ប្រធានគណកម្មាការទី១នៃព្រឹទ្ធសភា ជំរុញឱ្យអាជ្ញាធរត្រូវចេះសាមគ្គីភាពគ្នា ដើម្បីចូលរួមអភិវឌ្ឍន៍ភូមិឃុំ ឲ្យកាន់តែរីកចម្រើន


(ព្រះវិហារ)៖ ឯកឧត្តម យ៉ង់ សែម ប្រធានគណកម្មាការទី១នៃព្រឹទ្ធសភា និងជាប្រធានប្រចាំភូមិភាគទី៨ បានជំរុញឱ្យជាអាជ្ញាធរស្រុក និងក្រុមប្រឹក្សាឃុំទាំងអស់ត្រូវខិតខំ រួមសហការគ្នា ជំរុញដោះស្រាយនូវបញ្ហាប្រឈម សំណូមពរនានាដែលនៅសេសសល់ ស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ហើយបញ្ហាណាដែលហួសពីដែនសមត្ថកិច្ចនោះ សូមលើកស្នើតាមឋានានុក្រមទៅសមត្ថកិច្ចក្រុង ស្រុក ខេត្ត ដើម្បីជួយរកដំណោះស្រាយ។

ឯកឧត្តម យ៉ង់ សែម បានថ្លែងដូចនេះ នាថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២២ និងបានអញ្ជើញជួបសំណេះសំណាលជាមួយនឹងអាជ្ញាធរស្រុក ក្រុមប្រឹក្សាឃុំទាំង៦ ក្នុងស្រុក ជ័យសែន ខេត្តព្រះវិហារ នៅសាលប្រជុំសាលាស្រុកជ័យសែន ខេត្តព្រះវិហារ និងមានការចូលរួមពីលោកជំទាវ  ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា លោកជំទាវ ចឹក ហេង សមាជិកព្រឹទ្ធសភា អាជ្ញាធរស្រុកនិងក្រុមប្រឹក្សាឃុំ ប្រមាណជាង៦០នាក់។

ក្នុងនាមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ឯកឧត្តម យ៉ង់ សែម បានថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរស្រុក និងក្រុមប្រឹក្សាឃុំទាំងអស់ដែលបានខិតខំ បំពេញតួនាទីភារកិច្ចរបស់ខ្លួនបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍមូលដ្ឋាន។

ឯកឧត្តម យ៉ង់ សែម បានគូសបញ្ជាក់ថា អាជ្ញាធរនៅថ្នាក់ក្រោមជាតិទាំងអស់ ជាអ្នកបម្រើជួរមុខនៅក្នុងមូលដ្ឋាន ត្រូវខិតខំបង្កើនសមត្ថភាព មានអាកប្បកិរិយាថ្លៃថ្នូរ ស្អាតស្អំ គោរពច្បាប់ មិនរើសអើង ខិតខំរិះរកការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាឲ្យទទួលបានការគោរពស្រឡាញ់ និងជំនឿទុកចិត្តពីប្រជាពលរដ្ឋ ពិសេសខិតខំដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការឲ្យបានច្រើន។

ឯកឧត្តមបានផ្តាំផ្ញើដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋ ចូលរួមថែរក្សាសមិទ្ធផលដែលទើបកសាងថ្មីៗនៅក្នុងឃុំ និងបន្តពួតដៃគ្នាថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់ និងបង្ការបទល្មើសផ្សេងៗ ជាពិសេសចូលរួមទប់ស្កាត់បទល្មើសគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង និងអំពើពាលាអាវាសែនានាតាមរយៈការគាំទ្រ និងជំរុញសម្រេចនូវ“គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព”ឱ្យកាន់តែដំណើរការទៅដោយរលូននិងប្រកបដោយប្រសិទ្ធភាព។

ក្រៅពីនេះត្រូវជួយចូលរួមបំផុសចលនាដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យចូលរួមការពារទប់ស្កាត់ និងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងថែរក្សាឯកសារអត្តសញ្ញាណ ប័ណ្ណ សញ្ជាតិខ្មែរ ឯកសារសម្គាល់អត្តសញ្ញាណកម្ម សម្រាប់បម្រើឱ្យការបោះឆ្នោត ឯកសារអត្រានុកូលដ្ឋាន អប់រំកូនចៅឱ្យខិតខំរៀនសូត្រ រស់នៅឱ្យឆ្ងាយពីគ្រឿង ញៀន។

ក្រៅពីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បាននាំទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃគង់ក្នុងវត្តព្រះឥន្ទទ្រង់ ព្រមទាំងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាមក ចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន ០៣គ្រួសារមកពីឃុំស្អាង និង០៣គ្រួសារទៀតមកពីឃុំតស៊ូ ក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ ដោយក្នុងមួយគ្រួសារៗទទួលបានឃីតចំនួន ០១ និងថវិកាមួយចំនួន៕