សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា ចង់ឃើញរុស្ស៉ី និងអ៊ុយក្រែន «ឈប់បាញ់នៅនឹងកន្លែង» ហើយបើកការចរចានឹងគ្នា


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានបំណងចង់ឃើញរុស្ស៉ី និងអ៊ុយក្រែន «ឈប់បាញ់នៅនឹងកន្លែង» ហើយបើកការចរចាគ្នាដើម្បីបញ្ចប់វិបត្តិ។ ការលើកឡើងនេះ បន្ថែមលើសេចក្តីថ្លែងការណ៍របស់ រដ្ឋមន្រ្តីការប្រទេសអាស៊ាន កាលពីសប្តាហ៍មុន ដែលអំពាវនាវឱ្យមានបទឈប់បាញ់នៅអ៊ុយក្រែន និងមានការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះស្ថានការណ៍ដែលកាន់តែធ្ងន់ធ្ងរ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នៅតែរក្សាការវាយតម្លៃស្ថានការណ៍របស់សម្តេច ដោយសម្តេចមិនជឿថា រុស្ស៉ី នងអាចយកឈ្នះលើកងទ័ពអ៊ុយក្រែនទាំងស្រុងនោះទេ ហើយក៏មិនជឿថា អ៊ុយក្រែននឹងសម្លាប់កងទ័ពរុស្ស៉ី ដែលកំពុងចូលលុកលុយនៅក្នុងប្រទេសអ៊ុយក្រែន បានទាំងអស់ដែរ។

សម្តេចតេជោ បានបញ្ជាក់ដូច្នេះថា៖ «អញ្ចឹងជម្រើសដែល ល្អជាងគេ គឺជម្រើសទាក់ទិនជាមួយនឹងការចរចា ដើម្បីចរចាបានត្រូវចាប់ផ្តើមពីបទឈប់បាញ់ ពិតហើយរុស្ស៉ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាទៅលើច្រករបៀងបទឈប់បាញ់ ប៉ុន្តែអនុវត្តបានត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ សម្រាប់ជម្លៀសប្រជាជន និងម្ហូបអាហារ»

សម្តេចបានបន្តថា៖ «អ្វីដែលបន្តតាមក្រោយនៃសេចក្តីថ្លែងការណ៍រដ្ឋមន្រ្តីការបរទេសអាស៊ាន យើងអំពាវនាវឱ្យមានការឈប់បាញ់ ហើយយ៉ាងហោចណាស់ បើមិនទាន់ធ្វើអ្វីបាន ឈប់បាញ់នៅនឹងកន្លែង ពាក្យដែលយើងបានប្រើនៅក្នុងសេចក្តីថ្លែងការណ៍របស់អាស៊ាន គឺប្រើត្រឹមតែពាក្យឈប់បាញ់ ប៉ុន្តែថ្ងៃនេះខ្ញុំចង់និយាយទៅដល់ពាក្យ ឈប់បាញ់នៅនឹងកន្លែង បានសេចក្តីថា កម្លាំងណានៅកន្លែងណាគឺនៅកន្លែងហ្នឹង ប៉ុន្តែផ្អាកបាញ់ ដើម្បីកា ត់បន្ថយនូវមហន្តរាយសម្រាប់ប្រជាពលរដ្ឋ រួចហើយចាប់ផ្តើមចរចា»

រហូតមកដល់ពេលនេះ សង្គ្រាមនៅអ៊ុយក្រែនដែលកើតឡើងដោយសារវាយលុយពីសំណាក់កងទ័ពរុស្ស៉ី បានអូសអន្លាយរយៈពេល ១១ថ្ងៃមកហើយ។ រុស្ស៉ីបានអះអាងថា ខ្លួនបានវាយដណ្តើមបានក្រុងធំៗមួយចំនួន នៅក្នុងប្រទេសអ៊ុយក្រែន និងបន្តរុលទ័ពទៅកាន់រដ្ឋធានីកៀវ ខណៈដែលអ៊ុយក្រែនបានរាយការណ៍ថា ទាហានរុស្ស៉ីមិនតិចជាង១ម៉ឺននាក់នោះទេ បានស្លាប់ដោយការតបតរបស់ទាហានអ៊ុយក្រែន។

រុស្ស៉ី និងអ៊ុយក្រែន បានបើកការចរចាគ្នាកម្រិតការបរទេស ២លើករួចមកហើយ ប៉ុន្តែពុំអាចបញ្ឈប់សង្គ្រាមនេះនៅឡើយ ខណៈដែល លោកប្រធានាធិបតីអ៊ុយក្រែន ស្នើឱ្យមានការចរចានៅកម្រិតកំពូល គឺការចរចារវាងលោក និងលោក វ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ី។

បើតាមសម្តេចតេជោ, ការចរចាដោះស្រាយបញ្ហានៅអ៊ុយក្រែន គឺត្រូវមានការចរចា២យ៉ាង ដោយទី១៖ គឺការចរចារុស្ស៉ី-អ៊ុយក្រែន និងមួយទៀតគឺការចរចារវាងរុស្ស៉ី និងណាតូ ពាក់ព័ន្ធនឹងសន្តិសុខរបស់រុស្ស៉ី។ សម្តេចលើកឡើងថា៖ «មានតែជម្រើសនេះមួយគត់ ដែលធ្វើឱ្យពិភពលោកធូរស្រាល ឥឡូវសូម្បីតែកូនក្មេងក៏ចេះយកចិត្តទុកដាក់រឿងរុស្ស៉ី និងអ៊ុយក្រែនវាយគ្នាដែរ»