អភិបាលខេត្តក្រចេះ ទទូចសុំប្រជាពលរដ្ឋ កុំមានចិត្តធុញទ្រាន់ចំពោះយុទ្ធនាការស្រោចវ៉ាក់សាំងរបស់រាជរដ្ឋាភិបាល បំណងតែមួយគត់គឺការពារការឆ្លងជំងឺកូវីដ រហូតដល់ធ្ងន់ធ្ងរ និងអាចស្លាប់


(ក្រចេះ)៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ នៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំខែកុម្ភៈ និងលើកទិសដៅអនុវត្តការងារបន្តប្រចាំខែមីនា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តក្រចេះ នាព្រឹកថ្ងៃទី២ មីនា ឆ្នាំ២0២២នេះ បានទទូចសុំចិត្តបងប្អូនប្រជាពលរដ្ឋ សូមកុំមានចិត្តធុញទ្រាន់ចំពោះយុទ្ធនាការស្រោចវ៉ាក់សាំងរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងដើម្បីពង្រឹងប្រព័ន្ធភាពសាំក្នុងការការពារកុំឲ្យឆ្លងជម្ងឺកូវីដ-១៩ធ្ងន់ធ្ងរ និងអាចឈានដល់បាត់បង់ អាយុជីវិតផងដែរ និងបានជំរុញលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋមកចូលរួមចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នាទៅតាមចំនួនដូសនីមួយៗ។

ក្នុងនោះដែរ ឯកឧត្តមក៏បានបន្តជំរុញដល់អភិបាលស្រុកទាំងអស់ ត្រូវសហការជាមួយមន្ទីររៀបចំដែនដី ចុះពិនិត្យក្តាប់សភាពការណ៍ និងដោះស្រាយបញ្ហាទំនាស់ដីធ្លីជូនប្រជាពលរដ្ឋឲ្យស្របតាមនីតិវិធីគោលនយោបាយរាជរដ្ឋាភិបាល ហើយអាជ្ញាធរមានសមត្ថកិច្ចត្រូវចុះពិនិត្យ និងតាមដានកំណត់មុខសញ្ញាបង្កចលាចលអសន្តិសុខ ជាពិសេសអសន្តិសុខនាពេលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាមុខនេះ។

ចំពោះបទល្មើសព្រៃឈើ ជលផល និងការកាប់ទន្រ្ទានព្រៃអភិរក្សគម្របព្រៃ មន្ទីរបរិស្ថាន ត្រូវបន្តពង្រឹងច្បាប់ឲ្យបានតឹងរឹងតាមដានត្រួតពិនិត្យ និងចាត់វិធានការច្បាប់ចំពោះអ្នកបំពានបង្ករទាំងនោះ និងត្រូវបន្តផ្សព្វផ្សាយ និងអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោក និងគ្រឿងញៀន ហើយត្រូវផ្សព្វផ្សាយជម្រុញឲ្យចូលរួមការចាក់វ៉ាក់សាំងជូនកុមារនិងមនុស្សពេញវ័យ ជាពិសេសដូសជំរុញ ក្នុងនោះអាជ្ញាធរមូលដ្ឋានត្រូវសហការជាមួយក្រុមគ្រូពេទ្យ ក្នុងការចុះប្រមូលស្រង់ស្ថិតិប្រជាពលរដ្ឋ និងកំណត់ថ្ងៃដើម្បីឲ្យក្រុមគ្រូពេទ្យ ចុះចាក់ជូនដើម្បីឲ្យយុទ្ធនាការស្រោចវ៉ាក់សាំងបានដល់គ្រប់មូលដ្ឋាន ដោយត្រូវធ្វើផែនការកំណត់ចុះចាក់នៅតាមទៅតាំងសាលារៀន និងមូលដ្ឋានដាច់ស្រាយ៉ាល៕