រដ្ឋមន្ដ្រីពាណិជ្ជកម្ម៖ មន្ត្រីទាំងអស់ត្រូវមានម្ចាស់ការលើការងារខ្លួន បំពេញការងារឲ្យមានប្រសិទ្ធភាព ផ្ដល់ភាពងាយស្រួល និងទំនុកចិត្តជូនប្រជាពលរដ្ឋ


(ប៉ៃលិន)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំឲ្យមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តប៉ៃលិន ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តការងារ ឲ្យមានប្រសិទ្ធភាពខ្ពស់ និងត្រូវចេះម្ចាស់ការដោយខ្លួនឯង ដើម្បីធ្វើការងារឲ្យមានប្រសិទ្ធភាព ផ្ដល់ភាពងាយស្រួល និងទំនុកចិត្តជូនប្រជាពលរដ្ឋ។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ខេត្តប៉ៃលិន នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដោយមានការ អញ្ជើញចូលរួម ពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្ម ព្រមទាំងសាខា ក.ប.ប. ជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការ នាំចេញ ផ្លែមៀន ប៉ៃលិន ដោយផ្ទាល់ទៅកាន់ទីផ្សារចិន កូរ៉េ និងទីផ្សារអន្តរជាតិផ្សេងៗទៀត ក្រោមប្រព័ន្ធអនុគ្រោះពន្ធ ដែលកម្ពុជាសម្រេចបាននាពេលថ្មីៗនេះ រួមមាន៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន កិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរីទ្វេភាគី កម្ពុជា-កូរ៉េ និងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ជាដើម។

ជាមួយគ្នានេះ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់គោលការណ៍ណែនាំ លើការងារសំខាន់ៗមួយចំនួន ដែលមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប ត្រូវយកចិត្តទុកដាក់ខិតខំសម្រេចឲ្យបាន។

គោលការណ៍ណែនាំទាំងនោះរួមមាន៖

ទី១៖ មន្ត្រីទាំងអស់ត្រូវបន្តខិតខំពង្រីក ចំណេះដឹងខ្លួនបន្ថែមទៀត ទាំងកម្រិតជំនាញ និងភាសាបរទេស តាមរយៈការសិក្សាបន្ថែម ការស្រាវ ជ្រាវ និង ដកស្រង់នូវបទពិសោធន៍ពីមន្រ្តីដែលមានសមត្ថភាព និងជាពិសេសរួមសហការគ្នា ចុះត្រួតពិនិត្យទំនិញដែលខូចគុណភាព នៅលើទីផ្សារឲ្យកាន់តែស្វាហាប់ ដើម្បីការពារសុខភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជា ការពារ សុខភាព បងប្អូន កូនចៅរបស់ខ្លួនឯងដែរ។

ទី២៖ ត្រូវចេះប្រើប្រាស់មន្រ្តីឲ្យអស់លទ្ធភាព និងបណ្តុះបណ្តាលមន្រ្តីដែលមានស្រាប់ទៅតាមជំនាញ។

ទី៣៖ មន្រ្តីទាំងអស់ត្រូវបន្តធ្វើសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធ ជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវកម្មវិធីកែ ទម្រង់ ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការដាក់ចេញ គោលនយោបាយ ពាណិជ្ជកម្ម សំដៅជួយសម្រួលពាណិជ្ជកម្ម ក្នុងការនាំចេញ និងសម្រួលដល់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

ទី៤៖ បញ្ចៀសដាច់ខាតការទាមទារកម្រៃសេវាក្រៅផ្លូវការពីអាជីករ ពាណិជ្ជករ ផលិតករ អ្នកនាំចេញ និងសេវាផេ្សងៗ ដែលផ្ទុយពីខ្លឹមសារប្រកាសរួមស្តីពី កម្រងសេវា សាធារណៈ រវាងក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ទី៥៖ ត្រូវបន្តជំរុញពង្រឹងបន្ថែមយន្តការតាមដាន និងត្រួតពិនិត្យការគ្រប់គ្រងអាជីវកម្មសេវាកម្ម ពាណិជ្ជកម្ម ថ្លៃទំនិញ និងសន្និធិទំនិញចាំបាច់ ស្រូវ-អង្ករ ប្រេងឥន្ធនៈ និងការធ្វើពាណិជ្ជកម្មទំនិញ នៅតាមព្រំដែនដោយប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មាន និងជំរុញយន្តការដោះស្រាយបញ្ហាដល់កសិករផលិតករ ដោយផ្តោតលើផលិតផលសក្តានុពលចំនួន៥មុខ មាន់ស្រែបន្លែ ដំឡូង ស្រូវប្រណិត និងសូត្រ ដោយបង្កើតផ្សារចុងសប្តាហ៍នៅតាម បណ្តាខេត្តទាំង១៨ ព្រមទាំ ងឧបត្ថម្ភទុន ផ្តល់កម្ចី និងកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ តាមរយៈគម្រោងជំរុញ ទីផ្សារសម្រាប់ កសិកម្មខ្នាតតូច (AIMS) ដែលអនុវត្តដោយក្រសួង ពាណិជ្ជកម្ម។

ទី៦៖ ពេលចុះអនុវត្តន៍ ការងារក្នុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នាពេលនេះ និងដើម្បីរក្សា គម្លាតសង្គម សូមលោក លោកស្រី មន្រ្តីរាជការយើងទាំងអស់ ត្រូវប្រុងប្រយ័ត្ន និងត្រូវ អនុវត្តឲ្យបាន ត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល៕