ឯកឧត្តម សុខ ឥសាន ប្រតិកម្មនឹង ការរិះគន់របស់ ប្រែត អាដាម


(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧នេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានប្រតិកម្ម ទៅនឹងការលើកឡើងរបស់ នាយកអង្គការ Human Rights Watch ប្រចាំតំបន់អាស៊ី លោក ប្រែត អាដាម (Brad Adams) ដែលបានវាយប្រហារទៅលើរាជរដ្ឋាភិបាលកម្ពុជា។ អ្នកនាំពាក្យគណបក្សកាន់អំណាច បានចាត់ទុកថា អ្វីដែលលោក ប្រែត អាដាម លើកឡើងមានលក្ខណៈលម្អៀង ហើយកាន់ជើង លោក សម រង្ស៊ី ដែលប្រព្រឹត្តលើល្មើសច្បាប់។

ប្រតិកម្មរបស់ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងបន្ទាប់ពី នាយកអង្គការ Human Rights Watch ប្រចាំតំបន់អាស៊ី ដែលធ្លាប់ត្រូវបានបណ្តេញចេញ ពីប្រទេសកម្ពុជារូបនេះ ​បានផ្តល់បទសម្ភាសមួយជូន វិទ្យុអាស៊ីសេរី ដែលបានវាយប្រហារមកលើរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។ ក្នុងបទសម្ភាសនោះ លោក ប្រែត អាដាម បានរិះគន់ដល់ការដោះលែង មន្រ្តីគ.ជ.ប និងអាដហុក ទាំង៥នាក់ ដែលថា កម្ពុជាធ្វើឡើងដោយសារ មានសម្ពាធពីអន្តរជាតិ។ ជាមួយគ្នានេះ លោកក៏បានចោទសម្តេចតេជោ ហ៊ុន សែន ថាប៉ុនប៉ងសម្លាប់ លោក សម រង្ស៊ី និងកំចាត់ លោក សម រង្ស៊ី ចេញពីឆាកនយោបាយ។

លោក សុខ​ ឥសាន បានលើកឡើងថា លោក ប្រែត អាដាម នៅតែចាត់ទុក លោក សម រង្សី ជាមេដឹកនាំបក្សប្រឆាំងនៅកម្ពុជា ខណៈដែលអតីតមេបក្សប្រឆាំងនេះ បានក្លាយជាទណ្ឌិត និងជាអនុប្រជាជនម្នាក់ ដែលនីរទេសខ្លួនឯង នៅឯនាយសមុទ្រហើយនោះ។ លោកបានថ្លែងដូច្នេះថា៖ «ពាក្យមួយម៉ាត់ណាក៏លើកសរសើរ សម រង្សី ទាំងងងើល ដែលបញ្ជាក់ថា ប្រែត អាដាំ កាន់ជើងតែអ្នកប្រព្រឹត្តល្មើសច្បាប់ ការពារអ្នកល្មើសច្បាប់»

ឯកឧត្តម សុខ ឥសាន បានបន្ថែមទៀតថា បើប្រធានសិទ្ធិមនុស្សអន្តរជាតិមួយ មានចរិតបែបនេះហើយ បណ្តាប្រទេសនៅលើពិភពលោក នឹងរកនីតិរដ្ឋមិនឃើញឡើយ ។ ដោយមានអំពើអយុត្តិធ៌មក្នុងសង្គមពិភពលោកយ៉ាងដូច្នេះហើយ បានជានៅលើពិភពលោកនេះ កើតឡើងនូវអង្គការចាត់តាំងនិង អំពើភេរវកម្មអន្តរជាតិស្ទើរគ្រប់កន្លែង ។

ដូច្នេះ សរុបមកបញ្ហាសិទ្ធិមនុស្សលើពិភពលោក អាស្រ័យលើការដាក់ពិន្ទុតាមចិត្តរបស់ ប្រែត អាដាំ តែប៉ុណ្ណោះ៕