សម្តេចតេជោ ហ៊ុន សែន រំលឹកប្រាប់ឯកអគ្គរដ្ឋទូតចិនថា ខេត្តត្បូងឃ្មុំជាទឹកដីស្លាកស្នាមដ៏ជូរចត់ក្នុងអតីតកាលរបស់កម្ពុជា


ផ្ដើមចេញពីជីវិតជាកូនកសិករមួយរូបនៅខេត្តកំពង់ចាម យុវវ័យក្នុងសម័យសង្គ្រាម អាពាហ៍ពិពាហ៍ក្នុងរបបប្រល័យពូជសាសន៍ និងការតស៊ូគ្រប់បែបយ៉ាងដើម្បីជាតិកម្ពុជា រហូតក្លាយជានាយករដ្ឋមន្ត្រីបិតាសន្តិភាព សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា អនុស្សាវរីយ៍ទាំងនេះគឺចាប់ផ្ដើមពីទឹកដីកំពង់ចាម-ត្បូងឃ្មុំនេះឯង។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២នេះ នៅលើទឹកដីខេត្តត្បូងឃ្មុំដែលបានបំបែកចេញពីខេត្តកំពង់ចាមនោះ សម្ដេចតេជោ ហ៊ុន សែន ក៏ប្រាប់រំលឹកប្រាប់លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នូវរឿងរ៉ាវជីវិតកំណើតកើតជាតាំងពីកុមារនិងយុវវ័យ ភាពជូរចត់វេទនាក្នុងសម័យសង្គ្រាម អនុស្សាវរីយ៍ជាមួយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងដើមទុនជីវិតដោះដូរយកសន្តិភាពជូនប្រទេសនិងប្រជាជនកម្ពុជាដូចសព្វថ្ងៃនេះ គឺសុទ្ធតែបានផ្ដើមចេញពីទឹកដីដ៏កម្សត់នេះ។

សម្ដេចតេជោបានថ្លែងទៅកាន់លោក វ៉ាង យ៉ាងដូច្នេះថា «ឯកឧត្តមឯកអគ្គរដ្ឋទូត! កន្លែងនេះហើយជាកន្លែងវេទនារបស់ខ្ញុំ (សំដៅលើខេត្តត្បូងឃ្មុំ) អ្វីក៏ដោយខ្ញុំចាប់ផ្ដើម ពីតំបន់ហ្នឹង ដែលតភ្ជាប់រវាងកំពង់ចាមជាមួយនឹងក្រចេះ ខ្ញុំចាប់ផ្ដើមពីទីនេះទាំងអស់»

សម្ដេចតេជោ ហ៊ុន សែន បានរំលឹកត្រួសៗនូវអតីតកាលថា កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៧០ សម្ដេចបានស្ម័គ្រចិត្តចូលព្រៃតាមការអំពាវនាវរបស់សម្ដេចព្រះនរោត្តម សីហនុ ដើម្បីតស៊ូប្រឆាំងនឹងពួកធ្វើរដ្ឋប្រហារ និងការឈ្លានពានរបស់បរទេស គឺនៅទីនេះ។ នៅពេលសម្ដេចតេជោរៀបការជាមួយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលពីសម័យខ្មែរក្រហមនោះ ក៏ធ្វើនៅទឹកដីនេះដែរ។

អនុស្សាវរីយ៍វេទនាមួយទៀត គឺនៅផ្សារសួង និងឃុំពោធិ៍ជើងខាល ខេត្តត្បូងឃ្មុំបច្ចុប្បន្ន ដែលពីមុននៅជាខេត្តកំពង់ចាម ដោយកាលណោះសម្ដេចបានចេញពីសមរភូមិ មកដល់ជិតផ្សារសួង, ខណៈពេលដែលសម្ដេចកំពុងទទួលទាននំបញ្ចុក ក៏ស្រាប់តែមានគ្រាប់ផ្លោង T-28 និងគ្រាប់បែកជាច្រើនគ្រាប់ទៀត ត្រូវគេទម្លាក់នៅក្បែរៗនោះ សម្ដេចក៏បានរត់ចេញពីផ្សារសួងធ្លាក់ដល់ពោធិ៍ជើងខាល។

តាមរយៈការរំលឹកនូវរឿងរ៉ាវទាំងនេះ ទឹកដីខេត្តត្បូងឃ្មុំ-កំពង់ចាមគឺបានកត់ត្រានូវអនុស្សាវរីយ៍ជាច្រើនរបស់យុទ្ធជនម្នាក់ ដែលបច្ចុប្បន្នកំពុងកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា ខណៈប្រជាជនចាត់ទុកជាបិតាសន្តិភាព និងដែលពិភពលោកទទួលស្គាល់ជាទូទៅនូវកិច្ចខិតខំដើម្បីសន្តិភាពកម្ពុជា។

រហូតមកដល់ពេលបច្ចុប្បន្ននេះ ទឹកដីខេត្តត្បូងឃ្មុំបានក្លាយជាទីជ័យភូមិមួយសម្រាប់ការរស់នៅប្រជាជន និងការអភិវឌ្ឍប្រទេសជាតិ តួយ៉ាងដូចជាសមិទ្ធផលមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិននេះជាដើម។ ទាំងនេះគឺជាផ្លែផ្កានៃសុខសន្តិភាព ដែលអតីតកូនកសិករមួយរូបបានយកជីវិតធ្វើជាដើមទុន ដើម្បីដណ្ដើមពីភ្នក់ភ្លើងសង្គ្រាមកាលពីអតីតកាលនោះហើយ៕