទេសកម្ពុជា។

ឯកឧត្តម អ៊ឹង ឌីប៊ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ធ្លាប់បានបញ្ជាក់ថា ក្រសួងរ៉ែ និងថាមពល បានផ្តល់អាជ្ញាបណ្ណស្វែងរុករករ៉ែ លោហៈចំនួន២៦អាជ្ញាបណ្ណ ដល់ក្រុមហ៊ុនចំនួន១៦ មកពីប្រទេសចិន អូស្ត្រាលី កាណាដា និងកម្ពុជា បានចុះបញ្ជីពាណិជ្ជកម្ម នៅក្រសួងពាណិជ្ជកម្ម។

ឯកឧត្តមបន្ដថា ក្រុមហ៊ុនទាំងនោះពុំទាន់អាចវាយតម្លៃថា ជាការសិក្សាស្រាវជ្រាវផ្តោតតែលើរ៉ែមាស ឬលោហៈផ្សេងទៀតនៅឡើយទេ ដោយហេតុថា គម្រោងសិក្សាស្រាវជ្រាវទាំងនោះ ស្ថិតនៅក្នុងដំណាក់កាលវាយតម្លៃ សក្តានុពលធនធានរ៉ែ និងមួយចំនួនទៀត កំពុងរៀបចំជារបាយការណ៍សិក្សាសមិទ្ធិលទ្ធភាពនៃជម្រកធនធនរ៉ែ។

បើតាមឯកឧត្តម ឌីប៊ូឡា នៅឆ្នាំ២០២២នេះនឹងមានក្រុមហ៊ុនរុករករ៉ែមាសចំនួន៤ទៀត ចាប់ផ្តើមធ្វើអាជីវកម្ម ចម្រាញ់រ៉ែមាសជាផ្លូវការរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះ៣ក្រុមហ៊ុន ត្រូវបានវិនិយោគដោយក្រុមហ៊ុនចិន មានទីតាំងនៅខេត្តព្រះវិហារ ក្រចេះ និងមណ្ឌលគិរី និងមួយទៀត ជាក្រុមហ៊ុនឥណ្ឌា Mesco Gold ដែលមានទីតាំង នៅខេត្តរតនគិរី៕