ឯកឧត្តម ប៉ាន សូរស័ក្ដិ ជួបពិភាក្សាទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មាជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា


នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួប ឯកឧត្តម វិល្លៀម ហាដន៍ (William A. Heidt) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងសហការី ដើម្បីពិភាក្សាទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម វិល្លៀម ហាដន៍ បានសំដែងនូវអំណរសាទរដល់ព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ប្រកបដោយជោគជ័យ និងប្រព្រឹត្តទៅដោយរលូន។ នេះជាចំណុចវិជ្ជមានមួយសម្រាប់កម្ពុជា ដោយឆ្លោះបញ្ចាំងថា ប្រជាពលរដ្ឋមានសិទ្ធិក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា។
សម្រាប់កិច្ចប្រជុំនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានជម្រាបថា រូបលោកនឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិករយៈពេលពីរសប្តាហ៍ ហើយនៅក្នុងដំណើរនោះដែរ លោកនឹងជួបប្រជុំជាមួយនឹងសមាគមខ្មែរ-អាមេរិកនៅទីក្រុងស៊ីអាថល (Seattle) និងទីក្រុងវ៉ាស៊ីងតោន ដើម្បីរាយការណ៍អំពីវឌ្ឍនភាពការប្រព្រឹត្តទៅរបស់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ និងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (GSP) ដែលសហរដ្ឋអាមេរិកបានផ្ដល់ឲ្យកម្ពុជា លើកាបូបសម្រាប់ដាក់ទំនិញធ្វើដំណើរ។ ក្នុងន័យនេះ ឯកឧត្តម ស្នើសុំឲ្យក្រសួងពាណិជ្ជកម្ម ផ្ដល់ព័ត៌មានទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ដើម្បីបង្ហាញថា ប្រព័ន្ធនេះពិតជាផ្ដល់នូវអត្ថប្រយោជន៍ បង្កើតការងារ និងផលប៉ះពាល់អភិវឌ្ឍន៍សេដ្ឋកិច្ចមកលើកម្ពុជា។
ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ ឯកឧត្តម ឯកអគ្គរដ្ឋទូត ចំពោះការអបអរសាទរដល់ការប្រព្រឹត្តទៅរបស់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧នេះ។ ចំពោះព័ត៌មាន និងទិន្នន័យទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធ GSP វិញ ឯកឧត្តម បានមានប្រសាសន៍ថា ក្រសួងនឹងផ្ដល់ទិន្នន័យចាំបាច់ទាំងអស់ជូនដល់ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងដំណើរទៅទីក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ជាក់ថា ប្រព័ន្ធនេះពិតជាមានផលប្រយោជន៍ដល់កម្ពុជាទាំងមូល។
ជាមួយនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានឆ្លៀតឱកាសនេះ ស្នើសុំជំនួយបច្ចេកទេសបន្ថែមពីសហរដ្ឋអាមេរិក រួមមាន៖ ការអនុវត្តកិច្ចព្រមព្រៀងកិច្ចសម្រួលពាណិជ្ជកម្ម ការបណ្តុះបណ្តាលដល់មន្រ្តីថ្មីរបស់អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ ស្តីពីការវិភាគពាណិជ្ជកម្ម ការលើកស្ទួយ និងជំរុញកម្ពុជា ជាមូលដ្ឋានផលិតកម្មមួយ សម្រាប់ផលិតគ្រឿងផ្សំ និងផ្នែករបស់រថយន្ត តាមរយៈការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស នៅតាមព្រំដែន និងការគាំទ្រដល់វិស័យពាណិជ្ជកម្មតាមអេឡិកត្រូនិក រួមបញ្ចូលទាំងការធ្វើឲ្យល្អ ប្រសើរនូវប្រព័ន្ធដឹកជញ្ជូន និងផ្ដត់ផ្គង់។
ឯកអគ្គរដ្ឋទូត ហាដថ៍ ទទួលយកនូវសំណើរទាំងនោះ ហើយឯកឧត្តមនឹងរាយការណ៍ជូន ឯកឧត្តមរដ្ឋមន្ត្រីវិញ នៅពេលឯកឧត្តមត្រឡប់មកវិញ។