ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា៖ ក្នុងមុខងារសាធារណៈ ត្រូវប្រែក្លាយពីមន្ត្រី ទៅជាអ្នកបម្រើពលរដ្ឋ


ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាលាភូមិន្ទរដ្ឋបាល នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ បានដាស់តឿនថា ក្នុងមុខងារសាធារណៈ ត្រូវតែប្រែក្លាយពីមន្ត្រី ទៅជាអ្នកបម្រើប្រជាពលរដ្ឋ។

ឯកឧត្តមថ្លែងបែបនេះ ក្នុងកម្មវិធីជ្រើសរើសកន្លែងបំពេញមុខងាររបស់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ (ជំនាន់ឧស្សាហកម្ម ៤.០) និងសិស្សមន្ត្រីក្រមការជំនាន់ទី៩ (ជំនាន់ ប្រក្រតីភាពថ្មី) នៅសាលាភូមិន្ទរដ្ឋបាល។

ឯកឧត្តម ព្រុំ សុខា មិនចង់ឃើញមន្ត្រីរាជការសាធារណៈ ធ្វើការងារក្នុងនាមជាអ្នកផ្តល់សេវាសាធារណៈ ដល់ប្រជាពលរដ្ឋឡើយ ប៉ុន្តែត្រូវតែធ្វើខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋវិញ។ ក្នុងន័យនេះ លោករដ្ឋមន្ត្រីបានជំរុញឲ្យអនាគតមន្ត្រីរាជការសាធារណៈ ត្រូវតែធ្វើកំណែទម្រង់ស៉ីជម្រៅ លើឥរិយាបទរបស់ខ្លួន ពេលបំពេញមុខងារ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងរដ្ឋបាលសាធារណៈ ខ្ញុំសុំ [ឲ្យអនុវត្ត] តែមួយទេ! ធ្វើម៉េចប្រែក្លាយយើងពីមន្ត្រី ទៅជាអ្នកបម្រើប្រជាពលរដ្ឋ នូវសេវាសាធារណៈ»

បើតាមឯកឧត្តម ព្រុំ សុខា បានឲ្យដឹងបន្ថែមទៀតថា មន្ត្រីដែលធ្វើការបែបផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ និងមន្ត្រីដែលធ្វើការបែបបម្រើប្រជាពលរដ្ឋ មានឥរិយាបទខុសគ្នា។ លោកបានលើកឧទាហរណ៍ថា មន្ត្រីដែលធ្វើការបែបផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ គឺពេលប្រជាពលរដ្ឋទៅរកសេវាសាធារណៈ ទាល់តែពួកគាត់និយាយរកមុន ទើបមន្ត្រីនិយាយតប ឬពេលខ្លះធ្វើមិនឃើញប្រជាពលរដ្ឋផងក៏មាន។ ចំណែកឯ មន្ត្រីដែលធ្វើការបែបបម្រើប្រជាពលរដ្ឋ គឺពេលប្រជាពលរដ្ឋទៅរកសេវាសាធារណៈ តែងតែនិយាយរកពួកគាត់មុន ដោយឥរិយាបទអោនលំទោនជានិច្ច។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក៏បានក្រើនរំលឹកថា បើចង់ធ្វើជាមន្ត្រីត្រូវរក្សាតម្លៃជាមន្ត្រី។ ពាក់ព័ន្ធនឹងការជ្រើសរើសកន្លែងបំពេញមុខងារ របស់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ (ជំនាន់ឧស្សាហកម្ម ៤.០) និងសិស្សមន្ត្រីក្រមការជំនាន់ទី៩ (ជំនាន់ ប្រក្រតីភាពថ្មី) លោកក៏បានផ្តាំផ្ញើថា អនាគតជាមន្ត្រីសាធារណៈ គឺធ្វើការងារនៅក្រសួង/ស្ថាប័នណាក៏មានតម្លៃដែរ ព្រោះតម្លៃស្ថិតនៅលើមនុស្សផ្ទាល់តែម្តង។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែផ្តល់អនុសាសន៍ថា «មន្ត្រីជាអ្នកបម្រើប្រជាពលរដ្ឋ»។

ចំពោះកន្លែងបំពេញមុខងាររបស់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ (ជំនាន់ឧស្សាហកម្ម ៤.០) និងសិស្សមន្ត្រីក្រមការជំនាន់ទី៩ (ជំនាន់ ប្រក្រតីភាពថ្មី) របស់សាលាភូមិន្ទរដ្ឋបាល គឺក្រសួង/ស្ថាប័ន ត្រូវការសិស្សមន្ត្រីជាន់ជំនាន់ទី១១ មានចំនួនសរុប ២៩៨នាក់ ច្រើនជាងសិស្សមន្ត្រីជាន់ខ្ពស់ ដែលត្រូវបែងចែក ដែលមានចំនួនត្រឹមតែ ៨០នាក់។ នេះបើតាមលោក យក់ ប៊ុនណា រដ្ឋលេខាប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល។

ឯកឧត្តមបន្ថែមថា ក្រសួង/ស្ថាប័ន ក៏បានស្នើសុំសិស្សមន្ត្រីក្រមការជំនាន់ទី៩ មានចំនួនសរុប ២៤៤នាក់ លើសចំនួនសិស្សមន្ត្រីក្រមការ ដែលត្រូវបែងចែក ដែលមានចំនួន ត្រឹមតែ ១០៣នាក់៕