ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចូលជួបសម្តែងការគួរសមជាមួយ រដ្ឋមន្រ្តីការពារជាតិជប៉ុន


(ជប៉ុន)៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញ បានជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម Nobuo Kishi រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ជំនួបសម្តែងការគួរសមនេះ ក៏បានពិភាក្សាលើកិច្ចការងារដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនិងកងទ័ព ជាពិសេសរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរផងដែរ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ពេលនេះ បាននិងកំពុងបំពេញទស្សនកិច្ច នៅក្នុងប្រទេសជប៉ុន។ អំឡុងទស្សនកិច្ច២ថ្ងៃនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម HAYASHI Yoshimasa រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន, ជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ Yamazaki Koji អគ្គមេបញ្ជាការកងស្វ័យការពារជប៉ុន និងនាយឧត្តមសេនីយ៍ Yoshida Yoshihide មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុនផងដែរ។

ដំណើរទស្សនកិច្ចរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសជប៉ុននាពេលនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតមកពីគណបក្សប្រជាជនកម្ពុជា កាលពីឆ្នាំ២០១៨ បានអញ្ជើញទស្សនកិច្ចនៅប្រទេសជប៉ុនផងដែរ៕