ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអង្គភាពឆត្រយោង និងសាលាទ័ពជំនាញរបស់កងស្វ័យការពារជប៉ុន


(តូក្យូ)៖ អំឡុងបំពេញទស្សនកិច្ច នៅប្រទេសជប៉ុន នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញបំពេញទស្សនកិច្ចនៅអង្គភាពឆត្រយោង និងសាលាទ័ពជំនាញរបស់កងស្វ័យការពារជប៉ុន។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបំពេញទស្សនកិច្ច រយៈពេល៤ថ្ងៃ នៅក្នុងប្រទេសជប៉ុន។ អំឡុងទស្សនកិច្ចនេះ លោកបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន, ឯកឧត្តម HAYASHI Yoshimasa រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន, នាយឧត្តមសេនីយ៍ Yamazaki Koji អគ្គមេបញ្ជាការកងស្វ័យការពារជប៉ុន, នាយឧត្តមសេនីយ៍ Yoshida Yoshihide មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន និងឯកឧត្តម Nobuo Kishi រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនផងដែរ៕