ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងលោកជំទាវ ដឹកនាំមន្រ្តីក្រោមឱវាទ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដង្ហែទានវស្សាចូលទីសក្ការៈព្រះអង្គចេក ព្រះអង្គចម


នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានដង្ហែទានវស្សា ចំនួន១គូ ថ្វាយនៅទីសក្ការៈព្រះអង្គចេក ព្រះអង្គចម ព្រមទាំងបាននិមន្តព្រះសង្ឃចំនួន០៩អង្គ មកពី ០៥វត្ត ក្នុងខេត្តសៀមរាប ដើម្បីសូត្រមន្តស្វាធ្យាយជ័យន្តោ។

នៅក្នុងពិធីនេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធិ និងលោកជំទាវ និងមន្ត្រីរាជការក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានរៀបចំវេរនូវទ័យទាន ប្រគេនព្រះសង្ឃទាំង ៩ព្រះអង្គ ដែលនិមន្តមកពី ៥វត្ត ដោយក្នុងមួយវត្តមាន ស្លាដក់២ មី២កេស ទឹកសុទ្ធ២កេស ទឹកក្រូច២កេស ទឹកដោះគោ ២កេស ទឹកត្រី ២យួរ ទឹកសីុអីុវ ២យួរ អំបិល ២០គីឡូក្រាម ស្ករស ២០គីឡូក្រាម ឆាយប៉ូវ ១គីឡូក្រាម ប្រេងកាត ១កាន (៣០លីត្រ) អង្ករ ២បាវ (៥០គីឡូក្រាម/១បាវ) និងថវិកា ៤០មឺុនរៀល។

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី និងលោកជំទាវ ក៏បានប្រគេននូវបច្ច័យដែលទទួលបានពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជូនវត្តទាំង ៥ ដោយក្នុងមួយវត្តៗ ប្រគេនជូននូវបច្ច័យ ១,០០០,០០០ រៀលដូចគ្នា។

បន្ទាប់មក ឯកឧត្តមទេសរដ្ឋមន្ត្រី និងលោកជំទាវ និងមន្ត្រីរាជការទាំងអស់ ក៏បានបន់ស្រន់សុំនូវសេចក្តីសុខសប្បាយ ត្រជាក់ត្រជុំ ទទួលបានជោគជ័យគ្រប់ភារកិច្ចសម្រាប់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្រុមគ្រួសាររៀងៗខ្លួន និងជាពិសេសបានបួងសួងសូមអោយឬទ្ធិបារមីដ៏សក្តិសិទ្ធិរបស់ ព្រះអង្គចេក ព្រះអង្គចម តាមថែរក្សា សម្តេចតេជោ និងសម្តេចគិត្តិព្រឹទ្ធបណ្ឌិត អោយទទួលបាននូវសេចក្តីសុខសប្បាយ សុខភាពល្អ កម្លាំងពលាំងមាំមួន ឈ្នះអស់មាសត្រូវ ដើម្បីបន្តដឹកនាំប្រទេសជាតិអោយកាន់តែមានភាពរីកចម្រើនខ្លាំងក្លាថែមទៀត។