កម្ពុជា វៀតណាម ប្តេជ្ញាបន្តពង្រឹង ពង្រីករាល់កិច្ចសហប្រតិបត្តិការ លើគ្រប់ផ្នែកគ្រប់វិស័យ ឲ្យកាន់តែប្រសើរបន្ថែមទៀត


កម្ពុជា វៀតណាម ប្តេជ្ញាបន្តពង្រឹង ពង្រីករាល់កិច្ចសហប្រតិបត្តិការ លើគ្រប់ផ្នែកគ្រប់វិស័យ ក្នុងនោះវិស័យព័ត៌មាន ក៏ជាផ្នែកមួយដែលត្រូវបន្តធ្វើឲ្យកាន់តែប្រសើរបន្ថែមទៀត។

ក្នុងឱកាសបំពេញបេសកកម្មការងារ ការទូតនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ង្វៀន ហ្វីតាំង ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា បានអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២២ នាទីស្តីការ ក្រសួងព័ត៌មាន ។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូវការស្វាគមន៍ចំពោះ បេសកកម្មការងារការទូតរបស់ ឯកឧត្តម ង្វៀន ហ្វីតាំង នៅកម្ពុជា ដើម្បីបន្តពង្រឹង ពង្រីករាល់កិច្ចសហប្រតិបត្តិការ លើគ្រប់ផ្នែកគ្រប់វិស័យ ក្នុងនោះវិស័យព័ត៌មាន ក៏ជាផ្នែកមួយដែលត្រូវបន្តធ្វើឲ្យកាន់តែប្រសើរបន្ថែមទៀត។

ឯកឧត្តម ង្វៀន ហ្វីតាំង បានសំដែងនូវភាពរីករាយ ដែល បានមកបំពេញបេសកកម្មការងារ ការទូតនៅកម្ពុជា ហើយឯកឧត្ដមបានជម្រាបជូនឯកឧត្ដមរដ្ឋមន្ត្រី ពីប្រវត្តិដែលធ្លាប់មកបំពេញកិច្ចការងារនៅកម្ពុជាតាំងពីឆ្នាំ១៩៨០ មកដល់ពេលនេះមានរយ:ពេលជាង ៤០ ឆ្នាំហើយ ។ ដូច្នេះក្នុងអាណត្តិការងារការទូតនេះ ឯកឧត្ដមនឹងប្រឹងប្រែងធ្វើឲ្យរាល់កិច្ចសហការ លើវិស័យព័ត៌មាននៃប្រទេសទាំងពីរដែល មានស្រាប់កាន់តែរឹងមាំបន្តទៅមុខទៀត។

តាមការបញ្ជាក់របស់ លោក ជ្រីម ឆេងលីម អគ្គនាយករង រដ្ឋបាល និង ហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន ដែលជាអ្នកបកប្រែ ក្នុងកិច្ចពិភាក្សានេះបានឲ្យដឹងថា ភាគីវៀតណាម បានធ្វើការជំរុញឲ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញ ទៅមករវាងគណ:ប្រតិភូថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងព័ត៌មាន ប្រទេសទាំងពីរ វៀតណាម កម្ពុជា  ក៏ដូចជាអ្នកសារព័ត៌មាន ផងដែរ ។

ទន្ទឹមនេះ ឯកឧត្ដមបានស្នើឲ្យមានការជំរុញ ការផ្លាស់ប្តូរឯកសារផ្សព្វផ្សាយពីគ្នាទៅវិញទៅមក ក្នុងទិសដៅប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងឆ្លើយតបជាមួយក្រុមប្រឆាំង ដែលមានបំណងចង់បំបែកបំបាក់ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ វៀតណាម កម្ពុជា។ សម្រាប់ឆ្នាំ២០២២ នេះ គឺជាខួបនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ លើកទី ៥៥ឆ្នាំ រវាង កម្ពុជា វៀតណាម និងខួបលើកទី៤៥ ឆ្នាំ នៃការចេញដំណើររបស់សម្តេចតេជោ ហ៊ុន សែន ទៅរកផ្លូវ រំដោះជាតិពីរបបខ្មែរក្រហម ។ សម្រាប់ជាជំហានបន្តបន្ទាប់ទៅមុខទៀតនោះ គឺការពង្រឹងកិច្ចសហការគ្នា រវាងប្រពន្ធ័ផ្សព្វផ្សាយ នៃប្រទេសទាំងពីរ ដើម្បីឲ្យប្រជាជន វៀតណាម កម្ពុជាកាន់តែជិតស្និទ្ធជាមួយគ្នា ហើយអ្វីសំខាន់ទៀតនោះ គឺទិសដៅនៃការផ្លាស់ប្តូរការផ្សាយពីប្រពន្ធ័អាណាឡូក ទៅ ឌីជីថល។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានស្នើដល់ភាគីវៀតណាម ជួយធ្វើការសម្រប សម្រួល ដើម្បីឲ្យភាគីកម្ពុជា ខាងផ្នែកបច្ចេកទេស និងយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា បានទៅធ្វើការដកស្រង់បទពិសោធន៍ អំពីព្រឹត្តិការណ៍ស៊ីហ្គេម ដែលប្រទេសវៀតណាម ធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២២ នេះ ដើម្បីទុកជាបទពិសោធន៍ និងសុំឲ្យមានកិច្ចសហការក្នុងផ្នែកណាមួយសម្រាប់កម្ពុជា ដែលត្រូវធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម រដ្ឋមន្រ្តី បានសំដែងនូវការអរគុណ ចំពោះភាគីវៀតណាម ដែលជានិច្ចកាលតែងតែបានគាំទ្រ ដល់ដំណើរការស្ថារ និងអភិវឌ្ឍន៍ប្រទេសម្ពុជា តាំងពីដើម រហូតមដល់បច្ចុប្បន្ននេះ ហើយក្នុងនោះ ក៏បានជួយច្រើននៅលើវិស័យព័ត៌មាន ដោយបានធ្វើការបណ្តុះបណ្តាលខាង ផ្នែកព័ត៌មាន និងផ្នែកបច្ចេកទេស រួមទាំងបានផ្តល់នូវឧបករណ៍ សម្ភារៈ ម៉ាស៊ីន ផ្សាយវិទ្យុ និងទូរទស្សន៍ ដល់ក្រសួងព័ត៌មាន កម្ពុជា ដើម្បីតម្លើងនៅតាមបណ្តាខេត្ត រាជធានី ។ ឯកឧត្ដមសង្ឃឹមថា ភាគីវៀតណាម នឹងបន្តជួយដល់កម្ពុជា លើការងារផ្សព្វផ្សាយ វិទ្យុ និងទូរទស្សន៍បន្ថែមទៀត៕